លោក ហ៊ុន សែន ព្រមាន​ជាថ្មី​ចាប់ខ្លួន​អ្នក​និយាយ​រឿង​ផែនទីក្លែង​ក្លាយ​ ក្រោយចាប់ខ្លួនតំណាងរាស្រ្ត​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ព្រមាន​សាជាថ្មី​​ចាប់ខ្លួន​មនុស្ស​ដែល​ហ៊ាន​ចេញ​មុខ​និយាយ​ថា​រដ្ឋាភិ​បាល​​ប្រើប្រាស់ផែនទីក្លែងក្លាយ។​

ការព្រមាន​របស់នាយករដ្ឋមន្រ្តី ចំពេល​ដែល​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន​និង​រិះគន់​រឿងប្រើប្រាស់ផែនទីក្លែង​ក្លាយ ត្រូវ​បាន​ចាប់ខ្លួន​កាលពីអធ្រាត្រ​ថ្ងៃ​អាទិត្យ​សប្តាហ៍មុន មិនដល់មួយថ្ងៃផង ពេលលោកត្រឡប់​ចូល​ប្រទេស​វិញ។​

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោកថារដ្ឋាភិបាល​នឹង​ចាប់ខ្លួន​បុគ្គល​ណា​ដែល​បន្ត​និយាយពី​បញ្ហាផែនទីក្លែង​ក្លាយ។ លោក​មានប្រសាសន៍ថា​៖ “សារមុនប្រជុំសភារសៀលនេះ មកដល់ម៉ោងនេះទៅហើយ នៅមានបុគ្គលមួយចំនួននិងសង្គមស៊ីវិលខ្លះបានបន្តនិយាយចោទប្រកាន់ថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ ទោះបីអ្នកណាក៏ដោយ បើបន្តនិយាយពីផែនទីក្លែងក្លាយគឺនឹងត្រូវចាប់ខ្លួន។ កុំអាងលើអភ័យឯកសិទ្ឋិ តែត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា”

ក្នុងសន្និសីទ​សារព័ត៌មាននៅព្រឹកថ្ងៃ​អង្គារនេះ តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក សុន ឆ័យ បាន​ថ្លែង​​ថាការ​លើក​ឡើង​របស់នាយក​រដ្ឋមន្រ្តី​ជារឿងមិនត្រឹមត្រូវ ដោយ​លោក​ថា​អ្វីៗជាការសម្រេច​របស់តុលាការ។​ លោក​បន្តថា​អ្វីដែលសំខាន់ថាតើ​ប្រជា​ពលរដ្ឋ​យល់ស្រប​នឹង​ការ​ប្រើប្រាស់ផែនទី​របស់រដ្ឋាភិបាល​ឬ​យ៉ាងណា។​

លោក សុន ឆ័យ បន្ត​ថា​គណបក្ស​សង្រ្គោះជាតិនឹង​បន្ត​វប្បធម៌សន្ទនា​​ជាមួយ​គណបក្ស​កាន់អំណាច​ តាមគោល​ការណ៍ច្បាប់​ ដោយ​​​មានជំនួយពីស្ថាប័នជាតិ​និងអន្តរជាតិ។ លោក​បន្តថា​គណបក្ស​នឹង​ស្វែង​រក​ការសម្របសម្រួល​នយោបាយ​ណាមួយជាមួយ​បក្ស​កាន់អំណាច ដោយ​លោក​ថាការចាប់ខ្លួន​តំណាងរាស្រ្ត​ជា​រឿង​នយោបាយ។​

លោក សុន ឆ័យ ក៏​បាន​រិះគន់​រដ្ឋសភា​ធ្វើការងារមិនច្បាស់លាស់​ ករណី​អភ័យឯកសិទ្ធិ​តំណាងរាស្រ្ត​។ លោក​ថា​រដ្ឋសភា​នឹង​ខូចឈ្មោះ ប្រសិន​​បើ​ចាត់ទុក​ករណីចាប់ខ្លួន​លោក អ៊ុំ សំអាន ស្រប​ទៅតាមច្បាប់​រដ្ឋធម្មនុញ្ញ។​ លោក​បន្ត​ថា​​គណបក្ស​នឹង​មិន​ចូល​រួមកិច្ចប្រជុំគណៈ​កម្មាធិការ​អចិន្រ្តៃយ៍​និង​កិច្ចប្រជុំ​សភាពេញអង្គ​ពិភាក្សា​​លើ​បញ្ហា​លោក អ៊ុំ សំអាន ដែល​គ្រោង​ធ្វើ​នៅថ្ងៃ​នេះ​នោះទេ​ ដោយ​លោកថា​ប្រសិន​បើ​ចូល​រួម​ប្រជុំ គឺ​បង្ហាញ​ថា​គណបក្ស​ចូលរួម​ធ្វើ​សកម្មភាព​មិនស្រប​ច្បាប់។​​​

លោក សុន ឆ័យ ក៏​បាន​លើកឡើង​ពីការបកស្រាយ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញពី​បទល្មើសជាក់ស្តែងនិងការដក​អភ័យ​ឯកសិទ្ធិ។ លោក​ចាត់ទុក​ថា​ការ​សម្តែង​មតិ​របស់​លោក អ៊ុំ សំអាន ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​និងជា​ការ​បញ្ចេញ​សកម្មភាព ទៅ​លើ​​បញ្ហាធំៗ​របស់ជាតិ រួមមាន​អំពើពុករលួយ បញ្ហា​រំលោភដីធ្លី​និង​បញ្ហា​បូរណភាពទឹកដីជាដើម។​ លោក​បន្ត​ថា​កម្ពុជា​មិន​ទាន់​មានស្ថាប័ន​ជាតិ​ណាមួយ​ដែល​អាច​បក​ស្រាយ​ពី​ពាក្យ​នៃ​បទល្មើសជាក់ស្តែង​ដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះទេ។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​កាលពីថ្ងៃ​ចន្ទ​ថា​ការចាប់ខ្លួន​តំណាងរាស្រ្តបានលុះត្រាតែមាន​បទល្មើសជាក់ស្តែង។ លោក​បាន​ប្រៀបធៀបករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់ឯក​សារ​ក្លែងក្លាយ ទាក់​ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។​ លោក​បញ្ជាក់​ថា៖ “អាហ្នឹង​វាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។​ លោក​បន្ថែម​ថា​អ្វីៗអាស្រ័យ​លើ​តុលាការ​។​

គួរបញ្ជាក់ថាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥ ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ