អ្នកមានជម្លោះដីធ្លីនៅជ្រោយចង្វាររកអន្តរាគមន៍ពីសភាជាថ្មីឲ្យជួយពន្លឿនការដោះស្រាយ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 4:11 PM | សិទ្ធិមនុស្ស | 0 | 2170 អ្នកមានជម្លោះដីធ្លីមួយក្រុមនៅខណ្ឌជ្រោយចង្វារ

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបនៅក្នុងខណ្ឌជ្រោយចង្វាររកអន្តរាគមន៍ពីរដ្ឋសភាជាថ្មីទៀត ដើម្បីឲ្យស្ថាប័ននេះពន្លឿនការដោះស្រាយបញ្ហាដីធ្លីលីរបស់ពួកគេ ខណៈដែលពួកគេថា​អស់ជំនឿលើសាលារាជធានីភ្នំពេញដែលទទួលបន្ទុកដោះស្រាយចំពោះរឿងនេះ។

អ្នកតវ៉ាប្រមាណ៣០នាក់ មកពី៤សហគមន៍នៅថ្ងៃពុធនេះ បាននាំគ្នាដាក់ញត្តិនៅរដ្ឋសភា ដោយស្នើសុំឲ្យប្រធានរដ្ឋសភាលោក ហេង សំរិន ជួយអន្តរាគមន៍ទៅក្រសួងដែនដី នគររូបនីកម្ម និងសំណង់ ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីពួកគេ។

ការស្នើសុំនេះ ខណៈដែលសាលារាជធានីភ្នំពេញបានដោះស្រាយផលប៉ះពាល់តាមគោលនយោបាយ ដោយសម្រេចឲ្យពលរដ្ឋទាំងនោះ ទទួលយកសំណងត្រឹមតែ១០%នៃផ្ទៃដីខ្លួនកាន់កាប់ ហើយសាលារាជធានីភ្នំពេញយក៥០% និងក្រុមហ៊ុនទទួល៤០% ដែលដំណោះស្រាយនេះពលរដ្ឋថាមិនមានតម្លាភាព។

លោក ជា សុផាត អះអាងជាតំណាងពលរដ្ឋប្រាប់អ្នកសារព័ត៌មាននៅមុខរដ្ឋសភាថា កន្លងមកពួកគាត់ធ្លាប់រកកិច្ចអន្តរាគមន៍ពីក្រសួងដែនដីឲ្យជួយដោះស្រាយ ប៉ុន្តែក្រសួងថាករណីដីធ្លីនៅជ្រោយចង្វារនេះជាដែនសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ។ លោកបន្តថា ពួកគាត់ចង់ឲ្យប្រធានរដ្ឋសភាជួយអន្តរាគមន៍ ដោយបង្វិលរឿងនេះទៅក្រសួងដែនដីជាអ្នកដោះស្រាយវិញ ដោយសារការដោះស្រាយរបស់លសាលារាជធានីភ្នំពេញកន្លងមកមិនបានផ្ដល់យុត្តិធម៌និងមិនមានតម្លាភាពសម្រាប់ពួកគាត់ជាម្ចាស់ដី។

លោកថា «អន្តរាគមន៍ទៅឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រិះរកមធ្យោបាយដើម្បីជួយរកដំណោះស្រាយឲ្យពួកយើងខ្ញុំ​ដែលកន្លងមកយើងខ្ញុំបានទទួលពីសាលាក្រុង គឺអ្នកដែលមានដី គឺ១០%នៃផ្ទៃដី សាលាក្រុង​យក៥០% ក្រុមហ៊ុនយក៤០% ដូច្នេះមិនមែនជាច្បាប់ទេ​ ចឹងយើងខ្ញុំចង់រត់មករកច្បាប់ទៀត ដើម្បីឲ្យច្បាប់ពិចារណាមើលម្ចាស់ដី ហើយខ្ញុំសូមបញ្ជាក់បើសិនពួកខ្ញុំដែលមាន១ម៉ែត្រការេណា រំលោភបំពានទៅលើកដីរដ្ឋដោយគ្មានឯកសារគតិយុត្តិ។ ឧទាហរណ៍គ្មានការទិញលក់ គ្មានការប្រគល់សិទ្ធិ គ្មានការទទួលស្គាល់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់»។

ពលរដ្ឋម្នាក់ទៀតលើកឡើងប្រហាក់ប្រហែលគ្នាថា សាលារាជធានីភ្នំពេញបានបង្ខំឲ្យពួកគាត់ទទួលយកសំណងត្រឹមតែ១០%នៃផ្ទៃដីដែលខ្លួនកាន់កាប់ តែសំណងនេះពួកគាត់មិនអាចទទួលយកបានឡើយ។ អ្នកស្រី សួន ភារម្យ បន្តថា អ្វីដែលពួកគាត់ទាមទារនោះ គឺសុំឲ្យរដ្ឋាភិបាលឃ្វៀលជាស្បែកខ្លាសម្រាប់ដីលំនៅឋាននិងសម្រាប់ដីស្រែចំការ ហើយទាមទារសំណង៥០%នៃដីដែលខ្លួនកាន់កាប់ ហើយបើទិញលក់ត្រូវគិតតាមតម្លៃទីផ្សារ។

អ្នកស្រីថា «បើនៅតែឲ្យពួកខ្ញុំ១០% ពួកខ្ញុំនឹងធ្វើការតស៊ូមតិ ទាល់តែមានដំណោះស្រាយ អ្វីដែលពួកខ្ញុំចង់បាន ខ្ញុំគិតថាវាសម​រម្យទាំងសងខាង ព្រោះថាខ្ញុំសុខចិត្តបើកបេះដូងប្រគល់សម្បទានឲ្យគាត់៥០% ។ ពួកខ្ញុំម្ចាស់ដីខំសន្សំតាំងពីណាពីណីមក សុខចិត្តសម្បទានពាក់កណ្ដាល  ពួកខ្ញុំយកពាក់កណ្ដាលខ្ញុំគិតថាវាសមរម្យ»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា  គណៈកម្មាធិការទី១ នៃរដ្ឋភាដែលទទួលញត្តិកំពុងតែពិនិត្យ ពេលពិនិត្យរួចហើយគណៈកម្មាធិការនឹងអន្តរាគមន៍ទៅរដ្ឋាភិបាលបំភ្លឺចំពោះរឿងនេះ។

លោកថា «គណៈកម្មាធិការទី១ទទួលពាក្យបណ្ដឹងគាត់នឹងពិនិត្យ ហើយគាត់នឹងពិចារណា ហើយគាត់នឹងធ្វើលិខិតមួយទៅដើម្បីសុំរដ្ឋាភិបាលធ្វើការដោះស្រាយសំណូមពរឬមួយក៏ឲ្យឆ្លើយបំភ្លឺៗអីផ្សេងៗ»។

ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា សាលារាជធានីភ្នំពេញនៅតែបន្តធ្វើការដោះស្រាយចំពោះរឿងនេះ ទៅតាមគោលនយោបាយដដែល ដោយថាសាលារាជធានីភ្នំពេញមិនអាចផ្ដល់សំណងទៅតាមអ្វីដែលប្រជាពលរដ្ឋទាមទារបាននោះទេ។

លោកថា «ជាគោលការណ៍រួមយើងបានអនុវត្តកន្លងមកហើយ ប្រសិនបើមានការកែប្រែក៏វាមិនសាកសមជាមួយនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់ទទួលបានហើយដែរ គ្រាន់តែសំខាន់យើងទាមទារការពិភាក្សាបន្ថែមសិក្សាជាមួយគ្នាបន្ថែម ហើយពន្យល់គាត់បន្ថែម។ ធម្មតាទេ អ្នកខ្លះអាចឆាប់បានយល់អំពីមូលហេតុអ្នកខ្លះក៏នៅចឹង ឬក៏អ្នកទាមទារខ្ពស់អ្វីដែលយើងមិនអាចផ្ដល់ជូនបាន។ ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៅទៀត គឺបន្តជួបពិភាក្សា​ជាមួយគាត់បន្តទៀត យើងមានការពន្យល់ការផ្ដល់ជូនការពន្យល់យ៉ាងម៉េចទៅពួកគាត់អាចយល់ដឹងអំពីគោលនយោបាយនេះ»។

ក្រុមពលរដ្ឋអះអាងថា ពួកគេជាង១០០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន (OCIC) តាំងពីឆ្នាំ២០១១ចាប់ពីតាំងក្រុមហ៊ុននោះ ទទួ​ល​​​បា​​នសិទ្ធិវិនិ​យោគ​ធ្វើក្រុងរណបនៅខណ្ឌជ្រោយចង្វារ។ បើតាមប្រជាពលរដ្ឋពួកគេធ្លាប់រកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋដូចជារដ្ឋសភា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងក្រសួងរៀបចំដែនដីជាដើម ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនមានដំណោះស្រាយដដែល៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required