លោក ហ៊ុន សែន៖ កុំគិតតែអភិរក្ស មិនគិតអភិវឌ្ឍ ហើយគិតតែអភិវឌ្ឍ មិនគិតអភិរក្ស

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 2:35 PM | វប្បធម៌អភិបាលកិច្ចល្អ | 0 | 3793 ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានជំរុញឲ្យអ្នកជំនាញវប្បធម៌ សិក្សាឲ្យបានច្បាស់លាស់ថាតើតំបន់ណាដែលត្រូវអភិរក្ស និងតំបន់ណាដែលត្រូវឲ្យមានការអភិវឌ្ឍ។

ការលើកឡើងដូចនេះ របស់ លោក ហ៊ុន សែន គឺនៅក្នុងសន្និសីទអន្តរជាតិស្តីពី ទេសចរណ៍ ក្រោមប្រធានបទ «ការអភិរក្ស និងការការពារទីក្រុងបេតិកភណ្ឌ» ដែលធ្វើឡើងនៅខេត្តសៀមរាប។

លោក ហ៊ុន សែន ថ្លែងថា នៅទីក្រុងមានអគារចាស់ទ្រុឌទ្រោមជាច្រើនដែលអង្គការយូណេស្កូលើកពីគម្រោងឲ្យអភិរក្សប៉ុន្តែលោកថាតំបន់នោះចាំបាច់ត្រូវតែអភិវឌ្ឍ។ លោកថា «យើងទុកផ្ទះរាប់រយដើម្បី​អភិរក្ស។ ពេលនោះប្រជាជនមានការស្រែកខ្លាំងណាស់! ខ្ញុំបានទៅមើលដល់ទីកន្លែងវាស្ទើរតែបាក់ទៅហើយ។ ​ហើយអ្នក​ដែល​ត្រូវការដីធ្លីកន្លែងនោះ គឺត្រូវការធ្វើ​ផ្ទះ​ស្អាត គេមិនមែនត្រូវការនៅក្នុង​កន្លែងនោះទេ។ ​ប៉ុន្តែបែរជាយើង​លើក​បញ្ជីយ៉ាងច្រើនដើម្បីធ្វើការអភិរក្ស។ អីចឹងមានពេលមួយខ្ញុំនិយាយត្រង់ហ្មង! ជាមួយអភិបាលក្រុងភ្នំពេញ ខ្ញុំថាឲ្យយូណេស្កូយកលុយមកទិញផ្ទះហ្នឹងទាំងអស់ទៅ! បើមិនអីចឹងទេ អ្នកមានផ្ទះមានដី ទុកអាហ្នឹងស្ទើរតែបាក់ហើយ ចេះតែទុកទៅ?»

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី លើកឡើងថា អគារចាស់ៗរបស់រដ្ឋគួរតែថែរក្សាទុក ប៉ុន្តែមិនអាចរក្សាទុកអាគារពេញមួយទីក្រុងទាំងអស់នោះទេ។

​អគារ​ប៊ូឌីង ជាអគារចំណាស់មួយតាំងពីទស្សវត្ស៦០ ត្រូវ​បានរដ្ឋាភិបាលប្រគល់ឲ្យ​ក្រុមហ៊ុនជប៉ុនវិនិយោគទឹក​ប្រាក់​គម្រោង​ប្រមាណ ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយពលរដ្ឋនៅ​ទីនោះ​បានយល់ព្រមទទួលសំណងជាថ្នូរចាកចេញ។

បើតាមអង្គការយូណេស្កូ ទីក្រុងចំនួន៣ នឹងត្រូវដាក់ជាទីក្រុងបេតិកភណ្ឌពិភពលោក រួមមាន ទីក្រុងសបាត់ដំបង ទីក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទីក្រុងកំពត ៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required