បទយកការណ៍៖ ពលរដ្ឋមួយចំនួន​ប្តេជ្ញា​ចូលរួមឃ្លំាមើល​ដំណើរការបោះឆ្នោតនៅអាណត្តិក្រោយ​នេះ

កាលពីបោះឆ្នោតអាណត្តិទី៥ នៅក្នុងឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រ៥៥អាសនៈក្នុងចំណោម១២៣អាសនៈ ចំណែកគណបក្សប្រជាជនកម្ពុជាវិញ បានថយអាសនៈពី៩០មកត្រឹម៦៨វិញ ដោយបាត់បង់អស់២២អាសនៈ។

ចំណែក គណបក្សផ្សេងងៗទៀត ជាពិសេសគណបក្សហ្វ៊ុនស៊ិនប៉ិចដែលធ្លាប់ទទួលបានអាសនៈនៅក្នុងរដ្ឋសភា នោះ មិនទទួលបានអសនទៀតនោះទេ។

រីឯការថយអាសនៈរបស់គណបក្សប្រជាជន ដោយសារប្រជាពលរដ្ឋមួយចំនួនអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាលជាង៣០កន្លងទៅ។ ប៉ុន្តែគេសង្កេតឃើញថា នៅអាណត្តិទី៥នេះរដ្ឋាភិបាលធ្វើកំណែទម្រង់ជាច្រើននៅក្នុងស្ថាប័នសំខាន់ៗរបស់រដ្ឋ រួមទំាងរុះរើគណៈរដ្ឋមន្ត្រីទៀតផង។

បើយើងត្រឡប់ទៅមើលព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៣ឯណោះវិញ គឺនៅអំឡុង និងក្រោយការបោះឆ្នោត គេសង្កេតឃើញថា មានភាពមិនប្រក្រតីខ្លះ ជាពិសេសនៅក្នុងថ្ងៃបោះឆ្នោត។ ភាពមិនប្រក្រីតីនោះ រួមមានឈ្មោះស្ទួន បាត់ឈ្មោះ ខុសឈ្មោះ ឬថ្ងៃខែ ឆ្នាំ កំណើត ហើយអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺជនជាតិបរទេសដែលនិយាយភាសាខ្មែរមិនច្បាស់ឬមិនចេះ ក៏មានសិទ្ធិទៅបោះឆ្នោតដែរ។

ភាពមិនប្រក្រតីនេះ ធ្វើឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកគំាទ្រ ធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែក្រោយមកអាជ្ញាធររបស់រដ្ឋាភិបាល បានមានការចាប់ខ្លួនមន្ត្រីបក្សប្រឆំាងនិងអ្នកគំាទ្រ ដោយចោទពាក់ព័ន្ធអំពើហិង្សាក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ ដាក់ពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ននេះ។ បន្ទាប់មកប្រធានគណបកសង្គ្រោះជាតិលោក សម រង្ស៊ី ព្រមចូលប្រជុំសភា ។

អ្នកស្រី ទូច សុវណ្ណា អង្គុយលក់គ្រឿងទេស ដៃលក់ឲ្យអតិថិជនបណ្តើរនិយាយរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODបណ្តើរថា កាលពីអាណត្តិទី៥ អ្នកស្រីធ្លាប់ចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនៅមណ្ឌលវិទ្យាល័យបាក់ទូក។ គាត់សង្កេតឃើញមានក្រុមប្រជាពលរដ្ឋមួយក្រុមបាននាំគ្នារារំាងអ្នកទៅបោះឆ្នោត មិនឲ្យចូលទៅបោះឆ្នោតទេ ដែលពួកគេថា អ្នកនោះជាជនបរទេស៖”ពេលមានជនជាតិផ្សេងមកអញ្ចឹងទៅ មើលទៅនិយាយមិនសូវច្បាស់ ហើយដល់ពេលពួកយើងឃើញអញ្ចឹង ដូចថារបៀបឃាត់មិនឲ្យថាចូលទៅបោះឆ្នោត សុំមើលអ្នកមានអីខ្លះនៅក្នុងខ្លួន មានអត្តសញ្ញាណប័ណ្ណអត់ មានឯកសារគ្រប់គ្រាន់អត់ ដ៏គាត់នោះឯងឆ្លើយថា ខ្ញុំមានកាតគ្រីទិញម៉ូតូ ថ្ងៃហ្នឹងជ្រួលច្របល់បាក់ទូកផ្អើល ដល់ពេលរួចទៅខ្ញុំដឹងតែប៉ុណ្នឹង ប៉ុន្តែគ្រាន់តែថានៅពេលនោះ អ្នកនោះក៏អត់បានចូលទៅបោះដែរ”។

អង្គុយលើគ្រាក្រោមសំយ៉ាបមុខផ្ទះលោក ឡេង វឌ្ឍនៈ បានរៀបរាប់ប្រហាក់ប្រហែលនិងលោក អ្នកស្រី ទូច សុវណ្ណា ដែរថា គាត់បានចុះសង្កេតការណ៍នៅមណ្ឌមួយ ស្ថិតនៅក្នុងអនុវិទ្យាល័យស្ទឹងមានជ័យ ឃើញមានភាពមិនប្រក្រតីច្រើននៅអំឡុងពេលបោះឆ្នោតផងដែរ។ ប៉ុន្តែលោកថា នៅគ្រានោះមិនឃើញមានអាជ្ញាធរជួយអន្តរាគមន៍នោះទេ ទើបប្រជាពលរដ្ឋចុះឃ្លាំមើលដោយខ្លួនឯង៖”គាត់លែងទុកចិត្តអាជ្ញធរ រដ្ឋអំណាច ដ៏អញ្ចឹងគាត់ក៏ខ្លួនគាត់ ធ្វើរដ្ឋអំណាចមើលការខុស មើលការត្រូវតាមដានសន្លឹកឆ្នោតក៏ខ្លួនគាត់ដែរ ដោយសារអី ដោយសារលែងទុកចិត្តនរណាក្រៅពីខ្លួនឯងហើយ ដើម្បីអី គឺដើម្បីឲ្យបានយុត្តិធម៌និងសន្តិភាព”។

លោក យ៉យ សារ៉ុម ដែលបោះឆ្នោតនៅមណ្ឌលវិទ្យាល័យពោធិ៍ចិនតុង រាជធានីភ្នំពេញឲ្យដឹងថា នៅក្នុងថ្ងៃបោះឆ្នោតមានអ្នកខ្លះ មិនមានឯកសារគ្រប់គ្រាន់ ឬខុសថ្ងៃ ខែ ឬឆ្នាំ កំណើតជាដើម ប៉ុន្តែលោកថា អ្នកខ្លះតវ៉ាត្រូវបានមន្ត្រីនៅមណ្ឌលនោះយល់ព្រមឲ្យបោះ។ យ៉ាងណាក៏ដោយលោកថា នៅក្នុងមណ្ឌលនោះ ពេលរាប់សន្លឹកឆ្នោត គឺរាប់បានតែពាក់កណ្តាលត្រូវបានអាជ្ញាធរបិទការិយាល័យមិនឲ្យប្រជាពលរដ្ឋដឹងពីលទ្ធផលភ្លាមៗនោះទេ៖”ខាងមណ្ឌលខ្ញុំពេលដែលបោះហើយ នៅពេលរាប់សន្លឹកឆ្នោត គេរាប់បានតែពាក់កណ្តាលគេបិទចោលទៅ ខ្ញុំវាមិនអស់ចិត្តខ្លួនឯង ខ្ញុំប្រជាពលរដ្ឋម្នាក់ដែរ ខ្ញុំមិនអស់ចិត្តត្រង់ថារាប់ៗហើយស្រាប់តែបិទចោល ប្រកាសលទ្ធផលផ្សេង”។

ដោយឡែក លោក ឡេង បុណ្យ ដែលមកប្រកបមុខរបរនៅរាជធានីភ្នំពេញបានឲ្យដឹងថា គាត់បោះឆ្នោតនៅឧត្តុង្គ ខេត្តកណ្តាល។ ប៉ុន្តែគាត់មិនបានចូលរួមសង្កេតការណ៍បោះឆ្នោតទេ ដោយលោកថា នៅថ្ងៃនោះ គាត់ប្រញាប់ត្រឡប់មកផ្ទះវិញ ដើម្បីរកប្រាក់ទ្រទ្រង់គ្រួសារ៖ “ប្រញាប់មក ថាយើងមានការងារ   ផ្សេងៗនៅផ្ទះ ឬមួយក៏របររកស៊ីយើងប្រញាប់មកកន្លែងផ្ទះវិញ ដើម្បីការងារយើងរកស៊ី មានពេលវេលាឯណាតាមដានមើលគេ”។

វ័យជាង៣០ឆ្នាំ លោក ហេង ធុល បានរៀបរាប់ប្រាប់VODថា លោកសង្ឃឹមថា ការបោះឆ្នោតជ្រើសរើសរដ្ឋា   ភិបាលនៅអាណត្តិក្រោយនេះ នឹងប្រសើជាងអាណត្តិមុន ដោយលោកថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោត គជប ថ្មី ប្រើតាមបច្ចេកវិទ្យាថ្មី មើលទៅទំនងជាល្អ ជាងប្រព័ន្ធចាស់។ លោកថា បើទោះជាគាត់ជាប់រវល់ក៏ដោយ ក៏លោកប្តេជ្ញាថា នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនៅឆ្នាំ២០១៨នោះដែរ ដើម្បីចង់ដឹងថា ការបោះឆ្នោតអាណត្តិក្រោយនេះមានសេរី និងយុត្តិធម៌ដែរឬយ៉ាងណា៖”ខ្ញុំព្យាមចាំនិងឃ្លាំមើលចូលរួមក្នុងការបោះឆ្នោត [អាណត្តិទី៦] ចង់ដឹងថា គជប ថ្មី វាមានប្រសិទ្ធិភាពប៉ុណ្ណា ដើម្បីឲ្យបានល្អជាងមុន គឺចង់ឲ្យបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ”។

បើតាមប្រជាពលរដ្ឋមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នា ដោយស្នើទៅ គជប ថ្មី ត្រូវអនុវត្តតួនាទីរបស់ខ្លួនជូនប្រជាពលរដ្ឋឲ្យបានពេញលេញ និងឈរលើគោលការណ៍អព្យាក្រិត ឥតលម្អៀង ដើម្បីឲ្យការបោះឆ្នោតទទួលបានសេរី យុត្តិធម៌ និងកុំឲ្យមានការតវ៉ាពីភាពមិនប្រក្រតីកើតឡើងដូចអាណត្តិមុនទៀត។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស ដែលជាអ្នកឃ្លំាមើលការបោះឆ្នោត យល់ថា បើ គជប ថ្មី មិនលម្អៀង និងមិនស្ថិតនៅក្រោមសម្ពាធគណបក្សនយោបាយណាមួយ នោះលទ្ធផលបោះឆ្នោតនឹងអាចទទួលយកបាន។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ស្វាគមន៍នឹងប្រជាពលរដ្ឋដែលមានបំណងចូលរួមសហការជួយឃ្លាំមើលការបោះឆ្នោតថ្នាក់ជាតិខាងមុខ។ លោកថា នៅក្នុងច្បាប់បោះឆ្នោត អ្នកចូលរួមឃ្លំាមើលដំណើរការបោះឆ្នោតក្រៅការិយាល័យមិនខុសច្បាប់នោះទេ ប៉ុន្តែលោកថា ដើម្បីការពារកុំឲ្យមានបញ្ហាប្រឈមផ្សេងៗ ប្រជាពលរដ្ឋគួរតែសិក្សាពីនីតិវិធីបោះឆ្នោតឲ្យបានច្រើន មុននឹងចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនោះ៖”ការឃ្លាំមើលរបស់គាត់ គឺជាសិទ្ធិរបស់គាត់ គជប គឺគ្រប់គ្រងនៅក្នុងរង្វង់ការិយាល័យបោះឆ្នោត ដើម្បីឲ្យអ្នកចូលរួមគាត់ស្គាល់ពីតួនាទីថាធ្វើបានកំរិតណា ដូច្នេះហើយបានការិយាល័យចុះឈ្មោះបោះឆ្នោតមួយ បុគ្គលម្នាក់គាត់ត្រូវយល់ថា គាត់រំខានយ៉ាងម៉េច? គជប មិនអាចធ្វើការការពារបានទេ ជាការចំាបាច់ត្រូវយល់ដឹងអំពីនីតិវិធី ដើម្បីឲ្យអ្នកចូលរួមទំាងអស់ មានក្រមសីលធម៌ក្នុងការអនុវត្តតួនាទីក្នុងការចូលរួមរបស់ខ្លួន”។

លោក ហង្ស ពុទ្ធា បន្ថែមថា ប្រព័ន្ធចុឈ្មោះថ្មីដែលធ្វើតាមប្រព័ន្ធកុំព្យូរទ័រនេះ នឹងមិនមានឈ្មោះស្ទួន និងឈ្មោះខ្មោច ទៀតទេ។ ករណីនេះលោកថា នឹងធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតរួមទំាងគណបក្សនយោបាយទំាងអស់អាចទទួលយកលទ្ធផលបានទំាងអស់គ្នា។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ប្រជាពលរដ្ឋមានសិទ្ធិសួរនំាបុគ្គលណាមួយនៅពេលចូលទៅបោះឆ្នោត ឬរាយការណ៍ទៅអ្នកសង្កេតការក្នុងមណ្ឌលនោះភ្លាមៗ ប្រសិនបើពួកគេយល់ថា អ្នកទៅបោះឆ្នោតត្រូវបានគេទិញទឹកចិត្តឬ ការគំារាមឲ្យបោះឆ្នោតគំាទ្របក្សណាមួយ៖”ជាការការពារខ្លួនជាទូទៅគាត់អាចផ្តល់ព័ត៌មានពីការដែលគាត់សង្កេតឃើញពីភាពមិនប្រក្រតីណាមួយអាចរាយការណ៍ទៅដល់ស្ថាប័នដែលគេធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតដូចជា ខុមហ្វ្រែល ហើយនិងអាចរាយការណ៍ទៅស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីឲ្យ គជប ពិចារណាលើបញ្ហាហ្នឹង”។

ដោយឡែក លោក យង់ គិមអេង បញ្ជាក់ថា លោកព្រួយបារម្ភចំពោះជនបរទេសដែលកាន់អត្តសញ្ញាណ   ប័ណ្ណខ្មែរទៅបោះឆ្នោត ព្រោះច្បាប់ គជប ថ្មី កំណត់ថា យកអត្តសញ្ញាណប័ណ្ណជាគោលសម្រាប់បំរើឲ្យការបោះឆ្នោត។ លោកថា កាលពីអាណត្តិមុនមានការរិះគន់លើជនបរទេសដែលគេសំដៅលើជនជាតិវៀតណាមថាបានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបោះឆ្នោត។ លោកបន្តថា ជនបរទេសដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន លុះត្រាតែព្រះមហាក្សត្រចេញព្រះរាជក្រិត្យទទួលស្គាល់ ប៉ុន្តែលោកថា   រដ្ឋាភិបាលមិនទាន់បង្ហាញរបាយការណ៍ពីចំនួនជនបរទេស ជាពិសេសជនជាតិវៀតណាមប៉ុន្មាននាក់ ដែលព្រះមហាក្សត្រចេញព្រះរាជក្រិត្យផ្តល់សញ្ជាតិច្បាស់លាស់នៅឡើយ។

ប្រធាន គ.ជ.ប បានជំរុញឲ្យសង្គមស៊ីវិល ចូលរួមវគ្គបណ្ដុះបណ្ដាលអំពីការបោះឆ្នោត និងសង្កេតមើលនូវរាល់ដំណាក់កាលនៃការរៀបចំការបោះឆ្នោតរួមមាន ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការចុះបញ្ជី គណបក្ស នយោបាយឈរឈ្មោះ ការឃោសនាបោះឆ្នោត និង ការបោះឆ្នោត និងរាប់សន្លឹក ឆ្នោតផងដែរ។

លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្រ្វែល កត់សំគាល់ថា ដំណើរការចុះឈ្មោះបោះឆ្នោតនៅពេលកន្លងទៅ មិនដែលមានអ្នកអង្គេតការណ៍ពីអង្គការសង្គមស៊ីវិលនៅគ្រប់មណ្ឌលនោះទេ។

បើតាមអ្នកនាំពាក្យ គជប ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ សម្រាប់ការចុះឈ្មោះបោះឆ្នោតមានចំនួនប្រមាណជា៩លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ