កម្ពុ​ជា​ទទួល​លុយ​ពី​ចិនជាង​៤ពាន់​លាន​ដុល្លារអាមេរិក

លោក ជាំង ជៀងកៅ និងលោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​ថារហូត​មក​ដល់​ត្រឹម​ខែ​កុម្ភៈឆ្នាំ​២០១៧នេះ​ ប្រទេស​ចិន​បាន​​ផ្តល់​ជា​ជំនួ​យ​ទាំង​ឥតសំណង​ និង​មាន​សំណងដល់​កម្ពុជា​បាន​​ជាង​៤ពាន់​លាន​ដុល្លារហើយ​ សម្រាប់​​ការ​អភិ​វឌ្ឍ។​ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​​សារព័ត៌មា​ន​កម្ពុ​ជា AKP។

ថ្លែង​ក្នុង​ពិធីផ្សព្វផ្សាយ​សៀវ​ភៅស្តីពី​អភិបាលកិច្ច​នៅ​ប្រទេស​ចិន ដោយ​ប្រធានាធិបតី​ ស៊ី ជិនពីង នៅ​វិមាន​សន្តិភាព កាលពី​ម្សិល​មិញ​លោកនាយក​រដ្ឋ​មន្ត្រី​ប្រកាសថា​ ចិន​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ទាំង​ឥត​សំណង​ និង​មាន​សំណងដល់​កម្ពុជា​​ជាច្រើន​ដល់​ទៅ​ ៤២០០លានដុល្លារ​អាមេរិក ​​គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំនេះ ដោយ​ជំនួយទាំងនោះ​ទទួល​មក​សម្រាប់​អភិវឌ្ឍន៍​ទៅលើវិស័យហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល អប់រំ និង​សន្តិសុខសង្គមជាដើម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថាប្រាប់​វី​អូ​ឌី​​នាពេល​ថ្មី​ៗ​នេះថា កម្ចី​ពីប្រ​ទេសចិន មិនបាន​ដា​ក់​​​​​​លក្ខ​ណពីសិទ្ធិមនុស្សនិង​អភិ​​បា​ល​​​កិ​ច្ចទេ។ លោកថា ចិនគិតតែម្យ៉ា​ងគឺយកកា​រ​ប្រា​​ក់​ឲ្យ​​គ្រប់ ពីប្រទេសជាកូនបំណុលសម្រាប់ជាផល​ប្រយោជន៍​ប្រទេស​គេជា​ការស្រេច។

លោក យង់ គិមអេង ឲ្យដឹងទៀតថា ជំនួយបែបនេះ អាចក្លាយជាការដាក់​ទណ្ឌកម្ម​ដល់ពលរ​ដ្ឋក្រីទៅវិ​ញទេ​ បើរដ្ឋាភិបាលជាកូនបំណុលនោះ យកប្រាក់កម្ចីនោះ ទៅប្រើប្រាស់គ្មានតម្លាភាពឬក៏មាន​អំ​​ពើ​​ពុក​រលួ​​​យនោះ។

លោកថា៖ «ពិតមែនតែលុយកម្ចីគេគិតពីបញ្ហាសិទ្ធិមនុស្សជារួម គេអត់ចង់ឃើញ​ប្រាក់កម្ចីដែ​លយកពី​​ប្រទេស របស់គេហ្នឹង ទៅជាឧបករណ៍រំលោភសិទ្ធិមនុស្សទេបាទ។ អញ្ចឹង​បើធ្វើបែបហ្នឹង​វាធ្វើឲ្យ​អាប្រាក់​កម្ចី រប​​ស់​​គេហ្នឹ​ងវាក្លាយជាការដាក់ទណ្ឌកម្មវិញ វាមិនមែនជាការជួយបាទ»។

លោក យង់ គិមអេង ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានកសាងស្ពានថ្នល់ច្រើនមែន ប៉ុន្តែលោកថា ថ្នល់​ភាគច្រើនគ្មានគុណភាព ធ្វើមុខ ខូចក្រោយ ឬធ្វើហើយខូចវិញ ក្នុងរយៈពេលខ្លី។

ទំនាក់​ទំនង​កម្ពុជា​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថាមានភាព​ស្អិត​រមួតតាម​រយៈជំនួយ។ លោក ហ៊ុន​ សែន កាលពីសប្តាហ៍​មុន​បាន​ថ្លែង​ សរសើរ​ចិនថា​ឲ្យ​លុយដែល​ខ្ចីស្រួលចាត់ចែងតាមតម្រូវការរបស់​ខ្លួន​ទៀត​ផង ខណៈដែល​ជំនួយ​ដែល​ទទួល​ពី​លោក​សេរីមាន​អាមេរិក និង​សហភាព​អឺរ៉ុប ​មាន​ភ្ជាប់​លក្ខខណ្ឌសិទ្ធិ​មនុស្ស និងមាន​ការ​ត្រួត​ពិនិត្យ​ច្រើន ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្តទៅ​នឹង​លក្ខខណ្ឌ​ដែល​បាន​ភ្ជាប់​ទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ