លោកស្រី Theresa May នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីអង់គ្លេសនៅថ្ងៃពុធសប្ដាហ៍ក្រោយដែលនឹងដឹកនាំអង់គ្លេសពិភាក្សាអំពីការចាកចេញពីសហភាពអឺរ៉ុប។ លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីនាំមុខគូប្រជែងនៅក្នុងការប្រកួតប្រជែងបន្តតំណែងពីលោក David Cameron ដែលនឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនាពេលខាងមុខ។
លោកស្រី May គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ បន្ទាប់ពីលោក Andrea Leadsom បានសម្រេចចិត្តបោះបង់ការប្រកួតប្រជែងកាលពីថ្ងៃចន្ទម្សិលមិញ។
លោក Cameron បានប្រកាសថា លោកស្រី May នឹងចូលកាន់តំណែងបន្តពីលោកនៅថ្ងៃពុធសប្ដាហ៍ក្រោយ នៅពេលលោកនឹងធ្វើដំណើរចូលគាល់ម្ចាស់ក្សត្រី Elizabeth ទី២ និងថ្វាយលិខិតលាលែងរបស់លោក។
លោកស្រី May បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការចរចារកដំណោះស្រាយដ៏ល្អសម្រាប់អង់គ្លេស ដែលសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប។
អង់គ្លេសបានប្រឈមមុខនឹងភាពទាល់ច្រកខាងនយោបាយដ៏អាក្រក់បំផុត ក្រោយពីការបោះឆ្នោតប្រជាមតិសម្រេចចាកចេញពីប្លុកអឺរ៉ុប កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងមក។ ការប្រកាសលាលែងពីតំណែងរបស់លោក Cameron បានទាញឲ្យគណបក្សអភិរក្សរបស់លោកធ្លាក់ចូលការប្រកួតប្រជែងតំណែងដឹកនាំដ៏ល្វីញជូរចត់៕