លោក ឡុង ឌីម៉ង់ នឹង​ចេញទៅ​កូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ​ទទួលតំណែង​ឯកអគ្គរាជទូត

លោក ឡុង ឌីម៉ង់ កាលពីកន្លងទៅ

លោក ឡុង ឌីម៉ង់ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងជំនួសលោក ស៊ុត ឌីណា ដែលកំពុងរងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី១៩ខែឧសភា។

លោក ឡុង ឌីម៉ង់ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថា៖ “ខ្ញុំនឹងចាកចេញពីមាតុប្រទេសដើម្បីទៅបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ ដែលជាកិច្ចការដំបូងរបស់ខ្ញុំក្នុងវិស័យការទូត នាយប់ថ្ងៃទី១៩ ឧសភា ខាងមុខនេះហើយ”។ លោកបញ្ជាក់ថា៖ “កិច្ចការងារជាច្រើនកំពុងរង់ចាំស្វាគមន៍ខ្ញុំ ទាំងរឿងល្អនិងរឿងមិនទាន់ល្អ ដែលនៅទីនោះហើយខ្ញុំនឹងខឹតខំព្យាយាមបំពេញភារកិច្ចដែលព្រះមហាក្សត្រ សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រគល់សេចក្តីទុកចិត្តមកលើរូបខ្ញុំ ធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍ជាតិនិងប្រជាជនយើងឲ្យបាន”។

កាលពីថ្ងៃទី៨ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញលិខិតមួយច្បាប់ដោយសម្រេចតែងតាំង លោក ឡុង ឌីម៉ង់ ដែលជាកូនប្រុសរដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោនិងជាអតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងជំនួសលោក ស៊ុត ឌីណា។ លោក ឡុង ឌីម៉ង់ ក៏ជាកូនប្រសាររបស់លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ។

គួររំឭកផងដែរថា លោក លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសានិងបញ្ជូនខ្លួនទៅកាន់តុលាការកាលពីថ្ងៃទី៧ ខែមេសា។ លោកត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដោយត្រូវចោទប្រកាន់ចំនួន២បទល្មើសគឺកេងយកផលប្រយោជន៍ដោយខុសច្បាប់និងរំលោភអំណាចដោយមានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ