ខុមហ្វ្រែល​ច្រានចោលការ​ចុះផ្សាយ​ថា ស្ថាប័ននេះ​ប៉ុន​ប៉ង​​បំផ្លាញការបោះឆ្នោតនៅកម្ពុជា​

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សារព័ត៌មាន​ពីរ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ជុំ​វិញការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ សារព័ត៌មាន Fresh News និង​សារព័ត៌មាន Swift News បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​នូវ​អត្ថបទ​ចំនួន ៣ ដែល​សារព័ត៌មាន​ទាំង​ពីរ​​នេះ​ដាក់ថា អត្ថបទ​វិភាគ និង​​លិខិត​មិត្ត​អ្នក​អាន ដោយ​ពុំ​បាន​បញ្ចេញ​ប្រភព​ច្បាស់​លាស់​នោះ​ឡើយ។

ក្នុង​អត្ថបទ​ទាំង​នោះ Fresh News បាន​ចុះ​ផ្សាយ​ថា នាយក​ប្រតិបត្តិការ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា និង​ស្ថាប័ន​របស់​លោក កំពុង​បម្រើ​មហិច្ឆិតា​បរទេស និង​ថា ត្រៀម​បំផ្លាញ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​ចុះផ្សាយកាលពីម្សិលមិញ ខុមហ្វ្រែល​បាន​អះ​អាង​ថា ខ្លួន​នេះមិនមានជំហរ និងមិនមានសកម្មភាពដើម្បីបំផ្លាញការ​បោះឆ្នោតដោយសេរី និងយុត្តិធម៌ ដូច​ដែល​សារព័ត៌មាន Fresh News ចុះ​ផ្សាយ​នោះ​ឡើយ។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា ខុមហ្វ្រែល មិន​ដែល​មាន​បំណង​បំផ្លាញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ឡើយ ខណៈ​ដែល​លោក​ថា អង្គការ​មួយ​នេះ បាន​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោតរាប់​ចាប់​តាំង​ពី​សង្កេតការណ៍​ការបោះ​ឆ្នោត រហូត​ដល់​ការ​ផ្ដល់​យោបល់​សម្រាប់​កែប្រែ​ប្រកប​ដោយ​វិជ្ជមាន​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក។

លោកមានប្រសាសន៍ថា៖ «សកម្មភាពរបស់យើង គឺយើងមិនមាននិន្នាការទៅលើគណបក្សនយោបាយណាមួយទេ គឺយើងចង់បង្ហាញ ធ្វើយ៉ាងណាដើម្បីឲ្យស្មើភាពគ្នានៃការចូលរួម ហើយកិច្ចការងារទាំងអស់នេះ វាហាក់ដូចជាចំណុចមួយដែលយើងមើលឃើញថា មានការបំផ្លើសអំពីសកម្មភាព ឬក៏ទស្សនវិស័យរបស់ខុមហ្វ្រែល ហើយអ្វីដែលយើងចង់បាន​ពេលនេះថា យើងមិនមែនធ្វើ​សកម្មភាពមួយក្នុងការបំផ្លាញការបោះឆ្នោតទេ»

បើ​តាម​លោក សាវាង្ស ខុមហ្វ្រែល​នឹង​ប្រកាស​អំពី​ជំហរ​របស់​ខ្លួន​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ខាង​មុខ​ថា តើ​នឹង​សម្រេច​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ ឬ​យ៉ាង​ណា​នោះ។

នាយកប្រតិបត្តិរបស់សារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា មានប្រសាសន៍ថា ការលើកឡើងរបស់ខុមហ្វ្រែលក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ និងលោក កន សាវាង្ស ជាសិទ្ធិស្រាយបំភ្លឺរបស់ពួកគេ ប៉ុន្តែ លោកថា Fresh News នឹង​យកខ្លឹម​សារបំភ្លឺទាំងនោះ​​ផ្សព្វផ្សាយបន្ត​។

លោកមានប្រសាសន៍ថា៖ «យើងនិងចុះផ្សាយសេចក្តីបំភ្លឺរបស់គេវិញ​តែប៉ុណ្នឹង»

មិន​មែន​អង្គការ​ខុមហ្វ្រែល​តែ​មួយ​ទេ អង្គការ ANFREL ដែលមានមូលដ្ឋាននៅទីក្រុង​បាងកក ប្រទេសថៃ ក៏​បាន​អះ​អាង​​ផង​ដែរ​ថា សារព័ត៌មាន​​ទាំង​ពីរ​នេះ បាន​ចុះ​ផ្សាយ​ពុំ​ត្រឹម​ត្រូវ​នោះ​ឡើយ បន្ទាប់​ពី​ចុះ​ផ្សាយ​បែប​ចោទ​ប្រកាន់​ថា អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​តំបន់​អាស៊ី​មួយ​នេះ មាន​បំណង​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នោះ។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចម្រូង​ចម្រាស់ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គូ​ប្រជែង​ដ៏​ធំ​តែ​មួយ​គត់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ