ព្រះមហាក្សត្រតែងតំាង លោក ឃឹម វុទ្ធី ​ជាអគ្គនាយក ទទក

ព្រះមហាក្សត្រ បានតែងតំាង លោក ឃឹម វុទ្ធី ជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ជំនួស លោក កឹម គុណវឌ្ឍ ដែលធ្លាប់បានសុំលាលែងកាលពីពេលកន្លងទៅ។ នេះបើយោង​តាម​ព្រះរាជក្រឹត្យដែលVODទទួលបាននៅថ្ងៃទី១២មិថុនានេះ។

លោក ឃឹម វុទ្ធី គឺ​អគ្គនាយករង នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ហៅថា ទទក ដែល​គេ​ស្គាល់​ថា ជាពិធីករ និងជាអ្នក​ធ្វើការអត្ថាធិប្បាយលើទូរទស្សន៍ ទទក ក្នុងព្រឹត្តិការណ៍ធំៗ របស់​រដ្ឋា​ភិបាល​​​នោះ ត្រូវ​បាន ព្រះមហាក្សត្រ ​​តែង​តំាង​ធ្វើ​ជា​អគ្គ​​នា​យក ទទក ជំនួសលោក គឹម គុណវឌ្ឍ ខណៈលោកចូលនិវត្តន៍។

ប៉ុន្តែបើតាមសារបង្ហាញនៅក្នុងហ្វេសប៊ុក​ចែករំលែកតៗគ្នា បានឲ្យដឹង​ថា រដ្ឋមន្ត្រីក្រសួង​ព័ត៌មានលោក ខៀវ កាញា​រីទ្ធ អះអាងថាលោកមិនដឹងរឿងព្រះមហាក្សត្រតែងតំាងលោក ឃឹម វុទ្ធី ធ្វើជាអគ្គនាយក ទទក នោះ​ទេ។លោក​ថា​ «ហេតុអ្វីខ្ញុំអត់ដឹងសោះអញ្ចឹង? តើចេញតាមណាវិញ? ព្រោះអត់មានអ្នកណាមក​ឆ្លងយោបល់ ឬសុំមតិឯកភាពផង​»។

ទោះជាយ៉ាងណា VOD មិនអាចសុំការបំភ្លឺបន្ថែមលើរឿង​នេះពីលោក ខៀវ កាញារីទ្ធ នៅថ្ងៃចន្ទ ទី​១២​មិថុនា​នេះបានទេ​។

រីឯ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២មិថុនានេះ ក្រសួង​ព័ត៌​មា​នមិនទាន់ទទួលបានឯកសារស្នើសុំតែងតំាងលោក ឃឹម វុទ្ធី នៅឡើយ ដោយលោកថា ការ​តែង​តាំងនេះធ្វើនៅចុង​សប្តាហ៍មុន​ ពោលជាថ្ងៃឈប់សំរាក​ ខណៈលោក ខៀវ កាញារីទ្ធ ជាប់បំពេញ​បេសក​​ម្ម​នៅក្រៅប្រទេស​។

លោកមានប្រសាសន៍ថា «រឿងតែងតំាងអគ្គនាយក ទទក ខ្ញុំបានឃើញហើយ ឃើញគេបង្ហោះ ប៉ុន្តែ​ជាផ្លូ​វ​កា​រយើងអត់ទាន់បានទទួលច្បាប់ចំលង ហើយឯកឧត្តម កាញារីទ្ធ គាត់នៅ​ប្រទេសសិង្ហបុរី​ ប្រហែល​ជា​សារ​មិន​ទាន់​ដល់​ខុទ្ទកាល័យ ព្រោះអីថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ព្រោះរឿង​ហ្នឹងចឹង»។

អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន​ ប៊ុនស័ក្តិ យល់ថា បើការសម្រេចតែងតំាង លោក ឃឹម វុទ្ធី ធ្វើជាអគ្គនាយកទូរទស្សន៍ ទទក ដោយមិនបានឆ្លងយោបល់​ពីលោក កាញារីទ្ធ មែន លោកថា ជាការធ្វេសប្រហែសផ្នែករដ្ឋបាល និងធ្វើឲ្យប៉ះពាល់ដល់អភិបាលកិច្ច​។

លោកយល់ថា «អ្វីដែលប៉ះពាល់គឺប៉ះពាល់ដំណើរការអភិ​បាលកិច្ចទូទៅ ដូចថាវាខុសក្រិតក្រមក្នុងការគ្រប់​គ្រង ព្រោះការគ្រប់គ្រង​ កាត់ចាត់តំាង ការបែងចែកកម្លំាង​ផ្សេងៗ គឺត្រូវ​តែមានការដឹងឮ ពីថ្នាក់ក្រោម ទៅថ្នាក់លើ ថ្វីត្បិតតែថ្នាក់ប្រធានស្ថាប័នមិនមែនជាអ្នកសម្រេច​ក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ គេ​តែងថាត្រូវ​មានការយល់ព្រម [គ្រីស] ត្រូវ​មានចំណារពីថ្នាក់ក្រោម ជាយោបល់ពីថ្នាក់ក្រោមទៅ ទើប​ជា​កម្មវត្ថុ​ដោយថ្នាក់លើ​ បើសិនជាមានការខ្វះខាតមែន ខ្ញុំមើលឃើញជារឿង​មួយ មិនប្រក្រតីនៅ​ក្នុង​កិច្ច​ការរដ្ឋបាលរបស់ក្រសួងទៅវិញ​»។

កន្លងទៅ អគ្គនាយកទូរទស្សន៍ ទទក លោក គឹម គុណវឌ្ឍ ធ្លាប់ស្នើសុំទៅរដ្ឋមន្ត្រីក្រ​សួង​ព័ត៌​មាន​លាលែង​ចេញពីតំណែងភ្លាម ក្រោយ​ពី​ទូរទស្សន៍​ជាតិកម្ពុជា អាក់ខានការផ្សាយផ្ទាល់ ការប្រារព្ធ​ព្រះរាជពិធីច្រត់ព្រះនង្គ័ល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ