សង្គម​ស៊ីវិល​៖ ការប្រើប្រាស់​អុិន​ធើ​​ណិតមាន​ក្រមសីលធម៌​ជួយ​លើកស្ទួយ​សិទ្ធិមនុស្ស​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 4:15 PM | បច្ចេកវិទ្យា | 0 | 8366

អង្គការសង្គមស៊ីវិលមួយក្រុម បានអះអាងថា បណ្ដាញសង្គម អាចជួយជំរុញដល់ការអភិវឌ្ឍសង្គម និងការគោរពសិទ្ធិមនុស្ស ប៉ុន្តែ បានព្រមានដល់អ្នកប្រើប្រាស់បណ្ដាញសង្គម អំពីបញ្ហាប្រឈមដែលបណ្ដាលមកពីកង្វះសីលធម៌ក្នុងការប្រើប្រាស់។

នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ អង្គការសង្គមស៊ីវិលចំនួន៥ ក្នុងនោះមានបណ្តាញយុវជន (YCC) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) សមាគមធាងត្នោត (STT) អង្គការអាក់ស៊ិនអេដ និងអង្គការសហប្រតិបត្តិការ ដើម្បីកម្ពុជា បានសហការគ្នាបង្កើតឲ្យមានកិច្ចពិភាក្សាមួយលើប្រធានបទស្តីពី «យុគសម័យអ៊ិនធើណិត និងសិទ្ធិមនុស្ស» នៅសាលារៀនមួយ ក្នុងរាជធានីភ្នំពេញ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថា អ្នកដែលមានលទ្ធភាពប្រើប្រាស់អ៊ិនធើណិត អាចក្លាយជាអ្នកសារព័ត៌មានប្រចាំមូលដ្ឋាន ដើម្បីជួយជំរុញការអភិវឌ្ឍជាតិ និងជំរុញការគោរពសិទ្ធិមនុស្ស ដោយគ្រាន់តែបង្ហោះរូបភាព ឬសរសេររៀបរាប់ពីព្រឹត្តិការណ៍ ដែលពួកគេបានជួបប្រទះ ដូចជា ការរំលោភដីធ្លី រំលោភសិទ្ធិការងារ អំពើពុករលួយ អភិបាលកិច្ចជាដើម ឲ្យសាធារណជន និងរដ្ឋាភិបាលបានដឹង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តេឡេក្រាម និងតាមកម្មវិធីបច្ចេកវិទ្យាទំនើបផ្សេងៗទៀតបាន។

ប៉ុន្តែ សង្គមស៊ីវិល បានព្រមានថា អ្នកប្រើប្រាស់បណ្ដាញសង្គមអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់អ៊ិនធើណិតទាំងនោះ ប្រើពាក្យអសុរស ជេប្រមាថគ្នា ឬបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត។

ជាការកត់សម្គាល់មកដល់ពេលនេះ យុវជនយ៉ាងតិច ៣នាក់ហើយ ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួននៅពន្ធនាគារ ដោយសារតែពួកគេរងការចោទថា បានសរសេរសារគំរាមមន្ត្រីរដ្ឋាភិបាល តាមបណ្តេញសង្គមហ្វេសប៊ុក។

បើតាមអង្គការសង្គមស៊ីវិល បានអះអាងថា មកដល់ពេលនេះអ្នកប្រើប្រាស់អ៊ិនធើណិត មានជិត ៣លាននាក់ ។

ថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកនយោបាយ ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា និងមន្ត្រីមួយចំនួនទៀត ក៏មានហ្វេសប៊ុកផ្ទាល់ខ្លួន សម្រាប់ចែករំលែកព័ត៌មាន និងទទួលយកសំណូមពរពីពលរដ្ឋដែរ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required