អ្នកសារព័ត៌មានសោកស្តាយដែលបាត់បង់លោកបណ្ឌិត កែម ឡី

អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី​

អ្នកសារព័ត៌មានមួយចំនួនដែលធ្លាប់បានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដែលត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បង្ហាញអារម្មណ៍សោកស្តាយនៅពេលបាត់បង់រូបលោក ដោយចាត់ទុករូបលោកជាអ្នកវិភាគម្នាក់ដែលហ៊ាននិយាយចំៗចំណុច។

អ្នកយកព័ត៌មានកាសែតខ្មែរថាមស៍ លោក តាំង វីដា យល់ថាការស្លាប់របស់លោកបណ្ឌិតកែម ឡី ជាការបាត់បង់មួយដែល”គួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យសោកស្តាយបំផុត”។ លោកបន្តថារាល់ពេលដែលលោក កែម ឡី បញ្ចេញទស្សនៈនិងមតិយោបល់របស់លោកដល់សារព័ត៌មានគឺ”ចំចំណុចនិងជាគំនិតល្អៗ”ហើយរាល់គំនិតរបស់លោកគឺសុទ្ធតែមានអំណះអំណាងនិងបានសិក្សាសា្រវជ្រាវបានលម្អិត។

លោក តាំង វីដា និយាយថា៖ រាល់គំនិតយោបល់របស់គាត់បានផ្ដល់ឲ្យអ្នកកាសែតគឺមានផល ប្រយោជន៍ដោយសារតែរាល់អំណះអំណាងទាំងនោះសុទ្ធតែមានឯកសារយោងនិងបានសិក្សាស្រាវជ្រាវបានលម្អិត។ គាត់មិនមែនចេះតែនិយាយតាមតែការនឹកឃើញទេគាត់បានសិក្សាជាច្រើន។ មានកាលៈទេសៈគាត់សុំមិនបញ្ចេញយោបល់ព្រោះគាត់មិនមានអំណះអំណាងគ្រប់គ្រាន់

លោកបន្ថែមថា៖ ការបាត់បង់គឺពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនដោយសាររឿងនឹងជារឿងឃាតកម្ម។ ហើយកន្លងមកគាត់ក៏ធ្លាប់បាននិយាយដដែលៗថាគាត់បានរំពឹងទុកមុនថាគាត់មិនខ្លាចស្លាប់ ហើយគាត់និងអាចត្រូវគេសម្លាប់នៅថ្ងៃណាមួយ ប៉ុន្ដែពួកយើងគិតថាគាត់និយាយបែបអាចមានគ្រោះថា្នក់ប៉ុន្ដែវាមិនអាចកើតមានទេ ប៉ុន្ដែចុងក្រោយវាកើតមានឡើងមែន។ គឺវាពិតជាគួរឲ្យសោកស្ដាយណាស់។ …ហើយគាត់ក៏មិនទាន់បានបំពេញបំណងគាត់ទាំងស្រុងក្នុងការផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋ។ ហើយ ការបាត់បង់រូបគាត់ជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាមួយផងដែរ

អ្នកយកព័ត៌មាននៅស្ថាប័នព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក មាស សុខជា យល់ថាការបាត់បង់លោកកែម ឡី ជាការបាត់បង់ប្រភពនៃព័ត៌មានដ៏សំខាន់មួយ។ ក្នុងបទពិសោធន៍ព័ត៌មានរបស់លោកជាមួយលោកកែម ឡី លោកយល់ថាការគំនិតរបស់លោក កែម ឡី មានអត្ថប្រយោជន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកអាចផងដែរ ដោយលោកអះអាងថាសម្រង់សម្តីរបស់លោក(Quote)គឺមានទម្ងន់និងចំចំណុច។

លោកមានប្រសាសន៍ថា៖ “គាត់ផ្តល់ហូរហែមកដូចថាយើងចាប់អារម្មណ៍តែម្តងហើយនៅពេលយើងសរសេរព័ត៌មានយើងដាក់quote(សម្រង់សម្តី) គាត់ទៅគឺមានទម្ងន់តែម្តង។ ហើយអ្នកអានអ្នកស្តាប់គេចាប់អារម្មណ៍តែម្តងនៅពេលដាក់quoteគាត់។ រហូតដល់ពេលខ្លះថ្នាក់ដឹកនាំពេលដែលគេឃើញquote គាត់យើងសរសេរដាក់ហ្នឹង អាចនឹងក្តៅក្រហាយក៏ថាបាន។ … ហ្នឹងជាការជួយរបស់គាត់មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលយើងពាំនាំទៅដល់មិត្តអ្នកអានថ្នាក់ដឹកនាំ។ ហ្នឹងជាប្រយោជន៍មួយដែលយើងផ្សព្វផ្សាយនូវការផ្តល់អនុសាសន៍របស់គាត់ហ្នឹង យើងអាចថាជាការផ្តល់អនុសាសន៍ដែលមានផលវិជ្ជមានច្រើន”។

លោកបន្ថែមថា៖ “ខ្ញុំអ្នកដែលធ្លាប់សំភាសន៍គាត់ ពេលដែលបាត់គាត់ហ្នឹង ហាក់ដូចជាបាត់នូវប្រភពមួយប្រភពសំខាន់មួយរបស់យើង ឥឡូវនេះខ្ញុំកំពុងរកអ្នកវិភាគណាមួយទៀតដែលខ្ញុំអាចប្រើសម្តី យកមកដាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយឲ្យមានទម្ងន់។ ទម្ងន់មិនមែនថាឃើញតែចំណុចអាក្រក់ទេ ទម្ងន់ផលវិជ្ជមាន”។

លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលតាមរកឃាតកពិតប្រាកដឲ្យបាននិងលើកទឹកចិត្តដល់អ្នកវិភាគផ្សេងទៀតត្រូវក្លាហាននិងហ៊ាននិយាយនូវអ្វីដែលខ្លួនយល់ថាល្អនិងបានផ្តល់ផលវិជ្ជមានសម្រាប់សង្គមជាតិ។

លោក កែម ឡី បានផ្តល់បទសម្ភាសន៍ចុងក្រោយឲ្យវិទ្យុអាស៊ីសេរីនិងVOAស្តីពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Wintess)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន។

បច្ចុប្បន្នសពលោកបណ្ឌិត កែម ឡី ត្រូវបានរក្សាទុកនៅវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីឲ្យមហាជនមកគោរពសពលោកជាលើកចុងក្រោយ។ សពរបស់លោកគ្រោងតម្កល់ទុកនៅទីនោះរយៈពេល១០ថ្ងៃហើយនឹងត្រូវបូជានៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ក្រោយពីការស្លាប់របស់លោក កែម ឡី ប្រជាជនដែលស្គាល់និងធ្លាប់ឭសំឡេងលោក អ្នកនយោបាយនិងអង្គការសង្គមស៊ីវិល មានការសោកស្តាយចំពោះការបាត់បង់រូបលោក។

កាលនៅរស់ លោក កែម ឡី ធ្លាប់បាននិយាយទៅកាន់សាធារជនថា៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ ខ្ញុំចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន  នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ អញ្ចឹងហើយបានខ្ញុំហ៊ាននិយាយបែបនេះ”៕

ដោយ ហ៊ុន សិរីវឌ្ឍន៍, សាយ ឡាលីស, និងណយ សុធានី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ