វិភាគ៖ អ្វីជាកត្តារារាំងដល់ការចេញច្បាប់គ្រប់គ្រងគ្រឿងស្រវឹង?

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 5:46 PM | បទវិភាគ | 0 | 1012

អ្នកតាមដានមួយចំនួន អះអាងថា ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង រដ្ឋាភិបាលបានតាក់​តែង​ឡើ​ង​តាំ​ងពីឆ្នាំ២០០៨ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់និងបង្កាហានីភ័យនានាក្នុ​ងសង្គម ដែល​អាច​​បង្ក​ឡើ​ង​​ពី​ឥទ្ធិពលនៃគ្រឿងស្រវឹងនេះ។

ប៉ុន្តែពួកគេថា ជិត១០ឆ្នាំមកនេះ ច្បាប់នេះនៅតែមិនទាន់​បញ្ជូនមកដល់ដៃរដ្ឋសភា ដើម្បីអនុម័តសម្រា​ប់ឲ្យ​ស្ថាប័ន​ជំ​នា​ញ យ​កទៅអប់រំអ្នកដែលចូលចិត្តសេពគ្រឿងស្រវឹង និងចាត់វិធានកា​រផ្លូវច្បាប់ ទប់ស្កាត់​ប​ញ្ហា​​នា​នា​ដែ​​ល​អា​ច​កើ​​ត​​​​មា​ន​ឡើងនៅក្នុងសង្គមនៅឡើយទេ។

ទាំង​​នេះជាច​ម្ងល់មួយ ត្រូវបានចោទសួរថា តើហេតុអ្វីបានច្បាប់នេះពិបាកចេញរួច ខណៈដែលស្ថា​ប័ន​ពា​ក់​​​​ព័​ន្ធមួ​យចំនួ​ន​​​រ​កឃើញថា គ្រឿងស្រវឹងជាមូលហេតុមួយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុង១ឆ្នាំៗ​។

បើទោះបីមកដល់ពេលនេះ មិនទាន់មានស្ថាប័នណា បង្ហាញរបាយការណ៍ស្រាវជ្រាវរកឃើញថា ក្នុងមួ​យថ្ងៃ ការចែកចាយគ្រឿងស្រវឹង នៅទូទាំងប្រទេស ក្នុងកម្រិតណា ហើយ បានប​ង្កផ​ល​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់កម្រិតណាក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា ពលរដ្ឋ នៅខេត្តក្រចេះ​ ខេត្ត​​ពោ​ធិ៍សាត់ ខេត្តកំ​ពង់​ឆ្នាំង ជាដើម ពួកគេមួយចំនួនបានស្លាប់ ដោយសារតែផឹកគ្រឿងស្រវឹង។

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យមពី៥​ទៅ៨​នា​ក់​ក្នុ​​​ងមួយថ្ងៃ។

ក្រសួងបញ្ជាក់ថា គ្រោះថ្នាក់ទាំងនោះ បង្កឡើងដោយ​អ្នកបើកបរក្រោមឥ​ទ្ធិព​ល​នៃ​​គ្រឿ​​​ង​​ស្រ​វឹង ជាប់លំដា​ប់​ថ្នាក់លេខ២។ចំនួនអ្នកស្លាប់នេះ បានហក់ឡើងខ្ពស់ អំឡុងបុណ្យជាតិធំៗម្តងៗ ដូចជាថ្ងៃភ្ជុំបិណ្ឌ បុ​ណ្យ​អុំទូក និងពិធី​ចូលឆ្នាំ​ជាដើម។

បើមើលពីអ្នកស្លាប់ប្រចាំឆាំ្នវិញ របាយការណ៍បរបស់ក្រសួងបញ្ជាក់ថា ឆ្នាំ២០១៦មានអ្នកស្លាប់​ដោយគ្រោះ​ថ្នា​ក់​ចរាចរណ៍មានជាង១ពាន់៧រ​យ​នា​ក់របួ​ស៦៦០៧នាក់ បើធៀបនឹងឆ្នាំ២០១៥ បានថ​យចុះ​តិច​តួ​ច។

​នេះមិនទាក់គិ​តពីអ្នកប៉ះ​ពាល់​ផ្នែ​​​ក​​​​សុ​​ខ​ភាព អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាផ្សេង​ៗដែលបង្ក​ឡើងដោ​យ​គ្រឿ​​​ងស្រវឹងនេះនៅឡើយទេ។

បើបញ្ហាជាច្រើនបានបង្កឡើង ពីឥទ្ធិពលនៃគ្រឿងស្រវឹងបែបនេះ តើមានកត្តាអ្វីខ្លះ រារាំងដល់ការ​ចេ​ញ​ច្បា​​ប់​គ្រប់​គ្រងគ្រឿងស្រវឹង?

នាយកប្រតិបត្តិសម័្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា មានកត្តាជាច្រើន​ដែ​ល​​រារាំ​ងដល់ការពន្លឿនឲ្យច្បាប់នេះចេញ។

លោក សន ជ័យ លើកឡើងថា កត្តាទី១ដោយសារតែអ្នកប្រើប្រាស់គ្រឿងស្រវឹងភាគច្រើន មិនទទួល​បា​នព័​​​ត៌​មាន​​លំ​អិ​តពីផលប៉ះពាល់ គួ​ប​ផ្សំ​នឹងការវាយលុកនៃ​ការផ្សា​យពាណិជ្ជកម្មផង ធ្វើឲ្យ​ត​ម្រូ​​វ​​ការក្នុ​ងស្រុក​កើនឡើ​​ង​ខ្លាំ​​​ង​។ លោកវិភាគថា តម្រូវការប្រើប្រាស់គ្រឿងស្រវឹងនោះ រាប់ចាប់ពីពិធីឡើង​ផ្ទះ ខួប​កំណើត អាពាហ៍​ពិពាហ៍​ បុ​​ណ្យ​​​ជាតិ​ធំ​ៗ រួមទាំ​ង​ពិ​ធីបុណ្យសពផងដែរ។

លោក សន ជ័យ វិភាគទៀតថា ទីផ្សារពេញនិយមបែបនេះ នឹងជំរុញឲ្យក្រុមហ៊ុនផលិ​តគ្រឿង​ស្រវឹង ត្រូ​វកា​​រ​​ប្រកួតប្រជែងគ្នាក្នុងភាពស្វិតស្វាញមួយ ដើម្បីដណ្តើមទីផ្សារ។​ លោកថាការប្រកួ​តប្រជែងបែ​បនេះពួ​ក​គេ ត្រូវការ ខ្នងបង្អែក ដ៏រឹងមាំពីអ្នកមានអំណាច ដើម្បីដណ្តើមបានទីផ្សារ។

លោក សន ជ័យ វិភាគទៀតថា បញ្ហានេះ ជាមូលហេតុធ្វើឲ្យច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ត្រូវជាប់​គាំង។

លោកថា៖ «រឿងយឺតយ៉ាវនៃការអនុម័តច្បាប់ គ្រប់គ្រងគ្រឿងស្រវឹងនេះ ទំនងជាមានពាក់ព័ន្ធ​នឹងទំ​នា​ស់ផល​ប្រយោជន៍របស់ក្រុមអ្នកមានអំណាច និងក្រុមដែលមាន​ខ្នងបង្អែកមួយចំ​នួនដែរ។ ពីព្រោះថា​នៅ​ក​ម្ពុជានេះ ការរកស៊ី ឬការប្រកបអាជីវកម្មគ្រឿងស្រវឹងនេះ ហាក់ដូចជាមានប្រជាប្រិយភាព និង​មានការគាំ​ទ្រច្រើន ជាមួយគ្នានោះដែរនៅស្រុកខ្មែរ គេហៅថា ឲ្យតែអំណាចគេអា​ចប្រើបានដើ​ម្បី​ប្រ​យោជ​​ន៍គឺគេប្រើហើយ»។

លោក សន ជ័យ វិភាគទៀតថា វប្បធម៌ខ្នងបង្អែកនេះ ក៏ជំរុញឲ្យការអ​នុវត្តច្បាប់​ចរាចរ​ណ៍ជើងគោក ស្តី​ពីការ​ទប់ស្កាត់អ្នកបើកប​រក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ក៏ធាក់ថយដែរ។លោកថា មន្ត្រីជំនាញខ្លះ មិនហ៊ា​ន​ដា​ក់ពង្រាយកម្លាំងត្រួតពិនិត្យជាតិអាល់កុល នៅជិតតំបន់គេផឹកស៊ីធំ ដែលលោកថាដូច​ជានៅ​ម៉ុ​ង​ឌីយ៉ា​ល់និ​ងតំបន់កោះពេជ្រជាដើម។

បើតា​មលោក សន ជ័យ បើការអនុវត្តច្បាប់ដែលមានស្រាប់គ្មានប្រសិទ្ធិភាព រួមទាំងការបន្តអូស​បន្លា​យចេ​ញ​​​ច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះ លោកថារដ្ឋាភិបាលមិនបានចូលរួមកាត់បន្ថយភាពក្រីក្រទេ ដោ​យថា​ឥ​ទ្ធិ​​​​​នៃគ្រឿងស្រវឹង នឹងនៅបង្ករផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ប៉ះពាល់ដល់ការរកចំណូ​ល​សេ​ដ្ឋកិ​ច្ច​គ្រួសារ បង្កហិង្សាក្នុងគ្រួសារ ការចាប់រំលោភ និងបង្ករផលប៉ះពាល់ដល់សន្តិសុខសង្គម ដូច​ជាអំ​ពើចោលួ​ច​ចោ​ប្លន់​ជាដើម។

លោកថា៖ «នៅក្នុងទ្រឹស្តីពន្ធ គេថាគេយកលុយពីអ្នកមានមកចិញ្ចឹង​អ្នកក្រ។ប៉ុន្តែសម្រាប់ករណី​គ្រឿងស្រវឹ​ង​នេះ ​ខ្ញុំសង្ស័យថានៅកម្ពុជា អ្នកក្រគាត់អាចជាប់ព​ន្ធច្រើនណាស់ព្រោះគាត់ផឹ​កគ្រឿងស្រ​វឹងច្រើ​ន»។

ច្បាប់ចរាចរណ៍ជើងគោកត្រង់ចំនុចមួយចែងថា «ជនណាបើកបរយា​នយន្តនៅពេល​ដែលខ្លួនស្ថិតក្នុ​ងភា​ព​​ស្រ​វឹង ដោយមានជាតិអាល់កុលចាប់ពី០.៤០មីលីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០.៨០ ក្រាម ក្នុ​ង​​មួយ​លីត្រឈានឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់៦ខែ និងពិន័យជា​ប្រាក់ពី៨ម៉ឺន ដ​ល់​​៤​​លា​នរៀល»។

ប្រធានមជ្ឈមណ្ឌប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើង​ប្រហាក់​ប្រហែ​លដែ​រថា ការជាប់គាំងនៃច្បាប់គ្រប់គ្រងគ្រឿងសស្រវឹងនេះ លោកថាវាអាចភាគី​ឧស្សាហក​ម្មគ្រឿ​ងស្រវឹ​ង​នោះ មានទំនាក់ទំនងស្និតជាមួយមន្ត្រីរដ្ឋាភិបាល និងថា គួបផ្សំនឹងឆ​ន្ទៈនយោបា​យបាយ​របស់​រដ្ឋា​ភិ​បាល​​ផង​ដែរ។

លោក​ យង់ គិមអេង លើកឡើងទៀតថា តាមការសិក្សាស្រាវជ្រាវ តំបន់ណាដែលមា​នពលរដ្ឋភាគច្រើ​នប្រើ​គ្រឿ​ងស្រ​វឹង​ លោកថាតំបន់នោះនឹងជំរុញឲ្យពលរដ្ឋមានជីវិភាពក្រីក្រ និងថាអ្នកដែលចូលចិត្តប្រើ​ប្រា​ស់​​​គ្រឿ​ងស្រ​វឹង អ្នកនោះនឹងក្លាយទៅជាអ្នកប្រើប្រាស់គ្រឿញៀន ពិសេសយុវជន។

លោកថា៖ «បើសង្គមមួយប្រើប្រាស់គ្រឿងស្រវឹងច្រើនហានិភ័យគឺក្រីក្រ បាទ រឿងសំខាន់។​ហើយ​អាកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្នឹងក៏វាមិនកើនឡើងបានឆាប់ដែរបាទ ។អញ្ចឹងដូចជានៅស្រុកថៃ គេរក​ឃើ​ញថា​នៅកន្លែងណាដែលមានពលរដ្ឋប្រើគ្រឿងស្រវឹងច្រើន អញ្ចឹងក​ម្រិតកំណើតប្រា​ក់ចំណូល​កើនឡើ​យយឺតនៅក្នុងខេត្តហ្នឹងបាទ»។

យ៉ាងនេះក្តី ក្រសួងព័ត៌មានធ្លាប់ចេញវិធា​នការទប់ស្កាត់ពីការផ្ស​ព្វផ្សាយពាណិជ្ជ​កម្មលើកទឹកចិត្ត​ឲ្យមា​​ន​កា​​​រ​ផឹ​កគ្រឿ​​ងស្រវឹងនេះដែរ ប៉ុន្តែក្រោយមកវិធានការនោះ ហាក់បានស្ងាត់ទៅ​វិញ។

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា តាមការចុះស្រាវជាវចំនួន៨ខេត្ត និង​បា​នសម្ពាសន៍ពលរដ្ឋជិត២ពាន់នាក់ អំឡុងឆ្នាំ២០១៦និងដើមឆ្នាំ២០១៧នេះ លោកថា មានពល​រដ្ឋជិ​ត៤​០ភាគរយ អះអាងថា ពួកគេកំពុងមានបញ្ហាសុខភាព ដោយសាសេពគ្រឿងស្រវឹងនេះ។

លោកថា៖ «រឿងសំខាន់រដ្ឋាភិបាលត្រូវតែចូលរួមទទួលខុសត្រូវ។ ហើយប្រសិនបើច្បាប់ចរាចរណ៍ ត្រូវ​បានអនុវត្តន៍ ប៉ុន្តែច្បាប់ស្តីពីការប្រើប្រាស់គ្រឿងស្រវឹងមិនត្រូវបានយកមកពិនិត្យឲ្យបានលឿនទេ ការស្រែក របស់​រដ្ឋាភិបាលគ្រាន់តែធ្វើឲ្យល្អមើលទេ។ ហើយពលរដ្ឋក៏គាត់នៅតែមានចម្ងល់ថា មានអ្នកណា​ខ្លះ​នៅជាប់​ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនស្រាបៀរនឹង ដែលធ្វើការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតែគឃ្លើន ទោះបីមាន​ការប្រកាសយ៉ាងម៉េចក៏ដោយ ក៏អត់មានថយ។ ហើយសំណូ​មពរដ៏ធំរបស់ពលរដ្ឋខ្មែរគឺឲ្យចាប់ផ្តើមពីការបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមប្រព័ន្ធ​ផ្សព្វផ្សា​យក៏ដោយ តាមរូបភាពណាក៏ដោយអាហ្នឹងជាការចាប់ផ្តើមដំបូងបំផុត»។

បើតាមអង្គការសង្គមស៊ីវិល ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង អាចចេញទៅរួច លុះណាតែរដ្ឋាភិបាលប្តេជ្ញា​ចិត្ត​ខ្ពស់​​ចង់បង្កើតច្បាប់នេះដើម្បីបម្រើប្រយោជន៍សាធារណៈ ហើយចាត់វិធានការឲ្យមានប្រសិទ្ធភាព កុំឲ្យមា​នម​​ន្ត្រីរ​បស់ខ្លួន ធ្វើជាខ្នងបង្អែក កាងនៅពីក្រោយឧស្សា​ហកម្មផលិតគ្រឿ​ងស្រវឹងនេះ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required