លោក ហ៊ុន សែន ថា​​មិនគាំទ្រ​ឲ្យ​រដ្ឋសភា​បញ្ឈប់​នីតិវិធី​របស់​តុលាការ​ប្រឆាំង​លោក អ៊ុំ សំអាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ បានថ្លែង​ថាលោក​នឹងបោះឆ្នោតគាំទ្រ​ឲ្យ​រដ្ឋសភា​អនុញ្ញាត​តុលាការ​បន្តនីតិវិធី​លើតំណាង​បក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលត្រូវបានតុលាការ​បញ្ជូន​ទៅពន្ធនាគារ​នៅរសៀលថ្ងៃត្រង់នេះ។​

រដ្ឋសភា​នឹង​បើ​ក​​កិច្ចប្រជុំសភាពេញអង្គមួយជាបន្ទាន់​ នៅរសៀលម៉ោង​៤ថ្ងៃអង្គារនេះ ដោយ​នឹង​ពិភាក្សាពីករណី​តំណាងរាស្រ្ត​ លោក អ៊ុំ សំអាន។ តំណាងរាស្រ្ត​បក្ស​សង្រ្គោះជាតិ​ប្រកាស​មិ​នចូលរួម​កិច្ចប្រជុំនេះ។​

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនយោធិនពិការក្នុង​ខេត្តសៀមរាប លោក ហ៊ុន សែន បានថ្លែង​ថាលោក​បាន​ស្នើ​ឲ្យ​រដ្ឋសភា​ពន្យារពេល​ប្រជុំ​ដែលគ្រោងនៅ​ពេលព្រឹក មក​នៅរសៀលថ្ងៃអង្គារនេះ ដើម្បី​លោក​អាច​ចូលរួម​កិច្ចប្រជុំ​នេះ។ លោក​បញ្ជាក់ថា​កិច្ចប្រជុំនេះ​​​មិនមែនពិភាក្សា​ពី​ការដកអភ័យ​ឯកសិទ្ធិរបស់​លោក អ៊ុំ សំអាន នោះទេ​ គឺពិភាក្សា​ថា​តើ​សមាជិកសភា​​គាំទ្រ​ឬ​មិនគាំទ្រ​ដំណើរ​ការនីតិវិធី​របស់តុលាការ​ប្រឆាំង​ លោក អ៊ុំ សំអាន។​

លោកមានប្រសាសន៍ថា៖ “ព្រោះអ្នក​ចាប់ គឺខាង​អាជ្ញាធរ​អ្នក​ចាប់ ប៉ុន្តែ​ត្រូវ​ដោះស្រាយក្នុងសភា។ ចាប់ដោយ​បទល្មើសជាក់ស្តែង​ អត់​មាន​ដកអភ័យ​ឯកសិទ្ធិទេ មានតែ​សួរ​សភាថា​ទៅមុខ​ទៀតឬ​អត់? ទៅមុខ​ឬ​ថយក្រោយ? បើចង់ថយក្រោយ ត្រូវរកសំឡេង​៣ភាគ៤។ ជំហររបស់ខ្ញុំ ខ្ញុំមិន​ដឹង​ថាសមាជិក​សភា​ដទៃ​ទៀត​យ៉ាងម៉េចទេ ជំហររបស់ខ្ញុំក្នុងឋានៈ​ជា​សមាជិកសភាម្នាក់ បោះឆ្នោត​ប្រឆាំង​នឹង​ការដករឿងក្តីនេះចេញ គឺឲ្យ​រឿងក្តីនេះទៅមុខ”។ លោកបញ្ជាក់ថា​ការបង្ហោះសារ​នៅ​លើបណ្តាញសង្គមហ្វេសប៊ុក​របស់​លោក អ៊ុំ សំអាន បង្ហាញថា​នេះ​ជា​បទល្មើសជាក់ស្តែង។ លោក ហ៊ុន សែន ចាត់ទុក​ករណី​លោក អ៊ុំ សំអាន ជា“​ការញុះញង់ធំណាស់ដែលបង្កមហន្តរាយ​ដល់ប្រទេស​ជាតិ”

លោក ហ៊ុន សែន ក៏​​បានប្រកាស​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាននិយាយ​​ថា​រដ្ឋាភិបាល​ប្រើប្រាស់ផែនទីក្លែងក្លាយ​។ លោក​មានប្រសាសន៍ថា៖ “ម៉ោង​នេះហើយ​នៅ​មាន​ផែនទីក្លែង​ក្លាយ​និ​ងមិនក្លែងក្លាយ​។ ខ្ញុំសូម​ប្រកាស​ដាច់​ណាត់ អ្នកណានិយាយពីផែនទីក្លែងក្លាយ​ គឺ​ត្រូវចាប់ខ្លួនភ្លាម​ មិនថា​អ្នកហ្នឹង​ជាអ្នកណាទេ”

លោកនាយករដ្ឋមន្រ្តី​ឲ្យ​ដឹង​ទៀតថា​រដ្ឋាភិបាល​បានប្រើប្រាស់ផែនទី​ស្រប​តាម​រដ្ឋធម្មនុញ្ញនិង​ផែន​ទីតាម​សន្ធិសញ្ញា​បំពេញបន្ថែម​​ដែល​លោក​ថា​​ព្រះមហាក្សត្រ​បានឡាយព្រហស្តនិង​រដ្ឋ​សភា​បាន​ផ្តល់​សច្ចាប័ន​។  លោក​ក៏បាន​ព្រមានសង្គម​​ស៊ីវិលនិងអ្នកច្បាប់មួយ​ចំនួន​​ក្នុងការនិយាយ​រិះគន់រដ្ឋាភិបាល​រឿង​ការដកអភ័យ​​​ឯក​សិទ្ធិនេះ។​ លោក​បញ្ជាក់ថា៖ “សូមអ្នកសង្គមស៊ីវិលនិងពួកអ្នកនិយាយ​មើល​ឲ្យច្បាស់ រឿងចាប់​ខ្លួន​បទល្មើសជាក់ស្តែង​”

លោក​ ហ៊ុន សែន ឲ្យ​ដឹង​ទៀតថា​រដ្ឋាភិបាល​ធ្លាប់​បានផ្ទៀងផ្ទាត់ផែនទី​ជាមួយអង្គការ​សហប្រជាជាតិ​និង​ប្រទេស​​ម​ហាអំណាចផ្សេងៗ។

ក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃ​អង្គារនេះ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ លោក សុន ឆ័យ មាន​ប្រសា​សន៍ថា​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិមិនចូលរួម​បោះឆ្នោត​ក្នុងសភានោះទេ។ លោក​បញ្ជាក់ថា​ប្រសិន​បើ​រដ្ឋសភា​សម្រេច​ថា​ការចាប់ខ្លួនតំណាងរាស្រ្ត​ស្រប​ច្បាប់​ វា​​នឹង​ធ្វើ​ឲ្យ​ខូចមុខមាត់របស់​​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ស្ថាប័ន​​រដ្ឋសភា។

លោក សុន ឆ័យ ក៏​បាន​លើកឡើង​ពីការបកស្រាយ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញពី​បទល្មើសជាក់ស្តែងនិងការដក​អភ័យ​ឯកសិទ្ធិ។ លោក​ចាត់ទុក​ថា​ការ​សម្តែង​មតិ​របស់​លោក អ៊ុំ សំអាន ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​និងជា​ការ​បញ្ចេញ​សកម្មភាព ទៅ​លើ​​បញ្ហាធំៗ​របស់ជាតិ រួមមាន​អំពើពុករលួយ បញ្ហា​រំលោភដីធ្លី​និង​បញ្ហា​បូរណភាពទឹកដីជាដើម។​ លោក​បន្ត​ថា​កម្ពុជា​មិន​ទាន់​មានស្ថាប័ន​ជាតិ​ណាមួយ​ដែល​អាច​បក​ស្រាយ​ពី​ពាក្យ​នៃ​បទល្មើសជាក់ស្តែង​ដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​កាលពីថ្ងៃ​ចន្ទ​ថា​ការចាប់ខ្លួន​តំណាងរាស្រ្តបានលុះត្រាតែមាន​បទល្មើសជាក់ស្តែង។ លោក​បាន​ប្រៀបធៀបករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខហួរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់ឯក​សារ​ក្លែងក្លាយ ទាក់​ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។​ លោក​បញ្ជាក់​ថា៖ “អាហ្នឹង​វាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។​

ដីកាបង្គាប់​ឲ្យ​ឃុំខ្លួន​ចេញផ្សាយនៅថ្ងៃអង្គារនេះ ចៅក្រមស៊ើប​សួរ​លោក តុប ឈុនហេង បាន​ដាក់លោក អ៊ុំ សំអាន ស្ថិត​នៅ​ក្រោម​ការពិនិត្យពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍(បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម)​និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​តាម​មាត្រា​៤៩៥និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រ​ព្រឹត្ត​នៅ​រាជធានីភ្នំពេញ កាលពីអំឡុង​ឆ្នាំ​២០១៥និង​រហូតដល់ថ្ងៃទី​១០ខែមេសា ឆ្នាំ​២០១៦។ ជាមួយ​​បទ​ចោទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍ លោក​ អ៊ុំ សំអាន អាច​ជាប់ពន្ធនាគារពី​៦ខែទៅ​២ឆ្នាំ​និងពិន័យជាប្រាក់ពី​១លានរៀ​លទៅ៤លានរៀល។ ចំពោះ​បទល្មើស​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង លោក​អាច​ជាប់ពន្ធនាគារ​ពី​១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី២លានទៅ៦លានរៀល។​

លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែន ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រថ្ងៃអាទិត្យ ក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកបានចាកចេញពីប្រទេសអស់រយៈពេលជាង៧ខែ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីព្រឹកថ្ងៃអាទិត្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ