ក្រសួងមហាផ្ទៃច្រានចោល​ពាក្យចចាមអារ៉ាមដែលថា ជួប សំលាប់ ហែកគុករត់

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​ព័ត៌មានចចាមអារ៉ាម ដែលថា បុរស អឿត អាង ហៅ ជួប សំលាប់ ដែលតុលាការកាត់ទោសពីបទ បាញ់សម្លាប់លោក កែម ឡី បាន​ហែក​គុករត់គេចខ្លួននោះ ថាជារឿង​ប្រឌិត​។

ការ​ច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីលេចព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក​បាន​ចែក​រំលែក​តៗគ្នាថា  «ស្មានមិនដល់ថា ជួប សំលាប់ ចេះហែកគុក»។

អគ្គនាយកនៃ អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃលោក ហេង ហាក់ បានប្រាប់VODនៅថ្ងៃពុធនេះថា  ជួប សំលាប់ មិនបានហែកគុករត់គេចខ្លួនដូច​អ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះ​ចែករំលែកតៗគ្នា​នោះ​ទេ ដោយលោកអះអាងថា​ ក្រសួងបានទាក់ទងទៅអ្នកគ្រប់គ្រងពន្ធនាគារព្រៃស គឺ ជួប សំលាប់ កំពុងនៅក្នុងពន្ធនាគារ​។

កាលពីចុងខែមីនា សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យបុរស អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារ អស់មួយជីវិត ដោយចោទថា បានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។​

ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ ជួប សំលាប់ តែងបានអះអាងថា ខ្លួនជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជាឬនៅពីក្រោយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ