មន្ត្រីកាំកុងត្រូលរកឃើញថាទំនិញថៃលក់នៅព្រំដែនភាគច្រើនខូចគុណភាព

(នគរបាលជាតិ)

មន្ត្រីកាំកុងត្រូលនៅខេត្តបន្ទាយមានជ័យអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរតាមព្រំដែនប្រុងប្រយ័ត្នក្នុងការទិញទំនិញពីថៃបន្ទាប់ពីរកឃើញទំនិញមួយចំនួនហួសការកំណត់ប្រើប្រាស់ ខូចគុណភាព និងមិនមានសុវត្ថិភាពអាចប៉ះពាល់ដល់សុខភាព។

មន្ត្រីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសអូនាងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ លោកឃុន ឃាង បានប្រាប់ វីអូឌីឲ្យដឹងនៅថ្ងែអង្គារម្សិលមិញថា ទំនិញថៃភាគច្រើនពេលជិតផុតកំណត់ប្រើប្រាស់ តែងបង្កើតកម្មវិធីពិសេស លក់ក្នុងតម្លៃថោក ឬ ទិញមួយថែមមួយជាដើម​៖ ​​«ថៃដល់ពេលជិតហួសវាបញ្ចេញមកលក់ ប្រូមូសិនអីចឹងទៅ យើងប្រាប់ដែរបើទិញលើកក្រោយឲ្យចេះប្រយ័ត្នមើលទៅ អាណាសល់ឌីលេ យូរៗសឹមយកមក តិចបើយើងលក់មិនអស់មិនបានពិនិត្យមើល ​ទំនិញខ្លះសល់ ៤​​- ៥ថ្ងៃអីផុតគាត់យកមកគាត់អត់បានមើល គ្រាន់តែបានណែនាំគាត់ចឹង ថាឲ្យប្រុងប្រយ័ត្ន គាត់អត់ចេះមើល»។

មន្ត្រីការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត​ន្ទាយមានជ័យ លោក ស៊ំ ចន្ទគា បានឲ្យដឹងថាសាច់មាន់ សាច់ទា សាច់ជ្រូក និងទំនិញផ្សេងទៀត​  ដែលខូចគុណភាពនាំចូលពីថៃគឺសមត្ថកិច្ច​ចាប់បានតិចតួច ចំណែកមួយភាគធំទៀតនៅតែបន្តលក់លើទីផ្សារ៖ ​«ប្រជាពលរដ្ឋកម្ពុជាកំពុងតែរងគ្រោះអញ្ចឹងមន្ត្រីកាំកុងត្រូលចាប់​បានមួយបានពីក៏ដោយប៉ុន្តែខំប្រឹងធ្វើម៉េចឲ្យប្រសើរជាងហ្នឹង កុំឲ្យមានអំពើរពុករលួយ អនុញាតិណេះអនុញាតិណោះដែលធ្វើអោយសុខភាពប្រជាពលរដ្ឋហ្នឹងរងទុក្ខទោសរងការលំបាកដោយសាតែយើងមិនបានយកចិត្តដាក់»។

ជាញឹកញាប់ មន្ត្រីកម្ពុជានៅតាមព្រំដែនជាប់ជាមួយថៃ តែងតែចាប់ឃាត់ទុក និងដុតបំផ្លាញចោលទំនិញដូចជា អាហារកំប៉ុង ជង្គង់មាន់ សាច់មាន់ជាដើម ដែលនាំចូលពីប្រទេសថៃ ក្រោយពេលពិនិត្យឃើញថា ទំនិញទាំងនោះខូចគុណភាព៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ