​លោក ហ៊ុន សែន បិទផ្លូវ​ចរចា​បើ​បក្ស​ប្រឆាំង​យក​បញ្ហា​អ្នក​ជាប់​ឃុំ​មក​ដាក់​លើ​តុ​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីជំហររបស់លោកថា គ្មានការចរចាជាមួយបក្សប្រឆាំងនោះឡើយ ប្រសិនបើរបៀបវារៈអ្នកជាប់ឃុំ ត្រូវបានគេលើកយកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយនយោបាយនោះ។

កាលព្រឹកថ្ងៃសៅរ៍ម្សិលមិញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងនៅឯស្នាក់ការកណ្ដាលគណបក្សថា គណបក្សប្រឆាំង នឹងស្វែងរកការចរចានយោបាយជាមួយគណបក្សកាន់អំណាច ដើម្បីបើកផ្លូវដល់ការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស និងដោះលែងតំណាងរាស្ត្របក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីរៀបចំការបោះឆ្នោត និងសកម្មជននយោបាយដទៃទៀត។

ទោះជាយ៉ាងណា គេហទំព័រព័ត៌មាន Fresh News ដែលអះអាងថា បានសម្ភាសតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ដែលបានអះអាងថា៖ «គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះទេ»។

គេហទំព័រដដែលនេះ បានអះអាងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បើមានការចចារពេលនេះនឹងអាចជះឥទ្ធិពលទៅលើដំណើរការតុលាការ ដែលកំពុងមានចំណាត់ការលើសំណុំរឿងមួយចំនួន។

លោកនាយករដ្ឋម្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រដ្ឋសភាគឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើការរបស់ជាតិ តែលោកថា គណបក្សសង្គ្រោះជាតិបានបោះបង់ចោលដោយខ្លួនឯង។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ប្រសិនមានការជួបចរចាគ្នាណាមួយ នាពេលខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងមិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនពិភាក្សាលើករណីអ្នកជាប់គុកនោះដែរ។

មនុស្ស ១៩នាក់ ក្នុងនោះមានតំណាងរាស្ត្រ ២រូប មន្ត្រីការពារសិទ្ធិមនុស្ស ៤រូប មន្ត្រីរៀបចំការបោះឆ្នោត ១រូប និងសកម្មជននយោបាយជាច្រើននាក់ទៀត ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនជាបន្តបន្ទាប់។

ចំណែកឯលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺជាបន្តបន្ទាប់ផងដែរ ទាក់ទិននឹងសំណុំរឿងដ៏ចម្រូងចម្រាសមួយដែលគេចោទថា លោកមានទំនាក់ទំនងស្នេហាជាមួយ ខុម ចាន់តារ៉ាទី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ