ក្រុមអង្គការអន្ដរជាតិទទូចឲ្យក្រុមហ៊ុនបរទេស ជួយចេញសងការខូចខាតដល់កម្មករខ្មែរ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:01 AM | សិទ្ធិមនុស្ស | 0 | 1942

ក្រុមអង្គការអន្ដរជាតិ ដែលធ្វើការលើវិស័យកាត់ដេរ បានស្នើដល់ក្រុមហ៊ុនបរទេសចំនួន៣ ជួយជួសជុលការខូចខាតទៅកម្មករ-កម្មាការិនីខ្មែរប្រមាណជាង២០០នាក់ នៅរោងចក្រមួយ ក្នុងសង្កាត់ចាក់អង្រេក្រោម ដែលអត់ការធ្វើជាង១ឆ្នាំមកហើយ។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១១កក្កដាឆ្នាំ២០១៧ ក្រុមអង្គការអន្ដរជាតិ ដែលធ្វើការលើផ្នែកកាត់ដេរសំលៀកបំពាក់មួយចំនួន មានអង្គការ Clean Clothes Campaign, Workers United Canada និងអង្គការ Maquila Solidarity Network ព្រមទាំងក្រុមកម្មករបានទទូចឲ្យម្ចាស់រោងចក្រសំលៀកបំពាក់ Chung Fai Knitwear និងក្រុមហ៊ុនជាដៃគូចំនួន៣ ចេញសងការខូចខាតដល់កម្មករខ្មែរចំនួន២០៨នាក់ ដែលនៅមិនទាន់ទទួលបានប្រាក់បំណាច់ផ្សេងៗរបស់ពួកគេ និងខ្លះកំពុងអត់ការងារធ្វើ។

បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនបរទេសចំនួន៣ រួមមានក្រុមហ៊ុនអង់គ្លេសចំនួន២ គឺ Marks and Spencers និងក្រុមហ៊ុន Bonmarche ហើយនិងក្រុមហ៊ុនកាណាដាមួយទៀត គឺ Nygard ដោយថា ដើម្បីឲ្យក្រុមហ៊ុនទាំងនេះ ជួយរ៉ាប់រងការខូចខាតដល់កម្មករខ្មែរ បន្ទាប់ពីរោងចក្រ Chung Fai Knitwear បានបិទទ្វារអស់រយៈពេលជាង១ឆ្នាំមកហើយ តាំងពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៦។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមអង្គការអន្ដរជាតិ អះអាងថា បើតាមគោលការណ៍ណែនាំស្ដីពីជំនួញ និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ គឺក្រុមហ៊ុន​ជាដៃគូទាំង៣ខាងលើ មានកាតព្វកិច្ចជួយរ៉ាប់រងការខូចខាត ដែលពាក់ព័ន្ធនឹងជំនួញ ឬការធ្វើពាណិជ្ជកម្មរបស់ខ្លួន ជាមួយរោងចក្រកាត់ដេរ Chung Fai Knitwear ។

សូមជំរាបថា រោងចក្រ Chung Fai Knitwear មានទីតាំងស្ថិតលើផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រេក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហើយកាលខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ក្រុមកម្មកររោងចក្រនេះ ក៏បានផ្ទុះការតវ៉ា ដោយទាមទារឲ្យតុលាការរឹបអូសទ្រព្យសម្បតិ្ដទាំងអស់នៅក្នុងរោងចក្រនេះ និងទាមទារសំណងទឹកប្រាក់ចំនួន៥៥ម៉ឺនដុល្លារ សម្រាប់ពួកគេ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required