តំណាងរាស្រ្ត​បក្សកាន់អំណាច​ទាំងអស់គាំទ្រ​ឲ្យ​តុលាការ​បន្តនីតិវិធីលើ​លោក អ៊ុំ សំអាន​

តំណាងរាស្រ្តគណបក្ស​កាន់អំណាច​លើកដៃបោះឆ្នោតកាលពីកន្លងទៅ

តំណាងរាស្រ្ត​​មកពី​គណបក្ស​ប្រជាជនកម្ពុជាដែល​មានវត្តមាន​នៅក្នុងកិច្ចប្រជុំពេញអង្គ ​នៅរសៀលថ្ងៃ​អង្គារនេះ​ បាន​សម្រេច​បោះឆ្នោតគាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​តំណាងរាស្រ្តបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ​ដែលត្រូវបានតុលាការ​បញ្ជូន​ទៅពន្ធនាគារ​នៅរសៀលថ្ងៃត្រង់នេះ។​

រដ្ឋសភា​បាន​បើ​ក​​កិច្ចប្រជុំសភាពេញអង្គមួយជាបន្ទាន់​ នៅម៉ោង​ជិត៤រសៀលនេះ​ ដើម្បី​​ពិភាក្សាករណី​តំណាងរាស្រ្ត​ លោក អ៊ុំ សំអាន។ តំណាងរាស្រ្ត​បក្ស​សង្រ្គោះជាតិ​មិ​នបានចូលរួម​កិច្ចប្រជុំនេះទេ​។​

ប្រធានរដ្ឋសភា លោក ហេង សំរិន ប្រកាស​ថា​តំណាងរាស្រ្ត​៦៣រូប​មក​ពីគណបក្ស​ប្រជាជនកម្ពុជា​ដែល​មាន​វត្តមាន​នៅក្នុងកិច្ចប្រជុំនេះ បានសម្រេច​បោះឆ្នោត​គាំទ្រ​ចំណាត់ការរបស់តុលាការប្រឆាំង​តំណាងរាស្រ្ត​បក្ស​ប្រឆាំង។​​

មុន​ពេល​កិច្ចប្រជុំពេញអង្គនេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថាលោក​នឹងបោះឆ្នោតគាំទ្រ​ឲ្យ​រដ្ឋសភា​អនុញ្ញាត​ឲ្យ​តុលាការ​បន្តនីតិវិធី​លើ លោក អ៊ុំ សំអាន ដោយ​លោក​ចាត់ទុក​ថា​តំណាងរាស្រ្តរូបនេះ​បាន​បង្ក​”​ការញុះញង់ធំណាស់ដែលបង្កមហន្តរាយ​ដល់ប្រទេស​ជាតិ”។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនយោធិនពិការក្នុង​ខេត្តសៀមរាប លោក ហ៊ុន សែន បានថ្លែង​ថាកិច្ចប្រជុំនេះ​​​មិនមែនពិភាក្សា​ពី​ការដកអភ័យ​ឯកសិទ្ធិរបស់​លោក អ៊ុំ សំអាន នោះទេ​ គឺពិភាក្សា​ថា​តើ​សមាជិកសភា​​គាំទ្រ​ឬ​មិនគាំទ្រ​ដំណើរ​ការនីតិវិធី​របស់តុលាការ​ប្រឆាំង​ លោក អ៊ុំ សំអាន។​

លោកមានប្រសាសន៍ថា៖ “ព្រោះអ្នក​ចាប់ គឺខាង​អាជ្ញាធរ​អ្នក​ចាប់ ប៉ុន្តែ​ត្រូវ​ដោះស្រាយក្នុងសភា។ ចាប់ដោយ​បទល្មើសជាក់ស្តែង​ អត់​មាន​ដកអភ័យ​ឯកសិទ្ធិទេ មានតែ​សួរ​សភាថា​ទៅមុខ​ទៀតឬ​អត់? ទៅមុខ​ឬ​ថយក្រោយ? បើចង់ថយក្រោយ ត្រូវរកសំឡេង​៣ភាគ៤។ ជំហររបស់ខ្ញុំ ខ្ញុំមិន​ដឹង​ថាសមាជិក​សភា​ដទៃ​ទៀត​យ៉ាងម៉េចទេ ជំហររបស់ខ្ញុំក្នុងឋានៈ​ជា​សមាជិកសភាម្នាក់ បោះឆ្នោត​ប្រឆាំង​នឹង​ការដករឿងក្តីនេះចេញ គឺឲ្យ​រឿងក្តីនេះទៅមុខ”។ លោកបញ្ជាក់ថា​ការបង្ហោះសារ​នៅ​លើបណ្តាញសង្គមហ្វេសប៊ុក​របស់​លោក អ៊ុំ សំអាន បង្ហាញថា​នេះ​ជា​បទល្មើសជាក់ស្តែង។ លោក ហ៊ុន សែន លោក ហ៊ុន សែន ក៏​​បានប្រកាស​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាននិយាយ​​ថា​រដ្ឋាភិបាល​ប្រើប្រាស់ផែនទីក្លែងក្លាយ​។

ក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃ​អង្គារនេះ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ លោក សុន ឆ័យ មាន​ប្រសា​សន៍ថា​​ប្រសិន​បើ​រដ្ឋសភា​សម្រេច​ថា​ការចាប់ខ្លួនតំណាងរាស្រ្ត​ស្រប​ច្បាប់​ វា​​នឹង​ធ្វើ​ឲ្យ​ខូចមុខមាត់របស់​​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ស្ថាប័ន​​រដ្ឋសភា។

លោក សុន ឆ័យ ក៏​បាន​លើកឡើង​ពីការបកស្រាយ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញពី​បទល្មើសជាក់ស្តែងនិងការដក​អភ័យ​ឯកសិទ្ធិ។ លោក​ចាត់ទុក​ថា​ការ​សម្តែង​មតិ​របស់​លោក អ៊ុំ សំអាន ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​និងជា​ការ​បញ្ចេញ​សកម្មភាព ទៅ​លើ​​បញ្ហាធំៗ​របស់ជាតិ រួមមាន​អំពើពុករលួយ បញ្ហា​រំលោភដីធ្លី​និង​បញ្ហា​បូរណភាពទឹកដីជាដើម។​ លោក​បន្ត​ថា​កម្ពុជា​មិន​ទាន់​មានស្ថាប័ន​ជាតិ​ណាមួយ​ដែល​អាច​បក​ស្រាយ​ពី​ពាក្យ​នៃ​បទល្មើសជាក់ស្តែង​ដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ។​

អង្គការ​សង្គមស៊ីវិល​​ជាង​១០​ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍មួយដោយ​​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​ ​លោក អ៊ុំ សំអាន ហើយពួកគេ​​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញនិង​បង្ហាញ​ពី​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ ព្រម​ទាំង​ការ​មិន​ទទួល​យក​នូវ​នយោបាយ​បែប​ពហុបក្ស​នៅ​កម្ពុជា​។

ដីកាបង្គាប់​ឲ្យ​ឃុំខ្លួន​ចេញផ្សាយនៅថ្ងៃអង្គារនេះ ចៅក្រមស៊ើប​សួរ​លោក តុប ឈុនហេង បានដាក់​លោក អ៊ុំ សំអាន ស្ថិត​នៅ​ក្រោម​ការពិនិត្យពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍(បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម)​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៥និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រ​ព្រឹត្ត​នៅ​រាជធានីភ្នំពេញ កាលពីអំឡុង​ឆ្នាំ​២០១៥និង​រហូតដល់ថ្ងៃទី​១០ខែមេសា ឆ្នាំ​២០១៦។ ជាមួយ​​បទ​ចោទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍ លោក​ អ៊ុំ សំអាន អាច​ជាប់ពន្ធនាគារពី​៦ខែទៅ​២ឆ្នាំ​និងពិន័យជាប្រាក់ពី​១លានរៀ​លទៅ៤លានរៀល។ ចំពោះ​បទល្មើស​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង លោក​អាច​ជាប់ពន្ធនាគារ​ពី​១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល៕ ដោយ កាន់ វិច្ឆិកា និង​ស៊ុន ណារិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ