លោក​ អ៊ុំ​ សំ​អាន​៖ អ្នក​ការពារ​ព្រំដែន​បែរ​ជា​ជាប់​គុក​ ចំណែកឯ​អ្នក​កាត់​ដី​ឱ្យ​យួន​បែរជា​រួចខ្លួន​

លោក​ អ៊ុំ​ សំ​អាន (ដោយ ជី បូណ៌មី)

តំណាងរាស្ត្របក្សប្រឆាំងមួយរូបដែលសកម្មនឹងរឿងព្រំដែនគឺលោក អ៊ុំ សំអាន បានបន្តរិះគន់រដ្ឋាភិបាលខ្លាំងៗថា អ្នកដែលការពារបូរណភាពទឹកដីត្រូវជាប់ពន្ធនាគារ ចំណែកអ្នកកាត់ដីឲ្យទៅប្រទេសជិតខាងបែរជាតាំងខ្លួនជាអ្នកស្នេហាជាតិ។

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកសវនាការលើបណ្តឹងរបស់លោក អ៊ុំ សំអាន សុំមោឃភាពនីតិវិធីនៃការឃុំខ្លួន ដោយអះអាងចំណាត់ការរបស់តុលាការថ្នាក់ក្រោម រំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញ។

ប្រាប់អ្នកសារព័ត៌មានពេលឆ្មាំពន្ធនាគារក្រៀកចេញពីរថយន្តបណ្តើរទៅបន្ទប់សវនាការ លោក អ៊ុំ សំអាន បានអះអាងថាគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើរដ្ឋប្រហារដ្ឋធម្មនុញ្ញ ចាប់តំណាងរាស្រ្តដាក់ពន្ធនាគារទាំងមានអភ័យឯកសិទ្ធិសភា។

លោកថា៖ «សម័យនេះអ្នកដែលស្នេហាជាតិ អ្នកការពារព្រំដែនជាប់គុក ហើយអ្នកដែលកាត់ដីឲ្យយួន បែរជារួចខ្លួនក្លាយជាអ្នកស្នេហាជាតិទៅវិញ។ យើងដឹងហើយមេដឹកនាំយើងកាត់ដីឲ្យយួន ដើម្បីតបស្នងសងគុណយួនដែលលើកបន្តុបគាត់តាំងពីទសវត្សទី៨០»

លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ទាំងនៅមានអភ័យឯកសិទ្ធិសភា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៦ ក្រោមបទចោទញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងញុះញង់ឲ្យមានការរើសអើង។ ប៉ុន្តែលោកបានប្តឹងជំទាស់នឹងការឃុំខ្លួននេះ។

ក្រោយពីសួរដេញដោលជិត៣ម៉ោង ប្រធានក្រុមប្រឹក្សាសាលាឧទ្ទរណ៍លោក ងួន អ៊ីម បានច្រានចោលបណ្តឹងទាស់របស់លោក អ៊ុំ សំអាន ដោយចៅក្រមអះអាងថាសភាស៊ើបសួរគ្មានសមត្ថកិច្ចពិចារណាទៅលើសំអាងហេតុរបស់មេធាវីដែលលើកយកមាត្រា៨០នៃរដ្ឋធម្មនុញ្ញ មាត្រា៧ និង១១នៃច្បាប់លក្ខន្តិកៈអ្នកតំណាងរាស្ត្រដែលចែងពីអភ័យឯកសិទ្ធិសភានោះទេ។

លោក ងួន អ៊ីម បញ្ជាក់ថាសភាស៊ើបសួរចាត់ទុកថា តំណាងរាស្ត្រលោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសជាក់ស្តែងនិងបានចាត់ទុកថាការសម្រេចរបស់ចៅក្រមស៊ើបសាលាដំបូងកន្លងទៅ លោកថាត្រឹមត្រូវតាមទម្រង់ច្បាប់។

លោក អ៊ុំ សំអាន ដែលសកម្មរិះគន់រដ្ឋាភិបាលរឿងបញ្ហាព្រំដែន ពេលឆ្មាំពន្ធនាគារបណ្តើរចេញពីបន្ទប់សវនាការហាក់មិនចាប់អារម្មណ៍ទៅនឹងការសម្រេចរបស់ចៅក្រមឲ្យបន្តឃុំខ្លួនលោកក្នុងពន្ធនាគារបន្តទៀតនោះទេ តែលោកហាក់ចំអកថាឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅទីសាធារណៈកន្លងទៅនេះ លោកគិតថាអ្នកឈឺឆ្អាលរឿងព្រំដែនដូចរូបលោករស់នៅក្នុងគុកមានសុវត្ថិភាពជាង។

លោកថា៖ «បើនៅក្រៅឃុំ[ខ្ញុំ]ប្រាកដជាមានវាសនាដូចលោក កែម ឡី ព្រោះលោក កែម ឡី គាត់ហ៊ានរិះគន់រដ្ឋាភិបាល គាត់ហ៊ានរិះគន់ត្រកូលហ៊ុន ពីមុខជំនួញតាមរបាយការណ៍អង្គការ Global Witness ហ៊ានរិះគន់រឿងព្រំដែនហ្នឹងហើយបានគេសម្លាប់។ ដូច្នេះនៅក្នុងពន្ធនាគាររាល់ថ្ងៃមានសុវត្ថិភាពជាងនៅក្រៅ»

លោក ហែម សុជាតិ ជាមេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន ព្រមផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានសុំមិនឲ្យថតរូប ដោយអះអាងថាបារម្ភពីសុវត្ថិភាពក្រោយពីមានឃាតកម្មបាញ់សម្លាប់លោក កែម ឡី ។

មេធាវីរូបនោះបានចាត់ទុកថាការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ លោកថាគ្មានយុត្តិធម៌សម្រាប់កូនក្តីលោកទេ។ លោកថានឹងពិភាក្សាជាមួយកូនក្តី ប្តឹងសារទុក្ខករណីនេះទៅតុលាការកំពូលបន្តទៀត ។

លោកថា៖ «ខ្ញុំយល់ឃើញថាសភាស៊ើបសួរគាត់មានសមត្ថកិច្ចអាចពិចារណា ពីព្រោះគាត់ត្រូវពិនិត្យពីនិយតភាពនៃនីតិវិធី។ ប៉ុន្តែពេលនេះ សភាស៊ើបសួរគាត់យល់ថាចំណាត់ការរបស់អយ្យការសាលាដំបូងនិងរបស់ចៅក្រមស៊ើបសួរគឺយល់ថាត្រឹមត្រូវ ប៉ុន្តែសម្រាប់ខ្ញុំជាមេធារី ខ្ញុំនៅតែចាត់ទុកថាមិនមែនជាការត្រឹមត្រូវទេ»

លោកនាយករដ្ឋមន្ត្រីធ្លាប់អះអាងថាការបោះបង្កោលព្រំដែនជាមួយរៀតណាម លោកថាមិនធ្វើឲ្យកម្ពុជាបាត់ខាតបង់ “សូម្បីមួយមីលីម៉ែត្រ” និងបានព្រមានថារដ្ឋាភិបាលនឹងបន្តចាប់ខ្លួនជនណាដែលបន្តរិះគន់ថារដ្ឋាភិបាលថាប្រើផែនទីក្លែងក្លាយ បោះបង្គោលព្រំដែនជាមួយវៀតណាម។

បើទោះបីកន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រើពេលជាង៥ម៉ោងបំភ្លឺនៅក្នុងសភាពីភាពចម្រូងចម្រាស់នៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះក៏ដោយ ប៉ុន្តែការបកស្រាយដោយមិនអនុញ្ញាតិឲ្យមានការសួរដេញដោលពីបក្សប្រឆាំងទេ។

អ្នកវិភាគមួយចំនួនគិតថាបញ្ហាព្រំដែននៅតែជាបន្ទុកដល់កូនខ្មែរជំនាន់ក្រោយ បើរដ្ឋាភិបាលមិនបង្ហាញតម្លាភាពនៃការបោះបង្គោលនិងសន្ធិសញ្ញាព្រំដែននានាដែលរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងនោះ។

បច្ចុប្បន្ននេះតំណាងរាស្រ្តបក្សប្រឆាំងពីររូបមានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលសកម្មរឿងព្រំដែនត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសទាំងមានអភ័យឯកសិទ្ធិសភា ដែលអ្នកច្បាប់ថារំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០៕ ដោយ លោក អឹុង ប៊ុនថន និងលោក ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ