លោក​ ហ៊ុន សែន ជូនពរ​ឆ្នាំ​ថ្មី​ដោយរំលឹក​ពី​​សមិទ្ធផល​ដែល​​កសាងពី​ឆ្នាំ​ចាស់

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ផ្ញើសារ​ជូនពរ​ប្រជា​ពល​រដ្ឋ​ខ្មែរក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​រំលឹក​ពី​សមិទ្ធ​ផល​នានា​ដែលសម្រេច​បាន​កាលពី​ឆ្នាំមុននិង​ការ​ប្តជ្ញាថា​នឹង​រក្សា​សន្តិភាព​ជូន​​ដល់​ប្រជាពល​រដ្ឋ​ ខណៈដែល​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រំលឹក​ពីការ​ផ្លាស់​ប្តូរដោយវិជ្ជមាន​។

ខណៈដែល​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរកាន់​តែ​ខិតជិត​ចូល​មក​ដល់​នោះ ប្រធាន​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន សែន បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា​ ដោយ​ភ្ជាប់​នូវ​សមិទ្ធ​ផល​ដែលរដ្ឋាភិបាល​ទទួល​បាន​កាលពី​​ឆ្នាំ​មុន ដោយ​​ប្តេជ្ញា​រក្សា​​សមិទ្ធិ​ផល​ទាំង​នោះ។

ក្នុងសារលិខិ​ត​ចំនួន​៦​សន្លឹក​របស់​លោក ​ហ៊ុន សែន ផ្ញើជូន​ជន​រួម​ជាតិ​ខ្មែរ លោកបានរំលឹក​ពី​សមិទ្ធ​ផលរបស់​លោក​ដែល​​​បាន​ធ្វើ​ការកាល​​ពី​ឆ្នាំ​កន្លង​ទៅ​មាន​ដូច​ជាកា​រតម្លើង​ប្រាក់​ខែ​ជូន​មន្រ្តីរាជការ និង​កម្មករ ការ​កសាង​ផ្លូវ ស្ពាន ការ​ពង្រឹ​ងសេដ្ឋកិច្ច ការ​រីក​លូត​លាស់​នៃ​អាគារ​ធំជាដើម ដែលលោក​ថា​សមិទ្ធិ​ផល​ទាំង​នេះ​គឺ​បាន​មក​ពី​ការ​ដឹក​នាំ​នយោបាយ​ដ៏​ត្រឹម​ត្រូវ​របស់​លោក។

ខណៈការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះលោក​ ហ៊ុន សែន ក៏​បានអំពាវនាវដល់​ពល​រដ្ឋ​ឲ្យ​ទៅ​បោះ​ឆ្នោត​​បាន​គ្រប់គ្នា​ផង​ដែរ។

ចំណែក ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានយកឱកាសនៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរនេះ ​ផ្ញើសារ​ជូនពរពល​រដ្ឋ​ខ្មែរទាំង​អស់​ឲ្យ​មាន​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មីនេះ ដោយលោក​បាន​បន្ថែមថា​ប្រជា​ពល​រដ្ឋ​ខ្មែរភាគ​ច្រើន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរជា​វិជ្ជមាននៅ​កម្ពុជា។

លោកថា៖ «ដូច្នេះ ខ្ញុំ​សុំអំពាវ​នាវ ដល់​អ្នក​ដឹក​នាំ​ និង​អ្ន​ក​នយោបាយ ខ្មែរ​ទាំង​អស់ ទោះ​បីជា​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ក៏​ដោយ សូម​ប្រកួត​គ្នាក្នុង​ការ​បោះឆ្នោតនាពេល​ខាង​មុខនេះ​ផ្តោត​ទៅលើ គោល​នយោបាយរៀង​ៗខ្លួន ដោយ​សន្តិវិធី ដើម្បី​កសាងអនាគត​មួយ​ដ៏ប្រសើរ​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាព​រដ្ឋ​ខ្មែរយើង»។

កា​របោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អា​ទិត្យ ទី០៤ ខែ​មិថុនា​ ឆ្នាំ​២០១៧ ។

បើ​តាម​បញ្ជី​ឈ្មោះ​ចុងក្រោយ​គឺ​​​ពល​រដ្ឋ​កម្ពុជាមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោតសរុប​ជាង៧​លាន​នាក់។

របាយការណ៍​ស្រាវជ្រាវថ្មីមួយ​របស់​សម្ព័ន្ធ​កំណែរ​ទម្រង់​នៃ​ការបោះឆ្នោត បាន​បង្ហាញ​ដែរថាបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នោះមាន​ភាព​ត្រឹមត្រូវ​ដល់​ទៅ៩៥% តែ​ប្រជាពល​រដ្ឋ​ខ្មែរជិត​ពាក់​កណ្តាលពុំ​បាន​ដឹង​ថា​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ណា​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ