សេដ្ឋ​វិទូ​ ADB ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើន​ឡើង​៧% ខណៈ​ព្រមាន​ពី​បញ្ហា​ប្រឈម

ដោយ លោក ស៊ុន សុខេន​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:36 PM | សេដ្ឋកិច្ច | 0 | 1004

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បាន​ព្យាករ​ថា សេដ្ចកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ក្នុង​កម្រិត ៧​ភាគរយ​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ប៉ុន្តែ ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​បញ្ហា​ប្រឈម​នានា​ដែល​អាច​បំផ្លាញ​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ចេញ​របាយការណ៍​ទស្សន​វិស័យអភិវឌ្ឍន៍​អាស៊ី​ឆ្នាំ​២០១៨ ក្នុង​នោះ​ក៏​បាន​លើក​ឡើង​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

ធនាគារ​នេះ​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ក្នុង​កម្រិត ៧​ភាគរយ​នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ដែល​ជំរុញ​ដោយ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​​រឹង​មាំ។

សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា លោក Jan Hansen បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដ៏​រឹង​មាំ​នេះ គាំ​ទ្រ​ដោយ​កំណើន​នៃ​ការ​នាំ​ចេញ ព្រម​ទាំង​លំហូរ​វិនិយោគ​ពី​បរទេស​ដោយ​ផ្ទាល់ សកម្មភាព​ទេសចរណ៍ និង​តម្រូវការ​ក្នុង​ស្រុក។

ប៉ុន្តែ អ្នក​ជំនាញ​រូប​នេះ បានថ្លែង​ថា​៖ «កំណើន​ប្រាក់​ឈ្នួល​របស់​កម្មករ ភាព​លំបាក​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ការ​ប្រកួត​ប្រជែង​កាន់​តែង​ខ្លាំង​ក្លា អាច​បំផ្លាញ​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ»

បើ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដដែល​នេះ ទំហំ​ផលិតកម្ម​ឧស្សាហកម្ម​កម្ពុជា ទំនង​ជា​បន្ត​កើន​ឡើង​ក្នុង​កម្រិត ៩.៦​ភាគរយ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ខណៈ​ដែល​​មាន​កំណើន​ខ្លាំង​ក្លា​ក្នុង​ឧស្សាហកម្ម​ថ្មីៗ ដូចជា គ្រឿង​បរិក្ខា​អគ្គិសនី គ្រឿង​បង្គុំ​យាន​យន្ត ទោចក្រ​យាន ស្រូវ និង​កៅស៊ូ។

ជាមួយ​គ្នា​នេះ​ដែរ ADB បាន​ព្យាករ​ថា វិស័យ​សេវាកម្ម​ក៏​នឹង​នៅ​រក្សា​កំណើន​បាន ៧​ភាគរយ​ដដែល​នៅ​ឆ្នាំ​នេះ តាម​រយៈ​កំណើន​រឹង​មាំ​នៃ​លំហូរ​ភ្ញៀវ​ទេសចរ ប៉ុន្តែ​ថា វិស័យ​កសិកម្ម​ប្រទេស​នេះ នៅ​តែ​មាន​កំណើន​ត្រឹម​តែ ១.៨​ភាគរយ​ប៉ុណ្ណោះ ដោយសារ​ស្ថានភាប​អាកាស​ធាតុ។

បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ និង​តាម​ពី​ដោយ​ប្រទេស​ភូមា និង​ឡាវ​ដែល​មាន​កំណើន​ ៦.៨​ភាគរយ​ដូច​គ្នា ខណៈ​ដែល​ប្រទេស​ថៃ ត្រូវ​បាន​ព្យាករ​ថា មាន​កំណើន​​ត្រឹម​តែ ៤​ភាគរយ​ប៉ុណ្ណោះ៕

សរសេរមកកាន់ លោក ស៊ុន សុខេន តាមរយៈ sunsokhen@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required