អ្នកឃ្លាំមើលបារម្ភពីសន្លឹកឆ្នោតមិនបានការមានចំនួនច្រើន

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត

ក្រុមអ្នកឃ្លាំមើលការបោះឆ្នោត បានសំដែងក្ដីបារម្ភរបស់ពួកគេដោយថា សន្លឹកឆ្នោតមិនបានការមានចំនួនច្រើន និងស្នើឲ្យ គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញនៅតាមឃុំសង្កាត់ ដែលមានភាពមិនប្រក្រតី។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅបន្ទប់ស្ថានការណ៍បោះឆ្នោត រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ នាយកប្រតិបត្តិអង្គការខុមហ្រ្វែលលោក គល់ បញ្ញា មានប្រសាសន៍ថា បណ្ដុំអង្គការសង្គមស៊ីវិលមានក្ដីបារម្ភ បន្ទាប់ពីរកឃើញថា សន្លឹកឆ្នោតមិនបានការមានចំនួនច្រើនគឺ ១,៨ភាគរយ និងថា គ.ជ.ប គួររាប់សន្លឹកឆ្នោតឡើងវិញ តាមឃុំសង្កាត់ទាំងអស់ ដែលមានភាពប្រកៀកប្រកិតខ្លាំង។

លោកថា៖ «យើងរកឃើញថា សន្លឹកឆ្នោតមិនបានការ ​១,៨ភាគរយ។ អញ្ចឹងហើយ បានជានៅក្នុងសេចក្ដីថ្លែងការណ៍ យើងស្នើឲ្យ គ.ជ.ប ត្រូវតែដោះស្រាយបណ្ដឹងទាំងអស់ ដែលគណបក្សនយោបាយគេប្ដឹង ដែលគេរកឃើញថា លទ្ធផលលម្អៀង សន្លឹកឆ្នោតវាគៀកគ្នា ដោយសន្លឹកឆ្នោតមិនបានការវាច្រើន ហើយបើគ.ជ.ប រាប់ទាំងអស់»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ VOD ដឹងថា បច្ចុប្បន្ន គ.ជ.ប កំពុងរាប់សន្លឹកឆ្នោតឡើងវិញ នៅតាមឃុំសង្កាត់ ដែលមានបញ្ហាទាំងនោះ។ លោកមានប្រសាសន៍ថា បន្ទាប់ពីបិទផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នរួចមក គ.ជ.ប បានទទួលដោះស្រាយបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន៣៦បណ្ដឹង និងថា បណ្ដឹងឡើងមកដល់ គ.ជ.ប មានចំនួន១៦បណ្ដឹង។

លោកថា៖ «បន្ទាប់ពីការបិទផ្សាយនូវលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន​ គ.ជ.ប ក៏ទទួលបានពាក្យបណ្ដឹងបន្ដបន្ទាប់ដែរ ក្នុងនោះ ចង់ជំរាបដែរថា ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតគឺ៣៦បណ្ដឹង តាមរាជធានីខេត្តមួយចំនួន បណ្ដឹងឡើងមក គ.ជ.ប សុំឲ្យរាប់ឡើងវិញមានចំនួន១៦បណ្ដឹង ពាក់ព័ន្ធនឹង៨ខេត្ត។ អញ្ចឹងថ្ងៃនេះ គ.ជ.ប ជាថ្ងៃទី១ នៃការចាប់ផ្ដើមរាប់សន្លឹកឆ្នោត»។

នាយកប្រតិបត្តិអង្គការនិចហ្វិចលោក សំ គន្ធាមី ថ្លែងកោតសរសើរស្ថាប័ន គ.ជ.ប ថាបានបំពេញតួនាទីរបស់ខ្លួន​ បើកចំហរឲ្យមានតម្លាភាព និងទទួលយកការរិះគន់ពីភាគីពាក់ព័ន្ធជាងអាណត្តិមុនៗ ដូចជា ការរាប់សន្លឹកឆ្នោត ការដោះស្រាយបណ្ដឹងពីគណបក្សនយោបាយ ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋម​ និងការបង្ហាញឯកសារទម្រង់១១០២ ជាដើម។

លោក សំ គន្ធាមី លើកឡើងថា គ.ជ.ប ថ្មីនេះជាស្ថាប័នធម្មនុញ្ញ ដែលអាចសម្រេចកិច្ចការបោះឆ្នោតធំៗ ដោយខ្លួនឯង មិនដូច គ.ជ.ប មុនទេ។ ប៉ុន្ដែលោកថា គ.ជ.ប គួរបណ្ដុះបណ្ដាលមន្ដ្រីការិយាល័យបោះឆ្នោតរបស់ខ្លួន ព្រោះអ្នកខ្លះមានសមត្ថភាពទាប ដោយបានសាងកំហុសឆ្គងក្នុងការកត់ត្រា និងចម្លងទិន្នន័យបោះឆ្នោត។

លោកថា៖ «គ.ជ.ប ថ្មីនេះឥឡូវជាស្ថានធម្មនុញ្ញ អត់ដូចស្ថាប័នមុនទេ ហើយបានរៀបចំបញ្ជីបោះឆ្នោតមួយ។ នេះហើយដែលធ្វើឲ្យចំនួន ផលវាជះឥទ្ធិពលមកដល់ចំនួនអ្នកបោះឆ្នោតជិត៩០ភាគរយ ៨៩ភាគរយ ​គ.ជ.ប ជួយណាស់ ឃើញមានតម្លាភាពច្រើនជាងមុន គ.ជ.ប អត់ដែលបង្ហោះ១១០២ ដាក់វេបសាយ ដាក់អីទេ​ គ.ជ.ប មុនតែប្រកាសហើយ ចប់តែម៉ង អត់មានចេះកែតម្រូវ កែអីទេ»។

សូមជំរាបថា នៅថ្ងៃចន្ទនេះ គ.ជ.ប កំពុងរាប់សន្លឹកឆ្នោតឡើងវិញ តាមការិយាល័យបោះឆ្នោតចំនួន២៣ ក្នុងឃុំដូង ស្រុករមាសហែក ខេត្ដស្វាយរៀង ។

បើតាមសេចក្ដីប្រកាស មានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញចំនួន២៨ ក្នុងនោះបណ្ដឹង១៨ ជារបស់គណបក្សប្រជាជន និងបណ្ដឹង១០ទៀត ជារបស់គណបក្សសង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ