អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានចាប់ឃុំខ្លួន អំពាវនាវទៅដៃគូប្រកួតដ៏ធំរបស់ខ្លួន ឲ្យរកដំណោះដោះស្រាយបញ្ហានយោបាយ ដោយអហិង្សា កុំយកខ្មែរគ្នាឯងជាសត្រូវ។
អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួននៅគេហេដ្ឋានរបស់លោក កាលពីដើមខែកញ្ញាឆ្នាំមុន ការចាប់ឃុំខ្លួននោះត្រូវមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថាលោកជាអ្នកបញ្ជាដោយចោទថា អតីតមេបក្សរូបនេះបានធ្វើទង្វើក្បត់ជាតិ។
លោក កឹម សុខា ឲ្យដឹងតាមសារជូនពរឆ្នាំថ្មីដែលបង្ហោះលើគេហទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃនេះ ឲ្យដឹងថា ឆ្នាំចាស់នេះ មានការធ្លាក់ចុះយ៉ាងខ្លាំងនូវ គុណធម៌ជាហេតុបង្កឲ្យខ្មែរមានការឈឺចាប់ទាំងប្រជាពលរដ្ឋ និងអ្នកនយោបាយ។ លោកថា ការឈឺចាប់នេះ ធ្វើឲ្យអ្នកនយោបាយ ខ្វះការជឿទុកចិត្តគ្នា ដែលនាំមានការបែកបាក់ជាតិ ដោយសារតែគ្មានការអត់ឱន និងការអធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក កឹម សុខា អំពាវនាវទៅដៃគូប្រកួតរបស់ខ្លួនថា ឆ្នាំថ្មីនេះ លោកចង់ឲ្យខ្មែរគ្រប់ភាគីនឹងលុបជម្រះឲ្យអស់នូវអពមង្គល ការគុំកួន និងអំពើបាបក្នុងឆ្នាំចាស់ ហើយវិលទៅរកការដោះស្រាយដោយសន្តិវិធី ដោយមិនយកខ្មែរណាធ្វើជាសត្រូវ។
សារលិខិតនោះសរសេរថា៖ «មុននឹងបញ្ចប់នេះ ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទផ្ទាល់ ខ្ញុំព្រះករុណា ខ្ញុំចង់ឃើញឆ្នាំថ្មីមួយដែលនាំមកនូវសេចក្ដីសុខ សេរីភាព និងសុភមង្គមដល់ខ្មែរគ្រប់ភាគីនិងលុបជម្រះឲ្យអស់នូវអពមង្គល ការគុំកួននិងអំពើបាប ក្នុងឆ្នាំចាស់។ សម្រាប់ខ្ញុំព្រះករុណា ខ្ញុំមិនមាននោះទេពាក្យថាសងសឹក ហើយក៏សូមអហោសិកម្មចំពោះទង្វើបាបទាំងឡាយដែល ត្រូវបានគេធ្វើមកលើខ្ញុំព្រះករុណាខ្ញុំ។ សូមឲ្យប្រខ្មែរអាចចាប់ផ្ដើមសារជាថ្មី ក្នុងការកសាងជាតិរួមគ្នាចាប់ពីឆ្នាំថ្មីនេះតទៅ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការអំពាវនាវនេះថា ជារឿងល្អ ប៉ុន្តែលោកថា គណបក្សប្រជាជនមិនអាចធ្វើការចចារជាមួយមានអ្នកទោសនោះទេ។
លោកថា៖ «ចង់បានការដោះស្រាយរវាងខ្មែរ និងខ្មែរដោយអហិង្សាហ្នឹង វាល្អហើយ បញ្ហាសំខាន់ដូចចិត្តខ្ញុំយល់ឃើញធ្វើ ម៉េចកុំឲ្យមានបញ្ហា កុំឲ្យមានបញ្ហាគឺកុំល្មើសច្បាប់តែល្មើសច្បាប់ ហើយដោះស្រាយអត់ចេញដែរ អ្នកល្មើសច្បាប់វាត្រូវជាប់បញ្ហា ជាប់ពិរុទ្ធភាពចំពោះមុខច្បាប់ ហើយទៅដោះស្រាយទៅនឹងការចរចាគ្នាម៉េចកើត អត់ទៅរួច កាលណាខុសច្បាប់ វាត្រូវតែដោះស្រាយជាមួយច្បាប់អញ្ចឹង រកការចចារគ្នាមិនកើតអញ្ចឹង វាខ្វះត្រង់ហ្នឹង»។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវពីអភិវឌ្ឍន៍សង្គមលោក មាស នី ជំរុញរដ្ឋាភិបាលគួរតែធ្វើការពិចារណាឡើងវិញ ក្នុងការចរចាជាមួយភាគីម្ខាងទៀត ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ។ លោករំឭកថា អ្នកនយោបាយទាំងអស់ត្រូវដឹកថា ពួកគាត់ទាំងអស់គ្នាបាននាំប្រទេសខ្មែរចូលក្នុងស្ថានភាព បង្កឲ្យមានការលាបពណ៌គ្នាតាំងពីលើដល់ក្រោម ។ លោកថា នេះជាវិបត្តិ ដែលធ្វើឲ្យសង្គមមួយនេះខ្វះការទុកចិត្តគ្នាទំនាស់ផ្ទៃក្នុងកាន់តែរីកធំៗឡើង៕