អ្នកនាំពាក្យ​អះអាងថា ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​ពុំ​គាំទ្រ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​

ប្រធានាធិបតីថ្មីហ្វីលីពីនលោក Rodrigo Duterte (រូបភាពពីសារព័ត៌មាន​Channel News Asia)

អ្នកនាំពាក្យលោក Rodrigo Duterte អនាគតប្រធានាធិបតីថ្មីរបស់ហ្វីលីពីន បានឲ្យដឹងថា លោក Duterte ពុំគាំទ្រការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនោះឡើយ។

ការអះអាងដូច្នេះរបស់អ្នកនាំពាក្យប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន ត្រូវបានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីប្រមុខអង្គការសហប្រជាជាតិ ទៅលើយុទ្ធនាការមួយរបស់លោក Duterte ដែលនឹងអនុញ្ញាតឲ្យមហាជនសម្លាប់ពួកឧក្រិដ្ឋជនគ្រឿងញៀន។

លោក Duterte បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតកាលពីខែមុន ដោយសារតែគោលនយោបាយតឹងរឹងរបស់លោកដែលបានសន្យាបញ្ចប់ឧក្រិដ្ឋកម្មតាមរយៈការសម្លាប់ជនសង្ស័យជាឧក្រិដ្ឋជន ១ម៉ឺននាក់ នៅក្នុងរយៈពេល ៦ខែ។

លោកបានប្រកាសផ្ដល់រង្វាន់ដល់កម្លាំងសន្តិសុខ ព្រមទាំងមហាជន ដែលបានសម្លាប់ពួកជួញដូរគ្រឿងញៀន។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា ទោះជាយ៉ាងណា អ្នកនាំពាក្យលោក Duterte គឺលោក Salvador Panelo បានអះអាងកាលពីថ្ងៃសៅរ៍ម្សិលមិញថា លោក Duterte ពុំគាំទ្រការសម្លាប់ក្រៅប្រព័ន្ធតុលាការនោះឡើយ។

លោក Salvador Panelo បាននិយាយថា ប្រធានាធិបតីថ្មី មិនបានគាំទ្រនោះឡើយ ហើយនឹងមិនគាំទ្រការសម្លាប់ក្រៅប្រព័ន្ធតុលាការនោះដែរ ដោយវាផ្ទុយទៅនឹងច្បាប់។

អ្នកនាំពាក្យរូបនេះ បានអះអាងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ជឿលើសេចក្ដីរាយការណ៍ព័ត៌មានខុស នៅពេលលោកថ្កោលទោសចំពោះលោក Duterte។

លោក បាន គីមូន បានរៀបរាប់នៅក្នុងសុន្ទរកថានៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធកន្លងមកថា លោកវិលវល់អស់ដោយសារតែសម្ដីរបស់លោក Duterte ដែលបានប្រមាថទៅលើអ្នកកាសែត។

លោក Duterte ដែលនឹងត្រូវចូលកាន់តំណែងនៅចុងខែមិថុនានេះ បានប្រាប់អ្នកកាសែតកាលពីសប្ដាហ៍មុនថា អ្នកកាសែតដែលទទួលសំណូក ឬជាប់ពាក់ព័ន្ធនឹងសកម្មភាពពុករលួយ សមតែត្រូវគេសម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ