អ្នក​ភូមិ​៣៧​នាក់​ធ្លាក់​ខ្លួន​ឈឺ​ក្អួត​ចង្អោរ​ក្រោយ​បរិភោគ​ទឹក​ឆៅ​នៅ​បាត់ដំបង

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 4:26 PM | សន្ដិសុខសុខភាព | 0 | 2174

យ៉ាងហោចណាស់​មនុស្ស ៣៧​នាក់ នៅខេត្ត​បាត់ដំបង បាន​ធ្លាក់​ខ្លួន​ឈឺ និង​មាន​អការ​ក្អួត​ចង្អោរ​រាគរូស បន្ទាប់​ពី​​ពួកគេ​ទទួល​ទាន​ទឹក​គ្មាន​អនាម័យ ព្រម​ទាំង​ប្រឈម​នឹង​អាកាស​ធាតុ​ក្ដៅ​ខ្លាំង។ នេះបើយោងតាមវេបសាយនគរបាលជាតិ។

​វេបសាយ​នគរបាល​ជាតិ​បាន​ដក​ស្រង់​សម្ដីរបស់​អធិការ​នគរបាល​ស្រុក​បាណន់ លោក ប៉ាន់ វ៉ាន់នី មក​​ចុះ​ផ្សាយ​ថា ប្រជា​ពលរដ្ឋ៣៧​នាក់ ភាគ​ច្រើន​ជា​មនុស្ស​ស្រី និង​កូន​ក្មេង នៅ​ភូមិ​ក្រពើត្បូង ក្នុង​ឃុំ​ភ្នំសំពៅ ​ស្រុក​បាណន់ ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព បន្ទាប់​ពី​ពួកគេ​មាន​អការ​ក្អួត​ចង្អោរ និង​រាគ​រូស។

មន្ត្រី​នគរបាល​រូប​នេះ​ បន្ថែម​ថា ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​ធ្លាក់​ខ្លួន​ទៅ​មាន​អការៈ​បែប​នោះ បន្ទាប់​ពី​ពួកគេ​ទទួល​ទាន​ទឹក​ឆៅ​នៅ​ក្នុង​ពាង ខណៈ​ដែល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង។

ទោះជាយ៉ាងណា សមត្ថកិច្ច​បញ្ជាក់​ថា គ្រូ​ពេទ្យ​នៅ​មូលដ្ឋាន បាន​ត្រួត​ពិនិត្យ និង​បន្ត​ស្រាវជ្រាវ​រក​មូល​ហេតុ​បន្ថែម​ទៀត។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាលោក ស ម៉ូរ៉ា​ យល់ថា ករណីដែលពលរដ្ឋ​​ពុល​ទឹកនៅខេត្ត​បាត់ដំបង ដោយសារពួកគេភាគច្រើន ជាពិសេសនៅតំបន់ដាច់ស្រយាល​ មិនទទួលបានការអប់រំសុខភាព ពីអាជ្ញាធរមូលដ្ឋាន​។ លោក​ថា បើអាជ្ញាធរមូលដ្ឋាននៅតែមិនយកចិត្តទុកដាក់​អប់រំ ឬណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងពីការថែទំាសុខភាពទេ នោះសំឡេងឆ្នោតគណបក្សកាន់អំណាច​នឹងថយនៅអាណត្តិនេះ។ លោកនិយាយថា «សម័យឥឡូវនេះ គួរតែចាប់ផ្តើមក្នុង​ការប្រកួត​ប្រជែងក្នុងការធ្វើឲ្យបានប្រសារឡើង​​នូវសេវាកម្មពីស្ថាប័នរដ្ឋទៅដល់ប្រជាពលរដ្ឋ​ បើសិនជាស្ថាន​ភាពមិន​មាន​ការប្រែប្រួល មិនមានការផ្លាស់ប្តូរ ប្រាកដ​ហើយ​ ប្រជាពលរដ្ឋអាចគាត់​នឹងបោះឆ្នោតផ្លាស់ប្តូរជ្រើសរើសមេឃុំ ភូមិថ្មី ដើម្បីឲ្យ​ជួយ​ដល់​ពួកគាត់ បើសិនគាត់មិនធ្វើ​កិច្ចការងារល្អ​ប្រសើរ វានឹងប៉ះពាល់​ដល់​សំឡេងឆ្នោតគាត់[គណបក្សប្រជាជនកម្ពុជា​]»។

កាលពីពាក់កណ្តាល​ខែវិច្ឆិកា សិស្សសាលាឯកជនចំនួន១៤០នាក់ ក៏​មានអា​ការៈក្អួត​ចង្អោរ ចុកពោះ និងវិលមុខ​ជា​បន្ដប​ន្ទាប់ ក្រោយ​ពួកគេបរិភោគបង្អែម​នៅសាលាយីស៊ូគ្រឹះ​មួយ នៅស្រុកត្រពាំង​ប្រា​សាទ ខេត្ដឧត្ដរមានជ័យ។ ក្រោយមកទៀត នៅ​ចុង​ខែធ្នូ ឆ្នាំ២០១៦ ព្រះសង្ឃជាង១០អង្គ គង់នៅវត្ដស្រែល្អ ឃុំបាក់អន្លូង ស្រុ​ក​ត្រ​ពាំងប្រាសាទ បានឆាន់ភេសជ្ជៈតែគុជ និង​ស្កស​ ដែលអ្នក​ភូមិដឹក​លក់​តាមម៉ូតូ បណ្តាលឲ្យពុល​ ចុកពោះ និងក្អួតផង​ដែរ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required