តុលាការសម្រេចឃុំខ្លួនមនុស្ស៥នាក់ជាប់ពាក់ព័ន្ធនឹងការឆេះផ្សារស្ទឹងត្រែង

(រូបថតពីហ្វេសប៊ុក)

សមត្ថកិច្ចអះអាងថាមនុស្ស៥នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការឆេះផ្សារស្ទឹងត្រែងបំផ្លាញតូបអាជីវករអស់ជាង១២០០តូប ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។

កាលពីយប់ថ្ងៃទី០៧ មេសា នេះមានហេតុការណ៍ឆេះផ្សារស្ទឹងត្រែង ដែលបណ្តាលឲ្យតូបនៅក្នុងផ្សារទាំងអស់១២២០តូបត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង ដែលការឆាបឆេះនេះត្រូវបានសមត្ថកិច្ចអះអាងថាមិនអាចគ្រប់គ្រងការពន្លត់បាន បើទោះបីជាមានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ក៏ដោយ។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៥នាក់ដែលក្នុងនោះមានជាងមាសម្នាក់ មេការផ្សារម្នាក់និងសន្តិសុខផ្សារចំនួន៣នាក់តាមការបញ្ជារបស់តុលាការ។

ស្នងការនគរបាលខេត្តស្ទឹងត្រែងលោក ម៉ៅ តារា បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាមនុស្សទាំង៥នាក់នោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនិងត្រូវបានតុលាការចោទប្រកាន់ពីបទធ្វេសប្រហែសធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តអ្នកដទៃនិងបានឃុំខ្លួនពួកគេបណ្តោះអាសន្នកាលពីថ្ងៃចន្ទ។ លោកបន្តថាបើតាមការសាកសួរសាក្សីនិងពិនិត្យមើលភស្តុតាង សមត្ថកិច្ចបានសន្និដ្ឋានថាជាងមាសនិងសន្តិសុខដែលយាមនៅផ្សារនោះ។

លោកស្នងការមានប្រសាសន៍ថា៖ “ដោយសារគាត់ធ្វើហើយប្រហែសជាមិនបានពន្លត់អី គឺអាចគាត់ផ្សារព្រោះអីជាងទង គាត់ផ្សារឬក៏គាត់ផ្លុំមាសផ្លុំអីទៅ អាចរងើកភ្លើងអាចជ្រុះទៅកន្លែងណាឬក៏នៅហ្នឹងតុដែលគាត់ធ្វើការហ្នឹង វាកាត់ៗទៅព្រោះវាមិនទាន់ភ្លាមទេ ព្រោះក្នុងកន្លែងជាងទងដឹងស្រាប់ហើយវាមានសាំងមានហ្គាសទៀតណា!”។ លោកបន្ថែមថា៖ “សន្តិសុខនេះបើសិនជាគាត់យកស្មារតីទទួលខុសត្រូវក្នុងការងារគាត់ ភ្លើងប្រហែសជាមិនឆេះទេដោយសារតែគាត់ធ្វេសប្រហែសនេះឯង។ គឺដំបូងខ្ញុំជឿថាវាមិនទាន់ឆេះផុលមកភ្លាមទេ! វាឆេះនៅក្នុងមានផ្សែងតិចតួចហើយប៉ុន្តែសន្តិសុខគាត់បិទទ្វារពីល្ងាចហើយ គាត់អត់មើលត្រួតពិនិត្យទេ គាត់នៅតែសម្ងំកន្លែងគាត់“។

ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់ពីតម្លៃនៃការខូចខាតបាននៅឡើយទេ ដោយសារតែពេលនេះកំពុងស្ថិតក្រោមការចុះស្រាវជ្រាវស្រង់ទិន្នន័យរបស់គណៈកម្មការស្រង់ស្ថតិនៃការខាតបង់របស់អាជីវករ។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីមន្រ្តីតុលាការខេត្តស្ទឹងត្រែងបាននៅឡើយទេ។

អ្នកស្រី ភិន ភារី អាយុ៥៤ឆ្នាំ ជាអាជីវករលក់ស្បែកជើងនិងកាបូបនៅផ្សារដែលឆេះនោះ អះអាងថាតូបរបស់អ្នកស្រីត្រូវបានឆេះទាំងស្រុង ហើយតាមការប៉ាន់ស្មានអស់តម្លៃប្រមាណ៣ម៉ឺនដុល្លារ។ អ្នកស្រីបន្តថាអ្នកស្រីមិនទាន់ដឹងពីមូលហេតុឆេះនោះទេ ប៉ុន្តែថាមិនអាចមកពីការឆ្លងចរន្តអគ្គិសនីនោះទេ ដោយសារផ្សារត្រូវបិទភ្លើងតាំងពីម៉ោង៦ល្ងាច។ ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថាកន្លងទៅ អាជ្ញាធរធ្លាប់បានស្នើឲ្យអាជីវកររើទៅលក់នៅផ្សារថ្មីពីរកន្លែងផ្សេងទៀត តែអាជីវករមិនព្រម។

អ្នកស្រីមានប្រសាសន៍ថា៖ “មិនដឹងពីមូលហេតុថាពិតប្រាកដ តែគ្រាន់តែដឹងថាមិនមែនមកពីទុស្សេខ្សែភ្លើងឬផ្ទុះហ្គាសទេដោយសារផ្សារហ្នឹង បិទម៉ោង៦ល្ងាចគេបិទទាំអស់ព្រោះគេមិនឱ្យមានភ្លើង ហើយឆេះនៅម៉ោង១០ អញ្ចឹងខ្ញុំច្បាស់ណាស់ថាមិនមែនមកពីទុស្សេខ្សែភ្លើងទេ។ កន្លងមកធ្លាប់ឲ្យពួកយើងរុះរើចេញតែអ្នកលក់ក្នុងផ្សារស្ទឹងត្រែងហ្នឹងមិនពេញចិត្ត ពួកអាជ្ញាធរធ្លាប់ឲ្យរើធ្វើសាថ្មីទេ ដោយសារតូបថ្មីថ្លៃពេកពួកអ្នកលក់មិនអាចជួលបាន អញ្ចឹងហើយចេះតែមានការមិនពេញចិត្តគ្នាទៅវិញទៅមក‍”

អ្នកស្រីបញ្ជាក់បន្ថែមថា៖ “ឥវ៉ាន់អីទើបយកចូល មិនទាន់ឲ្យលុយគេផង ឥឡូវឆេះអស់បាត់ហើយ។ ចង់ឲ្យអាជ្ញាធរជួយរកកន្លែងឲ្យលក់ឲ្យបានសមរម្យ ប្រហែលជាលក់នៅតាមសួនច្បារហ្នឹងសិនហើយ ព្រោះផ្សារថ្មីនោះស្ងាត់ណាស់”

កាលពីថ្ងៃទី១០ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងសាង់សង់ផ្សារជូនអាជីវករសម្រាប់លក់ដូរឡើងវិញ។ លោកមានប្រសាសន៍ថា៖ ឆេះផ្សារនៅខេត្តស្ទឹងត្រែង ខ្ញុំប៉ាវធ្វើផ្សារ យើងធ្វើរួចហើយអត់មានអ្នកវិនិយោគទៅយកលុយពីគាត់ទេ ធ្វើឲ្យគាត់លក់ដោយមិនមានការបង់ថ្លៃឈ្នួលឬក៏គិតថ្លៃតូបទេ សូមតែគាត់បង់ពន្ធ តាមច្បាប់របស់រដ្ឋ ប៉ុន្តែរឿងថ្លៃតូបដែលគាត់ធ្លាប់ជួល ឬថ្លៃតូបដែលគាត់ធ្លាប់ទិញ គឺអត់ត្រូវបង់លុយទេ ព្រោះលុយខ្ញុំជាអ្នកចេញ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ