លោក ហ៊ុន សែន ថាការផ្តល់សញ្ញាបត្រ​បណ្ឌិតកិត្តិយសដល់ឧកញ៉ាទ្រី ភាព​ ជាការវាយតម្លៃ​ដ៏ត្រឹមត្រូវ

ឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះខាងរកស៊ីឈើនៅកម្ពុជា (រូបថតហ្វេសប៊ុក)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថាការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់លោកទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ជា”ការវាយតម្លៃដ៏ត្រឹមត្រូវ”។

កាលពីថ្ងៃទី២៨ ខែមីនា សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC)បានបំពាក់អាវសញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកទ្រីភាព ដោយសាកលវិទ្យាល័យនេះអះអាងថាឧកញ៉ារូបនេះមាន”ស្នាដៃច្រើន”ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.I.C នៃបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខលោកទ្រី ភាព ដែលបានចូលរួមទទួលសញ្ញាបត្រថា៖ “ថ្ងៃនេះផងដែរ សាកលវិទ្យាល័យ ក៏មានការរៀបចំដើម្បីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោកឧកញ៉ាទ្រីភាពតាមរយៈការវាយតម្លៃដ៏មួយត្រឹមត្រូវ”។ នៅពេលបញ្ចប់ការថ្លែងសុន្ទរកថា លោក ហ៊ុន សែន ក៏បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់លោក ទ្រី ភាព ផងដែរ។

ក្នុងទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ខួបលើកទី១៥៣ ដែលបានធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី៨ខែ ឧសភា លោក ទ្រី ភាព បានចូលរួមបរិច្ចាគថវិកាចំនួន៣០ម៉ឺនដុល្លារ។

សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន ធ្លាប់ប្រាប់វីអូឌី(VOD)ថាសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងសញ្ញាបត្របណ្ឌិតធម្មតា ដោយលោកថាសញ្ញាបត្របណ្ឌិតកិត្តិយសផ្តល់ជូនសម្រាប់តែអ្នកមានស្នាដៃ មានចរិតលក្ខណៈល្អ មានសីលធម៌ខ្ពស់ខ្ពស់និងបានចូលរួមជួយប្រទេសជាតិ។ លោកបន្ថែមថាក្រោយមានការស្នើសុំពីក្រុមការងាររបស់លោក ទ្រី ភាព គណៈកម្មាធិការនៃសាកលវិទ្យាល័យអាយអាយស៊ីបច្ចេកវិទ្យាបានស្រាវជ្រាវនិងវាយតម្លៃឃើញថា លោក ទ្រី ភាព បានប្រើប្រាស់លុយយ៉ាងច្រើនក្នុងការវិនិយោគធំៗដែលលោកថាដើម្បីជួយដល់ប្រជាជនកម្ពុជាជាង៣០០០នាក់។

លោកមានប្រសាសន៍ថា៖ “អ៊ីចឹងបានយើងសម្រចថាសញ្ញាបត្របណ្ឌិតកិត្តិយសជូនគាត់ជំនាញសេដ្ឋកិច្ចវិទ្យា ហើយនេះគឺសាកសមបំផុត ហើយសរុបមកវិញ លោកឧកញ៉ា ទ្រី ភាព ហ្នឹងមានគុណសម្បត្តិខ្ពស់ៗមែនទែនសម្រាប់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះគាត់ហ្នឹងបានយកលុយរបស់គាត់ ហើយខំរកៗ ហើយយកលុយហ្នឹងមកអភិវឌ្ឍយកលុយហ្នឹងមកវិនិយោគបន្តទៀត ហ្នឹងហើយដែលគណៈកម្មាធិការវាយតម្លៃ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកភាព១០០%”

នៅពេលសួរពីមតិមួយចំនួនដែលថាលោក ទ្រី ភាព ជាឈ្មួញឈើ លោក ឈួន ចាន់ថន មានប្រសាសន៍ថា៖ “ទាក់ទងនឹងរឿងព្រៃឈើហ្នឹង យើងនិយាយដែរ តែគាត់ធ្វើសុទ្ធតែស្របច្បាប់ គាត់បង់ពន្ធត្រឹមត្រូវ ក្រុមហ៊ុនគេមានឯកសារបង់ពន្ធត្រឹមត្រូវទាំងអស់ ធ្វើអីសុទ្ធតែមានច្បាប់ ខុសពីការនិយាយពាក្យចចាមអារ៉ាម”។ លោកបញ្ជាក់ថា៖ “លោកឧកញ៉ាកាប់ឈើអីហ្នឹង ជារឿងមិនត្រឹមត្រូវ។ អ្វីដែលគេធ្វើជារឿងអភិវឌ្ឍន៍ទាំងអស់។ ជាក់ស្តែងលោក ឧកញ៉ាទ្រី ភាព មានស្នាដៃច្រើនមែនទែន”

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថា លោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជាបានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជានិងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍ដែលមានចំណងជើងថា«តម្លៃឈើប្រណីត» នេះឲ្យដឹងថាតម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថាលោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។

របាយការណ៍លើកឡើងបន្តថាលោក ទ្រី ភាពនិងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ អង្គការ Global Witnessបានដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទ្រីភាពនិងអង្គការជាបុត្រសម្ព័ន្ធទាំងអស់ ហើយរកមើលសកម្មភាពខុសច្បាប់និងការប្រតិបត្តិច្បាប់ជាតិនានា។ អង្គការបន្តក្នុងករណីសកម្មភាពខុសច្បាប់ ត្រូវបានរកឃើញ អង្គការស្នើឲ្យចាត់វិធានការលុបអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលពាក់ព័ន្ធ ហើយផ្តួចផ្តើមការកាត់ទោសអ្នកទាំងឡាយដែលទទួលខុសត្រូវ។

វីអូឌីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទ្រី ភាព បានទេ។

ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សលោក អ៊ូច ទ្បេង មានប្រសាសន៍ថាអង្គការរបស់លោកក៏ដូចជាអង្គការអន្តរជាតិមួយចំនួនមានរបាយការណ៍ពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់របស់លោកទ្រី ភាព។ លោកបន្តថាលោកមិនគាំទ្រនឹងការផ្តល់សញ្ញាបត្រកិត្តិយសនោះទេ។ លោកមានប្រសាសន៍ថា៖ បណ្ឌិតជាអ្នកដែលមានក្រមសីលធម៌ល្អ រកស៊ីសុចរិត ជាមនុស្សដែលគេគោរពសម្រាប់ក្មេងៗជំនាន់ក្រោយជាគំរូជាដើម បើសិនជាគាត់មានប្រវត្តិថាជាអ្នករកស៊ីតែឈើប្រណីត អាហ្នឹងដូចជាបានបណ្ឌិត គឺយើងមិនគាំទ្រទេ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ