របប​យោធា​ថៃ​ថា នឹង​មិន​លុប​ចោល​ការ​រឹត​ត្បិត​នយោបាយ​ឆាប់ៗ​នោះ​ឡើយ

នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​រឹត​ត្បិត​លើ​គណបក្ស​នយោបាយ​ថៃ នឹង​ត្រូវ​ដក​ចេញ ក្រោយ​ពី​ព្រះ​រាជ​ពិធី​បូជា​សព​អតីត​​ព្រះមហាក្សត្រ ដែល​នឹង​មិន​កើត​ឡើង​មុន​ចុង​ឆ្នាំ​នេះ​នោះ​ទេ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

គណបក្ស​នយោបាយ​នានា​នៅក្នុង​ប្រទេស​ថៃ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជួប​ជុំ​គ្នា ឬ​ក៏​ធ្វើ​យុទ្ធនាការ​នោះ​ឡើយ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០១៤​មក ប៉ុន្តែ រដ្ឋ​ធម្មនុញ្ញ​គាំ​ទ្រ​ដោយ​ពួក​យោធា ត្រូវ​បាន​ព្រះ​មហាក្សត្រ​ថៃ​ឡាយ​ព្រហស្ថ​លេខា កាល​ពី​សប្ដាហ៍​មុន ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

គណបក្ស​នយោបាយ​នានា​ក្នុង​ប្រទេសថៃ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​យោធា ឲ្យ​អនុញ្ញាត​ឲ្យ​ពួកគេ​ដំណើរការ​ដោយ​សេរី។

លោក ប្រាយុទ្ធ បាន​និយាយ​ថា ការ​រឹត​ត្បិត​នេះ នឹង​ត្រូវរក្សា​ទុក​បន្ត​រហូត​ក្រោយ​ពិធី​បូជា​សព​អតីត​ព្រះ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ នៅ​ខែ​តុលា​ខាង​មុខ និង​ការ​ឡើង​សោយ​រាជ្យ​សម្បត្តិ​របស់​ស្ដេច​ មហាវិជ្ជរ៉ា ឡុងកន។

ក្សត្រ​ ភូមិបុល បាន​សោយ​ទិវង្គត​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន បន្ទាប់​ពី​ទ្រង់​បាន​សោយរាជ្យ​សម្បត្តិ​អស់​រយៈ​ពេល ៧​ទសវត្សរ៍។

ចំណែក​ឯ​កាល​បរិច្ឆេទ​ជាក់​លាក់​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ នៅ​មិន​ទាន់​ត្រូវបាន​គេ​កំណត់​នៅ​ឡើយ​ទេ បើ​ទោះបី​ជា​របប​យោធា​ថៃ​បាន​សន្យារៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៧​នេះ​ក៏​ដោយ។ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ថ្មី ការ​បោះ​ឆ្នោត​អាចធ្វើ​ឡើង​នៅ​រយៈ​ពេល ១៩​ខែ​ក្រោយ។

គណបក្ស​ភឿថៃ​របស់​អតីត​នាយករដ្ឋ​មន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ត្រូវ​បាន​ពួក​យោធា​ទម្លាក់​ពី​អំណាច​កាល​ពី​ឆ្នាំ​២០១៤​នោះ បាន​និយាយ​ថា ការ​រឹត​ត្បិត​មួយ​ចំនួន គួរ​តែ​ត្រូវ​បាន​គេ​ដក​ចេញ។

ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​ចង់​ឲ្យ​រដ្ឋាភិបាល​យោធា​ដក​ចេញ​ការ​រឹត​ត្បិត​នេះ​ឲ្យ​បាន​ឆាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ