ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរខុស​ច្បាប់​អាច​មកកម្ពុជា និង​ចូល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​ក្រោយ​ចូលឆ្នាំ​

ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា អាជ្ញាធរ​​ថៃ​បាន​អនុញ្ញាត​ឲ្យ​ពលករខ្មែរ​​ និងអ្នករស់នៅក្នុងបន្ទុក​អាយុ​ក្រោម១៨ឆ្នាំ ដែលពុំទាន់មានឯកសារត្រឹមត្រូវ អាចធ្វើ​ដំណើរមក​ប្រទេសកម្ពុជា​ និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញបាន​ក្រោយ​ឱកាស​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដើម្បី​បន្ត​ធ្វើ​ការងារ​នៅ​កន្លែង​ដើម​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​នេះ ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា ពលករ-ពលការិនី អាចធ្វើដំណើរចេញពី​ប្រទេស​ថៃគិតចាប់ពីថ្ងៃទី​១១ ខែមេសា និងត្រូវ​វិលត្រឡប់ទៅ​កន្លែងការងារនៅថៃវិញ មិនឲ្យ​​ហួស​ពីថ្ងៃទី២០ ​ខែមេសា ឆ្នាំ ២០១៦ ដោយពុំ​តម្រូវឲ្យ​បង់ថ្លៃសេវាកម្មអ្វីទាំងអស់នៅច្រកព្រំដែន។

ក្រសួង​ការបរទេស​បន្ត​ថា ដើម្បីអាច​ធ្វើ​ដំណើរ​ចេញចូល​តាម​ការ​អនុញ្ញាត​នេះ​បាន ពលករ-ពលការិនី​ត្រូវ​មាន​កាន់ឯកសារច្បាប់ដើមមួយ​ចំនួន​ដូចជា​ ប័ណ្ណស្នាក់នៅបណ្ដោះអាសន្ន(ប័ណ្ណស៊ីជំពូ) ឯកសារធ្វើដំណើរផ្សេងៗមានជាអាទិ៍លិខិតឆ្លងដែន លិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារធ្វើដំណើររបស់ពលករនៅបរទេស។ ក្រសួង​​បញ្ជាក់​ផងដែរ​ថា ទោះបី​ឯកសារទាំង​នោះ​ផុតសុពលភាព ឬគ្មានទិដ្ឋាការក្តីក៏អាចប្រើបានទាំងអស់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​ការបរទេស​ឲ្យ​ដឹង​ដែរ​ថា កាលពីថ្ងៃទី១៥ ខែមីនា អាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន៣៥នាក់​​(ប្រុស​១៨នាក់ ស្រី១៧នាក់) នៅខេត្តឈុនបុរី នៅពេលដែលពួកគេ​បាន​ធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដោយពុំមានលិខិតធ្វើដំណើរ។

ក្រសួង​បន្ត​ថា​ ពលករទាំងនោះបានចូលទៅប្រទេសថៃធ្វើការដោយខុសច្បាប់ ហើយ​ក្រោយមកបានចុះឈ្មោះបម្រើ​ការជាពលកររបស់ក្រុមហ៊ុនសំណង់ថៃឈ្មោះ Nattaphorn Co., Ltd. ដែលយល់ព្រមរត់ការរៀបចំឯកសារអោយពួកគាត់បានក្លាយជាពលករស្របច្បាប់តាមប្រព័ន្ធMOU។ ក្រសួង​បន្ត​ថា ពួកគាត់ត្រូវបាននគរបាល​ថៃឃាត់ខ្លួន នៅពេលតំណាងក្រុមហ៊ុននេះនាំធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដើម្បីទទួល លិខិតឆ្លងដែន​ និងឯកសារចាំបាច់សំរាប់បំពេញបែបបទធ្វើជាពលករស្របច្បាប់នៅថៃ។

ទោះយ៉ាងណាក៏ដោយ ក្រសួង​បន្ថែមថា អាជ្ញាធរថៃបានយល់ព្រមដោះលែងពលករទាំង​៣៥​នាក់នេះ ក្រោយពីមានអន្តរាគមន៍របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​ថៃ ហើយ​ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន ដើម្បីឲ្យ​យពួកគាត់​ធ្វើដំណើរវិលត្រឡប់មកកម្ពុជាវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ