លោក ហ៊ុន សែន ព្រមានបក្សប្រឆាំង​កុំ​ឲ្យ​សុំជំនួយពី​លោក​​រឿងដំណើរការតុលាការ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងព្រមានជាសាធារណៈកុំឲ្យបក្សប្រឆាំងរកជំនួយពីរូបលោកឲ្យជួយរឿងពាក់ព័ន្ធនឹងដំណើរការរបស់តុលាការ ដោយលោកបានប្រតិកម្មខ្លាំងៗទៅលើអ្នកមួយចំនួនដែលលោកថាប្រមាថភរិយានិងកូនរូបលោកទាក់ទងនឹងវៀតណាម។

លោកនាយករដ្ឋមន្រ្តីមិនបានថ្លែងចំៗសំដៅដល់ភាគីណានោះទេ តែលោកហាក់សំដៅទៅគណបក្សប្រឆាំងដែលលោកថាបានប្រមាថភរិយារបស់លោកថាជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងថាកូនប្រុសច្បងរបស់លោក លោក ហ៊ុន ម៉ាណែត ជាកូនរបស់វៀតណាម។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.I.C នៃបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានព្រមានថាចំណាត់ការរបស់តុលាការជារឿងរបស់តុលាការ ដោយមិនពាក់ព័ន្ធរូបលោកនោះទេ។ លោកបានបញ្ជាក់ថា៖ “គ្មានការកែតម្រូវណាមួយ ហើយគ្មានការណែនាំណាមួយឲ្យខ្ញុំឃើញ អ្នកឯងមិនចាំបាច់រកដៃហ៊ុន សែន ជួយអីទេ។ ដំណើរការក្តីរបស់តុលាការគឺត្រូវធ្វើដោយតុលាការ ដោយគ្មានការពាក់ព័ន្ធជាមួយហ៊ុន សែន កុំមកនិយាយ”។

គួររំឭកថាកាលពីថ្ងៃទី២២ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណ៤០រូប បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ សុំឲ្យព្រះអង្គព្រះរាជអន្តរាគមន៍ ករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអះអាងថាការចាប់ខ្លួនលោក អ៊ុំ សំអាន ត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដោយថាតំណាងរាស្រ្តរូបនោះបានញុះញង់បង្កឲ្យមានភាពស្មុគស្មាញនិងមានជម្លោះជាមួយប្រទេសជិតខាង។ ចំណែកប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួន។ ចំណែកលោក កឹម សុខា កំពុងប្រឈមនឹងពាក្យបណ្តឹងមួយចំនួន ទាក់ទងនឹងសំឡេងខ្សែអាត់ដែលគេចោទថាបានសន្ទនាជាមួយស្រីកំណាន់។ ចំណែកអតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ និងសកម្មជនមួយចំនួនទៀតកំពុងជាប់ពន្ធនាគារ។

មន្រ្តីគណបកសង្រ្គោះជាតិបានឲ្យដឹងថាគណបក្សកំពុងស្វែងរកការចរចាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីបក្សកាន់អំណាចនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ