ប្រធាន​ពន្ធនាគារខេត្ត​បន្ទាយ​មាន​ជ័យរង​ការ​​ចោទ​ប្រ​កាន់ថាបាន​បណ្តែត​បណ្តោយ​ឲ្យ​អ្នក​ទោស​ស្លាប់​​

ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​រង​ការ​ចោទ​ប្រកាន់​ថា​ ពន្ធនាគារ​នេះ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់អ្នក​ដែលជាប់​ឃុំ ដែល​បាន​បណ្តែត​បណ្តោយ​ឲ្យអ្នក​ទោស​ឈឺ​រហូត​ដល់​ស្លាប់​ទើប​យក​មក​មន្ទីរ​ពេទ្យ។

​អ្នក​ស្រី​ខុន ធី អាយុ​៤៦​ឆ្នាំដែល​ត្រូវ​ជា​ម្តាយ​ បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថាកូន​ស្រី​របស់​ខ្លួនឈ្មោះ សុត ចាន់​ថន អាយុ ២៧ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជិវិត​កាល​ពី​ថ្ងៃ​ទី៦ ឧសភានេះនៅ​មន្ទីរ​ពេទ្យ​អង្គរ​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ បន្ទាប់ពីធ្លាក់​ខ្លួន​ឈឺ​ធ្ងន់នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃ​ទី១ ឧសភា ដោយ​ពុំ​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីមន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ។

អ្នកស្រីថា៖ « (ថ្ងៃពុធ)ខ្ញុំមកសុំជួបតេជគុណផាន់ ដើម្បីសុំឲ្យយកទៅព្យាបាលពេទ្យខាងក្រៅ គាត់ឆ្លើយមកវិញថាអ៊ីឯងមិបាច់ចេះដឹងទេបើសិនឈឺធ្ងន់ធ្ងរគេនឹងទាក់ទងចេញទៅក្រៅហើយ តែបើជំងឺស្រាលពេទ្យក្នុងហ្នឹងមានហើយ! ថ្ងៃព្រហស្បតិ៍កូនខ្ញុំគាត់បានតេមកហើយថាម៉ាក់អើយដាក់លុយឲ្យខ្ញុំ១០ម៉ឺនមកហើយខ្ញុំថាចាំស្អែកទៅ ព្រោះម៉ាក់អត់ទាន់មានលុយទេ។ ទៅសងថ្លៃសេរ៉ូមគេ ហើយដល់ស្អែកឡើងថ្ងៃសុក្រខ្ញុំទំលាក់លុយឲ្យកូនខ្ញុំដប់ម៉ឺនឲ្យកូនខ្ញុំដែលគាត់យកទៅសងថ្លៃសេរ៉ូមឲ្យគាត់នៅក្នុងហ្នឹង ដល់ពេលដែលថ្ងៃសៅរ៍ម៉ោង​(ព្រឹក)ជាងនេះខ្ញុំទទួលដំណឹងថាកូនខ្ញុំស្លាប់នៅពេទ្យអង្គរបុរី តើខ្ញុំឈឺចាប់ប៉ុណ្ណាដែលខ្ញុំទៅសុំគាត់ បើគាត់បញ្ជូនខ្ញុំចេញតាមអ្វីដែលខ្ញុំសុំហ្នឹងគឺកូនខ្ញុំមិនស្លាប់ទេព្រោះអីគ្នាកើតជំងឺហត់តាំងពីតូចតាំងពីគេអាយុឆ្នាំ »

អ្នក​ស្រី​​ អ្នក​ស្រី​ខុន ធី បានអះអាងទៀតថា តាមពិតកូនស្រី របស់គាត់បានស្លាប់នៅក្នុងពន្ធនាគាររួច។ប៉ុន្តែអ្នកស្រីថា ការបញ្ជូនកូនគាត់ទៅមន្ទីរពេទយ្យ អ្នកស្រីថា គ្រាន់ជាការបំភ័ណភ្នែកប៉ុណ្ណោះ។

ស្ត្រីរូបនោះយល់ថា ​នេះ​ជា​ការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​ដែល​បង្ហាញ​ពី​ការ​មិន​យក​ចិត្តទុក​ដាក់លើ​អ្នក​ជាប់​ឃុំ អ្នក​ស្រី​ចង់​ឲ្យ​មាន​យុត្តិ​ធម៌​មួយ​សម្រាប់​អ្នក​ស្រី ក៏​ដូច​ជា​កូន​ស្រី​របស់​ខ្លួន។

វី​អូ​ឌី​មិន​អាចទាក់​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មា​ន​ជ័យ លោក  លោក អ៊ុង សុផាន បាន​នៅ​ឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ឧសភានេះ។

មន្ត្រី​សម្រប​សម្រួល​សមាគមអាដហុកប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក សំ ចាន់គា មាន​ប្រសាសន៍​ថា ពន្ធនាគា​រ​មិន​មែន​ជា​កន្លែង​ធ្វើ​ទុក​បុកម្នេញ​ទៅ​ដល់​អ្នក​ជាប់​ឃុំ​នោះ​ទេ គឺគ្រាន់​តែ​ជា​កន្លែង​មួយ​ដែល​ធ្វើ​ការ​ឃាត់​សិទ្ធិ​ដើរ​ហើយ​របស់​មនុស្ស​ប៉ុណ្ណោះ ចំពោះ​ការ​យក​ចិត្តទុក​ដាក់​លើ​សុខភាព វា​ជា​ការ​ចាំ​បាច់មួយ​ដូច​នៅ​ខាង​ក្រៅដែរ។ លោក​ឲ្យ​ដឹង​ថា​ករណី​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​ពន្ធនាគារ​នេះ ជា​ការ​ធ្វេស​ប្រហែ​សរបស់ពន្ធនាគារ ដែល​ត្រូវ​ទទួល​ខុសត្រូវមុខច្បាប់​​ចំពោះ​រឿងនេះ​ មិន​មែន​ទុក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ហើយ​បញ្ជុន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​យក​រួច​ខ្លួន​នោះ​ទេ។

លោក​ថា៖ « អញ្ចឹងបើគាត់មានការខ្ជឺខ្ជាយធ្វេសប្រហែសនេះហើយដែលបណ្តែបណ្តោយឲ្យមនុស្សស្លាប់ គាត់ត្រូវតែទទួលនូទោសបទល្មើសនេះមាននៅជាធរមានអញ្ចឹងយើងឃ្លាំមើលនូវការរំលោភសិទ្ធិមនុស្ស ថ្ងៃនេះយើងបានដាក់លិខិតអន្តរាគមន៍ទៅតុលាការ ទៅព្រះរាជអាជ្ញាដើម្បីឲ្យបើកការស៊ើបអង្កេតលើរឿងហ្នឹង កុំឲ្យអំពើមនុស្សស្លាប់ដោយគ្មានការទទួលខុសត្រូវមួយ ទីពីរគឺជាអំពើនិទន្ធភាពវាអត់មានមនុស្សដែលបាប្រព្រឹត្តិបែរទៅជារួចខ្លួនរហូតនោះណា »  

បើ​តាម​ក្រុម​គ្រួ​សារអ្នក​ជាប់​ឃុំថា​កូន​ស្រី​ខ្លួន បាន​អនុវត្តន៍​ទោស​ជាប់ពន្ធនា​គារ​នេះរហូត​មក​ដល់​ថ្ងៃ​ស្លាប់​នេះ​​មាន​រយៈពេលជាង​១ឆ្នាំ​ហើយ​នៃ​ទោសជាប់៣ឆ្នាំ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ប្រើ​ប្រាស់​គ្រឿង​ញៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ