​ធនាគារ​ពិភព​លោក ព្រ​មាន​ជា​ថ្មី​ពីហានិភ័យ​ប៉ះពាល់​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​បោះ​ឆ្នោត​

​ធនាគារ​ពិភព​លោក បង្ហាញ​តាម​រយៈ​របាយការណ៍​ថ្មី​មួយ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​តែបន្ដរឹងមាំ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ព្រ​មាន​ផង​ដែរ​ពីភាព​មិន​ច្បាស់​លាស់​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​ថា អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នេះ។

​ក្នុង​របាយការណ៍​ថ្មី​មួយ​មាន​ចំណង​ជើង​ថា «បង្កើន​សក្តានុពល» ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ធនាគារ​ពិភព​លោក បាន​ព្យាករថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​រក្សា​បាន​ភាពរឹងមាំ​របស់​ខ្លួន​ជា​មួយ​សន្ទុះ ៦,៩ភាគរយ នៅ​ឆ្នាំ​២០១៨  បើ​ធៀប​នឹង​កំណើន​៦,៨ភាគរយ​កាលពី​ឆ្នាំ​មុន។

​ធនាគារ​ពិភព​លោក​គូសបញ្ជាក់​ថា ការ​នាំ​ចេញ​ផលិត​ផល​វាយ​នភណ្ឌ និង​សម្លៀកបំ​ពាក់ បាន​ថយល្បឿនពី​ចំនួន ៨,៤ភាគរយ នៅ​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម ៧,៧ភាគរយ​នៅ​ឆ្នាំ​មុន ហើយ​ការរក​ឃើញ​បែប​នេះ គឺស្រប​ពេល​សហគមន៍​អឺរ៉ុបនិង​អាមេរិក បាន​ព្រ​មាន​កាត់​ផ្ដាច់ប្រ​ព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា ជុំ​វិញ​ភាពចម្រូងចម្រាស់​នៃ​បញ្ហា​នយោបាយ​ក្រោយ​រំលាយ​បក្ស​ប្រឆាំង។

ដើម្បី​ទូទាត់ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​កាត់​ដេរ ធនាគារ​ពិភព​លោក​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ទាក់​ទាញការ​វិនិយោគ និង​កំណើន​ភ្ញៀវ​ទេសចរ​ចិន បង្កើន​ផលិត​ផល​កសិកម្ម វិស័យ​សំណង់ និង​អចលន​ទ្រព្យ ការ​ប្រមូល​ពន្ធ និង​ការ​កំណត់​ពិដានការប្រាក់​ត្រឹម ១៨ភាគរយ​ជាដើម។ បន្ថែម​លើ​នេះ រដ្ឋាភិបាល ក៏​បាន​ងាក​ទៅ​រកទី​ផ្សារ​ចិន ក្រោយ​រងការព្រ​មាន​ទណ្ឌកម្មពីសហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

​ប្រធាន​សេដ្ឋកិច្ច​វិទូ​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់​អា​ស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិច លោក ស៊ុឌៀ សេតទី មាន​ប្រសាសន៍ថា អត្រា​កំណើន ៦,៩ភាគរយ​នេះ គឺ​ធ្វើ​តាម​ការព្យាករណ៍ ដែល​អាច​កើត​ឡើង​នា​ពេល​អនាគត ប៉ុន្ដែ លោក​ព្រ​មាន​ថា បើសិន​បញ្ហា​នយោបាយ ឬ​ការ​បោះ​ឆ្នោត​ជួប​បញ្ហា​ណា​មួយ​នោះ វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កំណើន​សេដ្ឋកិច្ច​នេះ​ផង​ដែរ។

​លោក​ថា៖ «ក្នុង​ករណី​កម្ពុជា យើង​សន្និដ្ឋានថា ការ​បោះ​ឆ្នោត នឹង​កើត​ឡើង​តាម​ការ​គ្រោង​ទុក ដែល​គេ​នឹង​មិន​បង្កអស្ថិរភាព​ដល់​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​ក្លា​នោះ​ទេ។ ប៉ុន្ដែ និយាយ​ដូច​នេះ វា​ក៏​ប្រាកដជា​មាន​លទ្ធភាព ដែល​អាច​នឹង​មាន​អស្ថិរភាព​ជាក់​ស្ដែង កើត​ចេញ​ពីការ​បោះ​ឆ្នោត​នោះ​ទេ ហើយ​ជាការ​ពិត វា​នឹង​ប៉ះពាល់ទស្សនវិស័យ​សេដ្ឋកិច្ច ដូច​ដែល​អ្នក​លើក​ឡើង គឺ​តាម​រយៈ​ការ​វិនិយោគ»

​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ង៉ែត ជូ យល់​ថា នេះ​ជាសញ្ញាអវិជ្ជ​មាន​មួយ ដែល​កើត​ចេញ​ពីការទាស់ទែងខ្វែង​គំនិត​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​នៅ​មុន​ការ​បោះ​ឆ្នោត។ លោក​បន្ដថា កម្ពុជា មិន​អាចឱប​ជើង​ប្រទេស​កុម្មុយនីស្ដ​ចិន ហើយ​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​បណ្ដា​ប្រទេស​លោក​សេរី​បាន​ទេ។

​លោក​ថា ចង់ ឬ​មិន​ចង់ អ្នក​នយោបាយ​ខ្មែរ ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​សមស្រប​មួយ ដើម្បី​បញ្ចៀសហានិភ័យ​ទាំង​អស់​នោះ។

​លោក​ថា៖ «សញ្ញា​នេះ ជាសញ្ញា​មិន​សូវ​ល្អ​មួយ ប៉ុន្ដែ បើសិនណាការ​អនុវត្ត​ការ​កាត់​បន្ថយ ឬ​ការអនុ​គ្រោះ​ពន្ធឈប់​មាន គឺអាហ្នឹង ឈាន​ដល់​ចំណុច​ហានិភ័យ​ខ្លាំង​មែន​ទែន។ កុំ​គិត​ថា នាំ​ទៅ​ប្រទេស​ណា​ផ្សេង ពី​ព្រោះ​ថា ចិន​ដែល​គាត់​មក​ផលិត​នៅ​កម្ពុជា ក៏​ដើម្បី​នាំ​ទៅ​សហគមន​អឺរ៉ុប […] យើង​ពិបាក​នឹង​ប៉ាន់ស្មាន អាស្រ័យលើតួអង្គ​ពីរ ដែល​ជា​អ្នក គាត់​ថ្លឹង​ថ្លែង​ស្ថានភាព​ទាំង​ពីរ​ហ្នឹង តួអង្គ​រដ្ឋាភិបាល ទាក់​ទងជា​មួយ​នឹង​សម្ពាធ និង​ភាពបត់បែន រៀបចំ​ឲ្យ​មាន​ស្ថានភាព​នយោបាយ ប្រសើរ​ឡើង​វិញ​យ៉ាង​ម៉េច»។

​ប្រធាន​ក្រុមអ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង លោក ហង្ស វិទូ វិភាគថា បើសិនការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ខាង​មុខ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ទេ​នោះ កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា ការ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត អស្ថិរភាព​ជាតិ និង​អសន្ដិសុខ​សង្គម​ជាដើម។ លោក​យល់​ថា កត្ដា​ទាំង​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នា។

​លោក​ថា៖ «អ្វី​ដែល​សំខាន់ ដែល​អាចបះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា គឺវា​ទាក់​ទង​នឹង​រឿង​នយោបាយ​តែម្ដង នៅ​ពេល​ដែល​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​បោះ​ឆ្នោត មិន​ត្រូវ​បាន​ដោះ​ស្រាយ វាអាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ទោះ​ពីជា​សេដ្ឋកិច្ច ៦,៩ភាគរយ ក៏​ដោយ ប៉ុន្ដែ វាអាច​នឹង​ថយ​ចុះ​មែន បើសិនបើ​មាន​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ សេរី និង​យុត្ដិធម៌ វា​មិន​មាន​ការ​តវ៉ា​ប្រឆាំង ឬ​មួយ​ការ​មិន​ទទួល​ស្គាល់​អំពី​ការ​បោះ​ឆ្នោត វា​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ»។

​ទោះ​បី​កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករថា បន្ដភាពរឹងមាំ​របស់​ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្ដែ ចំពោះ​បញ្ហា​នយោបាយ និង​សិទ្ធិ​មនុស្ស​វិញ ត្រូវ​បាន​ប្រទេស​លោក​សេរី វាយ​តម្លៃ​ថា កំពុង​ធ្លាក់​ចុះ និង​ពោរ​ពេញ​ដោយ​រិតត្បិត។

សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជា​ប្រទេស​នាំ​មុខ​គេ ដែល​បាន​ព្រ​មាន​ដាក់​ទណ្ឌកម្មលើ​កម្ពុជា បើសិន​រដ្ឋាភិបាល​មិន​ស្ដាប្រជាធិបតេយ្យ​ឡើង​វិញ​ទេ​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ