លោក នេត  សាវឿន ប្រាប់នគរបាលខេត្តព្រះវិហារឲ្យលុបបំបាត់បក្ខពួកនិយម

អគ្គស្នងការនគរបាលជាតិ​លោក ​នេត សាវឿត បានប្រាប់ទៅស្នងការនគរបាលខេត្តព្រះវិហារ ឲ្យលុបបំបាត់ចោលឲ្យអស់នូវភាព​អសកម្មក្នុងការបំពេញការងារ ភាពអំនួត និងបក្ខពួកនិយម ដែលនាំឲ្យប៉ះពាល់ការងារនិងបែកបាក់ផ្ទៃក្នុង។​

ក្នុងពិធីតែងតាំង និង​ផ្លាស់ប្តូរមុខតំណែងនៅក្នុងជួរនគរបាលខេត្តព្រះវិហារកាលពីម្សិលមិញ លោក នេត សាវឿត មានប្រសាសន៍ថា ស្នងការម្នាក់ឯង មិនអាចធ្វើដើម្បីបំពេញតួនាទីអនុវត្តច្បាប់ក្នុងខេត្តបានទេ ដូច្នេះលោកណែនាំឲ្យមានការសាមគ្គីគ្នា។ លោកក៏បានណែនាំកុំឲ្យមានអំពើបក្ខពួកនិយមប្រើប្រាស់តែកូនចៅ សាច់ញាតិឯងនាំបែកបាក់ផ្ទៃក្នុង។​ លោកថ្លែងថា៖«និយាយឲ្យហើយ អត់មានថាហ្អេរសុំផ្ទេរ ពីណោះមក ធ្វើកន្លែងនេះ កន្លែងនោះ ហ្អេរទុកចិត្តអ្នកនេះ ទុកចិត្តអ្នកនោះ អញ្ចឹងបានន័យថាក្រៅពីបងប្អូនឯងអត់ ទុកចិត្តគេទេចុះ មិនអញ្ចឹង អាហ្នឹងគឺហាមឲ្យហើយមិនបាច់សុំទេ ថ្ងៃនេះ គឺ ឧត្តមសេនីយ៍ប្រធានបុគ្គលិក ជួយចាំគ្នា កុំដាក់ឲ្យខ្ញុំស៊ីញ៉េ ផ្ទេរមកអី មិនបាច់ផ្ទេរទេ បងប្អូននៅនេះច្រើនណាស់ លើកទឹកចិត្តបងប្អូននៅទីនេះ ត្រូវការ តំឡើងស័ក្តិ ត្រូវការឋានៈ ត្រូវការតួនាទី លើកទឹកចិត្ត»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លោក​ យង់ គិមអេង លើកឡើងថា ការជំ​រុញ​បែបនេះ ទំនងជាគ្មានប្រសិទ្ធិភាពទេ ដោយលោកថាបញ្ហាបក្ខពួក​និយម ធ្វើការ​នៅ​ក្នុង​ស្ថាប័​នរដ្ឋ​ក្រោ​ម​កា​រដឹកនាំរបស់លោក ហ៊ុន សែន នៅតែជាឬសគុលនៃបញ្ហា ដោយ​លោកថា មិនអាច​លុបបំ​បាត់បា​នទំា​ងស្រុងនោះទេ។

លោក គិមអេង លើកឡើងទៀតថា ដើម្បីទប់ស្កាត់បញ្ហាបក្ខពួកនិយមនេះ​បាន លុះត្រាតែ​រដ្ឋាភិបាល​ធ្វើការជ្រើសរើសបុគ្គលិកបំរើការក្នុងស្ថាប័នរដ្ឋ ដោយតម្លាភាព។

ដោយលោកបាន​ផ្តល់ជាអនុសាស​ន៍​ដូចនេះ​​ថា​ «ត្រូវផ្សព្វផ្សាយឲ្យគេដឹងឮជាសាធារណៈក្នុ​ង​ការជ្រើស​រើស​មន្ត្រីរាជការ​ឲ្យចូល​ធ្វើកិច្ចការរដ្ឋ ជាមួយ​គ្នានោះ​​បើអ្នកណាដែលបន្លំបង្កូវយកខ្សែ បក្សពួកចូលដោយ​អត់​មា​ន​ការ​ប្រឡង​ប្រជែងត្រឹមត្រូវ ទាល់​តែ​ដាក់​ទោសគាត់កុំអធ្យាស្រ័យ​​​ ហើយបើសិនជាឃើញមានខ្សែ​បក្ស​ពួក​នៅធ្វើការ​ជា​មួយ​គាត់ ត្រូវ​តែ​បញ្ជូនមន្ត្រីទៅស៊ើបអង្កេត​ បើសិនជាល្មើសនិងសេចក្តីណែនាំ ត្រូវ​តែ​ដក​ហូតតួនាទី ព្រមាន ​បានយើង​អាចដោះស្រាយបញ្ហាហ្នឹងបាន​»

សម្រាប់​សាស្ត្រាចារ្យនយោបាយលោក ឯម សុវណ្ណារ៉ា យល់ឃើញផ្ទុយពីលោក គិមអេង ដោយលោកថា ការលើកឡើងរបស់ អគ្គស្នងការនគរបាលជាតិ​លោក ​នេត សាវឿត ខាងលើ ទំនងជាមានការ​បែកបាក់ផ្ទៃក្នុង​របស់បក្ស​ទៅវិញ។ ករណីនេះលោកថានឹងធ្វើឲ្យបក្សកាន់អំណាចបាត់បង់ការគំាទ្រច្រើន នៅពេលបោះឆ្នោតឃុំ សង្កាត់ ខាងមុខ​នេះ​។

លោកយល់ថា «សាច់រឿង គេហៅថា ឬសគុលដើមនៃបញ្ហាគឺគណបក្សកាន់​អំណាច​គាត់ដាក់​ខ្សែ​ស្រឡាយ មិនគិតអំពីសមត្ថភាព និងអ្នកដែលមានលទ្ធភាពធ្វើការនៅតំបន់ទីតំាងព្រះវិហារ ការលើក​ឡើង​នេះ វាឆ្លុះបញ្ចំាងពីភាពបែកបាក់ផ្ទៃក្នុងរបស់បក្សកាន់អំណាច​ កាលណាប្រឈ​មក្នុ​ង​ស្ថានភា​ព​បែប​នេះ វាធ្វើឲ្យគណបក្សសំឡេងឆ្នោត សំឡេងគំាទ្រវាបែក កាលណាបែកមិនអាច​ដណ្តើម​ឧត្តមភាព នៅ​ក្នុង​ការបោះឆ្នោត ឃុំ សង្កាត់​ នៅខែក្រោយនេះទេ»

លោក នេត សាវឿន ក៏បានណែនាំឲ្យនគរបាលក្នុងខេត្តព្រះវិហារយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខក្នុងពេលឃោសនា និង ពោះឆ្នោតនៅពេលខាងមុខនេះ។ នៅក្នុងខេត្តព្រះវិហារ មានការត្រៀមកម្លាំងជាង៦០០នាក់ ការពារការិយាល័យបោះឆ្នោត​ជាង ៣០០ការិយាល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ