បទយកការណ៍៖ ភរិយាទាហានមួកខៀវ ទន្ទឹងចាំជួបសពប្តី

អ្នកស្រី តាន់ ភារ័ត្ន ត្រូវជាភ​រិយា​លោ​កអនុសេនីយ៍ទោ អ៊ឹម សំ ជាទាហានមួកខៀវ ដែលត្រូវបាន​ក្រុមឧ​ទ្ទាមសម្លា​ប់នៅអា​ហ្វ្រិក​កណ្ដា​ល

នេះជាសម្លេងយំខ្សឹបខ្សួល របស់ស្ត្រីខ្មែរម្នាក់ ដែលមានស្វាមីរបស់គាត់ បានពលីជីវិតនៅអាហ្វ្រិកកណ្តាល ពេលចុះបំពេ​ញបេស​កក​ម្ម​ជាកងទ័ពមួកខៀវ រក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ។

នៅខាងក្រោមផ្ទះឈើប្រក់ក្បឿងមួយខ្នង ស្ថិត​នៅក្នុងភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង ដែលមាន​ចំងាយប្រ​មាណ​ជាង៦​០​គីឡូ​ម៉ែត្រ​ពី​ខេត្ដ​សៀមរាប។

ផ្ទះមួយខ្នងនោះ ជាផ្ទះឱពុកក្មេក ដែលប្តីអ្នកស្រី ឈ្មោះ អ៊ឹម​ សំ​ បានស្លាប់ទៅ បន្សល់ទុក កូនប្រុ​សអា​យុ៣ឆ្នាំម្នាក់ និងមិនទាន់បាន រៀបចំសាងសង់ផ្ទះសម្រាប់គ្រួសារនៅឡើយ។

ក្រោយពីការស្លាប់លោក អ៊ឹម សំ បានពីរថ្ងៃ នៅថ្ងៃទី១០ខែឧសភានេះ គេសង្កេតឃើ​ញខាងក្រោមផ្ទះនោះ​ មិនទាន់មានពិធីបុណ្យសពនៅឡើយទេ គឺមានតែសមាជិកគ្រួសារប្រមាណ៥នាក់។​

ពួកគាត់​មានទឹក​មុខ​ក្រៀ​មក្រំ ដិតដាមដោយស្នាមទឹកភ្នែក បន្ទាប់ពីពួកគេ ទទួលដំណឹងថា សមាជិក​រប​ស់ពួកគាត់ លោក អ៊ឹម សំ ជាទាហានមួកខៀវកម្ពុជា បានពលីជីវិតនៅពេលបំពេញការងារ ជាកងរក្សា​ស​ន្ដិសុខ​​អង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្ដាល។

ស្ដ្រីវ័យ៣៥ឆ្នាំម្នាក់ក្នុងចំណោម៥នាក់នោះ បានរៀបរាប់ថា នាងមានឈ្មោះ តាន់ ភារ័ត្ន ត្រូវជាភ​រិយា​លោ​កអនុសេនីយ៍ទោ អ៊ឹម សំ ជាទាហានមួកខៀវ ដែលត្រូវបាន​ក្រុមឧ​ទ្ទាមសម្លា​ប់នៅអា​ហ្វ្រិក​កណ្ដា​ល នាពេលបំពេញការងារ។

ស្ដ្រីសម្បុរស ពាក់អាវស ឆ្នូតខ្មៅ វ័យជាង៣០ឆ្នាំរូបនោះ​ បាននិយាយទៀតថា ចាប់​តាំងពីចា​ប់ដៃ​​គ្នាជា​ប្ដីប្រ​ពន្ធ ជាមួ​យលោក អ៊ឹម សំ ជាងបួនឆ្នាំមកនោះ ស្វាមីនាងមិនសូវបានជួបមុខកូន និងប្រពន្ធ ញឹកញា​ប់ឡើយ ពោលមានទំនាក់ទំនងតែតាមបណ្ដាញសង្គមប៉ុណ្ណោះ ដោយ​សារលោក អ៊ឹម សំ ត្រូវបានបំពេញការងារជាកងរក្សាសន្ដិសុខនៅប្រទេសផ្សេងៗ រួមមានប្រទេសស៊ូដង់ ប្រទេស​សុម៉ាលី និងអាហ្វ្រិកកណ្ដាលជាដើម។

នាងបន្ដថា «ទៅម៉ាលីមួយឆ្នាំបានមកអត់បានមកទេទើបមួយឆ្នាំកន្លងទៅមកផ្ទះបាន៥ខែនៅផ្ទះបានមួយខែផុតពីនោះទៅធ្វើការកន្លែងបន្ទាយ ហើយមេហៅទៅរហួតមិនដែលនៅកន្លែងទេនៅជាមួយកូនបានមួយខែនិងមួយអាទិត្យបាននាំប្រពន្ធកូនដើរលេង​ជុំគ្នាហ្នឹងឯង»។

អ្នកស្រី តាន់ ភារ័ត្ន មានមុខរបរលក់ដូរស្បែកជើងតូចតាចមួយ នៅក្នុងផ្សារកំពង់ក្ដី ស្រុកជីក្រែង ស​ម្រាប់ផ្គ​ត់ផ្គង់ជីវភាព​ប្រចាំថ្ងៃរបស់នាង ក្រៅពីប្រាក់បៀវត្ស របស់ស្វាមីនាង។ ប៉ុន្ដែនាងអះអាងថា មុខរ​បរ​​នេះមិនបានធ្វើគ្រួសារមានជីវភាពធូរធានោះទេ។

និយាយដល់ត្រង់ចំនុចនេះ ស្ត្រីរូបនោះហាក់ប្រែទឹកមុខ សំឡេងរហាក់រអួលក៏បានបន្លឺឡើង។

ដៃស្ដាំឱបកូនប្រុសវ័យបីឆ្នាំ ទឹកភ្នែកក៏បានធ្លាក់ចុះ តែតាន់​ ភារ័ត្ន ហាក់មិនបាក់ទឹកចិត្ត ពីការ​បូជាជី​វិតនៅ​លើ​សមរភូមិ រក្សាសន្តិភាពឲ្យអង្គការសហប្រជាជាតិនេះដែរ។

ស្ត្រីរូបនោះ និយាយថា ការស្លាប់ របស់ស្វាមីនាង ជាមោទភាពមួយសម្រាប់សង្គមជាតិ និងគ្រួសារ។ ប៉ុន្ដែ​អ្វីដែ​លរូបនាងសោកស្ដាយនោះ គឺជាការបាត់បង់សរសរស្តំ បង្គោលគ្រិះដ៏រឹងមាំ របស់គ្រួសារគាត់ និងថា ធ្វើ​ឲ្យ​​​ប៉ះ​ពា​ល់​ដល់អនា​គតកូន ដែលលែងបានឃើញមុខឱពុកជារៀងរហូត និងក្រុមគ្រួសា​រផង​ដែរ។

នាងបន្ដថា «ខ្ញុំមានតែប្ដីសង្ឃឹមលើតែប្ដី។ ប្ដីធ្វើការបានលុយចិញ្ចឹមប្រពន្ធកូនសង្ឃឹមធ្វើផ្ទះធ្វើអីបាននៅ មិនទាន់មានអីទេចឹងទៅបាននណាជួយមើលកូនមើលអីទៅកូនមិនដឹងអីទេមិនទាន់បានចូលរៀន មិនស្គាល់មុខប៉ាច្បាស់ស្គាល់តែតាមទូរស័ព្ទ»។

សម្លឹងមើល ទូរស័ព្ទដៃ របស់នាង ដោយយកដៃចង្អុលនូវសារ និង​រូប​ភា​ពខ្លះៗ ដែលនាងធ្លាប់បានសាសង​នាពេលចុងក្រោយ មុនពេលដែលស្វាមីនាងត្រូវបានគេសម្លាប់មួយថ្ងៃ នាងពោលទាំងអួលដើមកថា រូបនាងនិងកូនប្រុសម្នាក់នេះ លែងបានជួបមុខ​ឪពុកជារៀងរហូត។

រូបនាងចង់ឲ្យរដ្ឋាភិបាលកម្ពុជា បញ្ជូនសពប្ដីនាងមកកម្ពុជាវិញ​ឲ្យបានឆាប់ ដើម្បីឲ្យប្រពន្ធកូននិ​ងក្រុម​គ្រួសា​រ​បានជួបមុខជាលើកចុងក្រោយ។ជាមួយគ្នានោះផងដែរ នាងក៍បានស្នើឲ្យរដ្ឋាភិបាល ជួយទំនុ​ប​បំរ៉ុងនូ​វជីវភាពគ្រួសារនេះផងដែរ។

នាងបន្ដថា «ចា៎ទើបម្សិលមិញបានតេមកប្រាប់ខ្ញុំបានខ្ញុំដឹងខ្ញុំចង់ឃើញមុខប្ដីខ្ញុំមិនដែលបាននៅជាមួយគ្នាឥឡូវជាលើកចុងក្រោយហើយសូម្បីតែកូនមិនសូវបានឃើញមុខបានច្រើនទេ ទើបបានបន្ដិចទៅទៀត»។

លោក អ៊ឹម សំ និងទាហានមួយខៀវកម្ពុជា បីរូបផ្សេងទៀត ត្រូវបានក្រុមឧទ្ទាមសម្លាប់ នៅពេ​លបំពេញ​ការងារ ជាកងរក្សាសន្ដិសុខនៅអាហ្វ្រិកកណ្ដាល កាលពីថ្ងៃទី៨ខែឧសភានេះ។ មកដល់ពេល​នេះមា​នរ​យៈ​​​ពេ​លបួនថ្ងៃមកហើយ ប៉ុន្ដែសាកសពមិនទាន់ត្រូវបាន​រដ្ឋាភិបាលកម្ពុ​ជាបញ្ជូនមក​ដល់មា​តុភូមិ​នៅ​​ឡើ​យ​ទេ។

ទាហានមួកខៀវចំនួន៤នាក់នោះ មានលោក អ៊ឹម សំ មានស្រុកកំណើតនៅខេត្តសៀម​រាប លោក ស៊ាង នរិន្ទ មានស្រុកកំណើតខេត្តកំពត និង លោក មុំ តុលា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងលោក ម៉ៅ អេង រស់នៅភ្នំពេញ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់វីអូឌី កាលពីថ្ងៃពុធថា ទាហានកម្ពុជា​ដែលត្រូវបា​នសម្លា​ប់កើនឡើងដល់៤នាក់ ហើយសពរបស់ពួកគេ នឹងអាចបញ្ជូនមកដល់កម្ពុជាវិញ ក្នុងរយៈពេ​ល​ប្រហែ​លជា២សប្ដាហ៍ទៀត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងច្បាស់បញ្ហានឹងទេ ប៉ុន្តែឯកឧត្ដម សុវណ្ណី ម្សិលគាត់មានបទសម្ភាស៍ថា ក្នុងរយៈពេល២សប្ដាហ៍ទៀត ប៉ុន្តែខ្ញុំមិនទាន់​ទទួលបានដំ​ណឹងនៅ​ឡើយ​ទេ»។

ឪពុកយោធិនមួកខៀវកម្ពុជា លោក ជួន ជន់ អាយុ៦៤ឆ្នាំ នៅភូមិព្រៃជ្រូក ស្រុកពួក ខេត្ដសៀមរាប ឲ្យដឹងថា​ កូនប្រុសរបស់គាត់ធ្លាប់ធ្វើជាយោធានៅយោធភូមិភាគទី៤ជាង១០ឆ្នាំ មុនចូលបំរើកងទ័ពមួ​កខៀវ។​

លោ​កបន្ដថា កូនប្រុសលោក ក៍ធ្លាប់រងរបួសដោយ​សារគ្រាប់មីន​ម្ដងដែរ ខណៈដែ​លទៅ​បំពេញកា​រងា​រនៅប្រទេ​សសុម៉ាលី។ក្រុមគ្រយសារលោក បានសម្ដែងការសោកស្ដាយ ដោយសារពេ​លខ្លះគ្រួសា​រគាត់គឺ​រំពឹង​ទៅលើតែលោក អ៊ឹម សំ​ផងដែរ។

លោកបន្ដថា «អត្តចរិតទៅត្រង់ណាមេគេ​ក៏ស្រលាញ់​គ្រប់តែកន្លែ​ង។ បាទគេជួយខ្លះដែរ ខ្លះទុកចាញ់ខ្លួនគេឲ្យម៉ែឪមួយពេលមួយពេល»។

ទោះជាយ៉ាងណា ក្រោយពីការស្លាប់ និងបាត់ខ្លួន ទាហានមួកខៀវទាំងបួននាក់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ទទួលខុសត្រូវ​និងធានាដល់​អាយុជី​វិតពលរដ្ឋ ឬ ទា​ហា​នរបស់កម្ពុជា។

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា គ្មានទាហានកម្ពុជាណាម្នាក់ ត្រូវបាន​ក្រុមឧ​ទ្ទាមសម្លា​ប់ដោយកាត់កនោះទេ ហើយលោកក៏បានថ្លែងថ្កោល​ទោសចំពោះអ្ន​កប្រើប្រាស់​បណ្តា​ញសង្គ​ម​មួ​​យចំនួនដែលចែករំលែកព័ត៌មានមិនពិតនេះ។

យ៉ាងនេះក្តី អ្នកស្រី តាន់ ភារ័ត្ន បង្ហាញក្តីសង្ឃឹមថា ទាំងរដ្ឋាភិបាលទាំងតំណាងអង្គការសហប្រជាជាតិ និងយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារគាត់ រួមទាំងគ្រួសារយោធិតដទៃទៀត  ដែលហ៊ានលះបង់អាយុជីវិត ដើម្បីបុព្វហេតុក្រុមគ្រួសារ និងប្រពន្ធជាទីស្រឡាញ់ ចូលរួមរក្សាសន្តិភាពលើពិភពលោកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ