សហគមន៍ក្រីក្រក្នុងរាជធានីបន្តជំរុញរដ្ឋាភិបាលឲ្យបញ្ចប់វិវាទដីធ្លីមុនបោះឆ្នោត

ពលរដ្ឋមកពី៤សហគមន៍ក្នុងរាជធានីភ្នំពេញ

ពលរដ្ឋមកពី៤សហគមន៍ក្នុងរាជធានីភ្នំពេញ ជំរុញរដ្ឋាភិបាល ឲ្យពន្លឿនកិច្ចអន្តរាគមន៍ បញ្ចប់វិវាទដីធ្លី របស់ពួកគេ ដែលថាបានអូសបន្លាយច្រើនឆ្នាំមកនេះ ខណៈការបោះឆ្នោត ឃុំ សង្កាត់ កាន់តែ​ខិត​ជិត​មក​ដល់។

អ្នកតវ៉ាប្រមាណ៣០នាក់ មកពីសហគមន៍បុរីកីឡា អតីតបឹងកក់ សហគមន៍ប្រលានយន្តហោះ និង​សហ​គមន៍ផ្សេងទៀត នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នានៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន។

ពួកគេថា ការប្រមូលផ្តុំគ្នានេះ ដើម្បីចង់ដឹងថា ញត្តិរបស់ពួកគេ​ដែលបានដាក់​ជូនរដ្ឋា​ភិបាល​កន្ល​ង​​ទៅ​ឲ្យ​ជួយ​អ​ន្តរាគមន៍រកដំណោះស្រាយដីធ្លីនោះ​​ រដ្ឋាភិបាលបានអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ ជំរុញឲ្យមា​ន​ដំ​ណោះ​​ស្រាយយ៉ាងណា​ហើ​យ។

អ្នកស្រី ង៉ូវ ណារី ដែលអះអាងថា ជាតំណាងអ្នកបុរីកីឡានិយាយថា ពួកគេ​ជិ​​​ត​១០០​គ្រួ​សារទៀត មិ​នទ​ទួ​​ល​បានដំណោះស្រាយទេ បន្ទាប់ពីមានព្រឹត្តិការណ៍បណ្តេញទាំងបង្ខំ កាលពីថ្ងៃទី៣​ខែមករាឆ្នាំ​២​០១​២​មក។គាត់ថា ការអូសបន្លាយ មិនដោះស្រាយនេះ ធ្វើឲ្យពួកគាត់ បាត់បង់មុខរបរ​ កូនៗ​បាត់​បង់ការសិ​ក្សា​​រជាដើម។

អ្នកស្រីបន្ថែមថា «ខ្ញុំសុំលោកនាយករដ្ឋមន្ត្រីជួយដោះស្រាយបញ្ហាដីធ្លីពួកខ្ញុំ មុនថ្ងៃបោះឆ្នោតនេះ ព្រោះអី គាត់គួរបញ្ចប់បញ្ហាជម្លោះដីធ្លីហើយៗ គាត់ត្រូវសាងកិត្តិយសគាត់មុនថ្ងៃបោះឆ្នោតឡើងវិញទៅ ប្រសិនបើគាត់​​នៅតែជឿមន្រ្តីថ្នាក់ក្រោមរបស់គាត់ដែលពុករលួយធ្វើស្រែលើខ្នងប្រជាពលរដ្ឋអញ្ចឹងទៀត គាត់នឹអស់ប្រជាប្រិយភាពហើយៗលោកនាយករដ្ឋមន្រ្តីនឹងបាត់បង់សន្លឹកឆ្នោតទៀត»

តំណា​ងអ្នកតវ៉ាម្នាក់ទៀត នៅសហគមន៍ព្រលានយន្តហោះ អ្នកស្រី ច្រាយ នីម ឲ្យដឹងដែរថា ពួកគាត់​ស្នើរ​ដ្ឋាភិ​បាល ឲ្យអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ​ធ្វើប័ណ្ណកម្មសិទ្ធិ ​ឲ្យពួកគាត់បានមុនថ្ងៃបោះឆ្នោត ដោយថា កន្ល​ង​មក​ពួក​​គាត់បានសុំ​ឲ្យអាជ្ញាធរថ្នាក់ក្រោម ជូ​យ​ដោះ​​​ស្រា​​យករណីនេះដែរ ប៉ុន្តែគាត់ថា អាជ្ញា​ថ្នាក់​ក្រោ​ម ​​ហាក់ធ្វើមិនដឹងមិនឮ។

អ្នកស្រី ច្រាយ នីម បន្តថា ការធ្លាក់សំឡេងឆ្នោត របស់គណបក្សប្រជាកម្ពុជា នៅអាណត្តិមុន គាត់ថា មកពីភាពអសកម្ម របស់មន្រ្តីថ្នាក់ក្រោម មិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាពលរដ្ឋនេះ។

អ្នកស្រីបន្ថែមថា «អញ្ចឹងពួកខ្ញុំសង្ឃឹមថា សម្តេច ហ៊ុន សែន គាត់នឹងជួយដោះស្រាយ ដើម្បីយកប្រជាប្រិយភា​​ពគាត់ឡើងវិញឈប់ជឿលើទីប្រឹក្សារឬមន្រ្តីអាចក់អាចែមថ្នាក់ក្រោមរបស់គាត់ ដែលកឹបកេងផប្រយោជន៍ពីញីសឈាមរបស់ប្រជាពលរដ្ឋ ហើយយើងសង្ឃឹមថាសម្តេចនឹងមើលឃើញពីទុក្ខវេទនារបស់យើងដែលស្រែកឲ្យសម្តេចជួយជិតដល់ថ្ងៃបោះឆ្នោតខាងមុខនេះ»

ពលរដ្ឋម្នាក់ទៀត មកពីសហគមន៍បឹងកក់  អ្នកស្រី លី ចាន់ណារី ឲ្យដឹងថា ពួកគាត់នៅសល់៧គ្រួសារ​ទៀត មិនទាន់ទទួលយកសំណងនៅឡើយទេ ដោយថាសាលារាជធានីបង្ខំឲ្យ​ពួក​គា​ត់​ទទួលយ​កសំណ​ងជាគោលនយោបាយ ដែលថាពួកគាត់មិនអាចទទួលយកបាន។

ស្ត្រីរូបនោះបន្តថា កាលពីថ្ងៃទី២៧មេសាឆ្នាំ២០១៧សាលារាជធានភ្នំពេញបានដាក់ឱសានវាទឲ្យ​ពួក​គាត់​​​​ទ​ទួលយក​សំណងមិនដល់១០ភាគរយនៃទំហំដីដែលពួកគាត់ធ្លាប់កាន់កាប់។ គាត់ថា ដំណោះស្រា​យ​​​នេះ​​​ពួ​កគា​​ត់ទាំង​៧គ្រួសារ ចង់បាន៥៣ភាគរយនៃផ្ទៃដីដែលគាត់ធ្លាប់កាន់កាប់។

ទោះជាយ៉ាងណា មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីគឺ លោក គង់ ចំរើន បានប្រាប់អ្នកតវ៉ាថា ញត្តិដែល​ពល​រដ្ឋ​សុំអន្តរាគមន៍​កន្លង​ទៅ​បានបញ្ជូនទៅថា្នក់លើ​ហើយ។ ប៉ុន្តែលោកថា ពេលដល់ពេលនេះ លោកនូ​វមិ​ន​ទា​ន់បានទទួលដំណឹងពីកិច្ចអន្តរាគមន៍​ត្រឡ​ប់​នៅឡើយទេ។

នាយកលេខាធិកាដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ធ្លាប់មាន ប្រសាសន៍ថា ប្រសិនភាពនៃការដោះស្រាយជម្លោះដីធ្លី ដែលឆ្លើយតបនឹងបញ្ហាពលរដ្ឋ លោកថា ឱកាសរក្សាតំណែង នាយករដ្ឋមន្ត្រី នៅថ្ងៃបោះឆ្នោតខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ