ម្ដាយលោក កែម ឡី ស្នើសុំមេធាវីការពារក្ដីតាមផ្លូវតុលាការ ខណៈរងចាំយុត្តិធម៌ជាង១ឆ្នាំ

ម្ដាយលោក កែម ឡី អ្នកស្រី ភោគ សេ

ម្ដាយអ្នកវិភាគបញ្ហានយោបាយលោក កែម ឡី បានដាក់ពាក្យស្នើសុំមេធាវីការពារក្ដីតាមផ្លូវតុលាការវិញ បន្ទាប់ពីរងចាំយុត្តិធម៌សម្រាប់កូនប្រុសអស់រយៈពេលជាង១ឆ្នាំ។

សមាជិកសាងសង់ចេតិយតម្កល់សពលោកបណ្ឌិត​ កែម ឡី គឺលោក សៅ កុសល បានឲ្យអ្នកសារព័ត៌មានដឹងកាលពីថ្ងៃអង្គារម្សិលមិញថា​  ម្ដាយលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ភោគ សេ បានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយបានដាក់ពាក្យស្នើសុំមេធាវីការពារ ដើម្បីតតាំងក្ដីតាមផ្លូវតុលាការ  ខណៈក្រុមគ្រួសាររងចាំយុត្តិធម៌អស់ពេលជាង១ឆ្នាំមកហើយ។  នេះបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី។

លោក សៅ កុសល ឲ្យដឹងទៀតថា បន្ទាប់ពីបានពិគ្រោះយោបល់គ្នាក្នុងក្រុមគ្រួសារ អ្នកស្រី ភោគ សេ បានដាក់សំណើសុំរកមេធាវីការពារក្ដី នៅអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការលើផ្នែកច្បាប់ ប៉ុន្ដែលោកថា មកទល់ពេលនេះ នៅមិនទាន់ទទួលបានចម្លើយយ៉ាងម៉េចនោះទេ។

ក្នុងលិខិតដាច់ដោយឡែកមួយ ចុះថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៧ ដែលបានដាក់ទៅតុលាការរួចហើយនោះ ម្ដាយលោក កែម ឡី គឺអ្នកស្រី ភោគ សេ ក៏បានស្នើសុំថតចម្លងសាលក្រមជំនុំជម្រះ ដែលតុលាការសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» ដាក់ពន្ធនាគារមួយជីវិតផងដែរ។

ចំពោះករណីឃាតកម្មនេះ ស្ថាប័នតុលាការបានទទួលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឍដ្ឋានជាតិ និងអន្ដរជាតិ ដោយថា បានចាប់ខ្លួនមនុស្សតែម្នាក់គត់មកដាក់ទោស និងមិនទាន់រកឃើញអ្នកជាប់ទាក់ទិនផ្សេងទៀត បើទោះបីជាមន្ដ្រីតុលាការការអះអាងថា ការស៊ើបអង្កេតនៅតែបន្ដ។

ក្នុង​លិខិត​ចំហមួយ ចុះ​ថ្ងៃ​ទី​៧ ខែ​កក្កដា បណ្ដុំ​អង្គការ​ជាតិ និង​អន្តរជាតិចំនួន១៦៤​ស្ថាប័ន បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេតឯករាជ្យ​មួយ​ ជុំ​វិញ​​ករណីឃាតកម្មនេះ។ ក្រុមអង្គការទាំងនោះ​បារម្ភថា មាន​ការ​វិវឌ្ឍ​តិច​តួច​ ​នៅក្នុង​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ និងថា មាន​តែ​ជនជាប់ចោទ​ឈ្មោះ អឿត អាង ​ម្នាក់​ប៉ុណ្ណោះ ត្រូវបានកាត់ទោស។

ប៉ុន្ដែសំណើនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បញ្ជាក់ថា បើអនុញ្ញាតឲ្យអន្ដរជាតិចូលរួមស៊ើបអង្កេតក្នុងករណីឃាតកម្មនេះ នោះកម្ពុជានឹងស្ថិតក្រោមអាណានិគមបរទេស។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ថា លោកមិនអាចបញ្ជាក់លម្អិតពីដំណើរការនីតិវិធីបានទេ ព្រោះជាការសម្ងាត់របស់តុលាការ។

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​ និងគណបក្សប្រឆាំង ក៏បានចូលរួមទទូចឲ្យអាជ្ញាធរតាមចាប់ជនល្មើសពិតប្រាដក នៅពីក្រោយករណីឃាតកម្មនេះផងដែរ។

អ្នកវិភាគបញ្ហានយោបាយដ៏ល្បីឈ្មោះនៅកម្ពុជាគឺលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅស្ដារម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១០កក្កដាឆ្នាំ២០១៦ ដោយគិតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ