ពលរដ្ឋខេត្តព្រះវិហារចោទក្រុមហ៊ុនរុករករ៉ែមាសមួយថាឈួសឆាយប៉ះពាល់ផលដំណាំពួកគេ

(រូបភាពផ្តល់ឲ្យ)

ពលរដ្ឋជនជាតិដើមភាគតិចគួយនៅស្រុករវៀងខេត្តព្រះវិហារចោទក្រុមហ៊ុនរុករករ៉ែមាសមួយថា បាន ឈួសឆាយរំលោភយកដីធ្លីកសិកម្មរបស់ពួកគេដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

ជនជាតិដើមភាគតិចគួយអ្នកស្រី យឹម ផាត ប្រាប់វីអូឌីថា ក្រុមហ៊ុនឈ្មោះ DELCOM ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលធ្វើអាជីវកម្មរុករករ៉ែមាសនៅភូមិត្រពាំងទទឹង ឃុំរម្ទម ស្រុករវៀង កំពុងដាក់គ្រឿងចក្រឈួសឆាយប៉ះពាល់ដី និងដំណាំពលរដ្ឋក្នុងតំបន់នោះអស់ជាច្រើនហិកតាដោយមិនបានដោះស្រាយផលប៉ះពាល់ជាមុនឡើយ។

អ្នកស្រីបន្តថា ក្រុមហ៊ុនឈួសឆាយប៉ះពាល់ដី និងដំណាំសាច់ញាត្តិរបស់គាត់ចំនួន៤គ្រួសារមានដីដាំដំណាំ១២ហិកតា ហើយថា​ ពេលពួកគាត់តវ៉ាគឺភាគីក្រុមហ៊ុនតែងគំរាមកំហែងចាប់ដាក់គុក។

អ្នកស្រីបន្ថែមថា «គេគំរាមកំហែងថា ចង់បានដីក្រុមហ៊ុនគេហ្នឹងចាប់ខ្ញុំឲ្យជាប់គុកជាប់ច្រវ៉ាក់ ប្រមាថវាយមនុស្សស្រីគ្រប់សព្វបែបយ៉ាង ចង់វាយខ្ញុំឲ្យស្លាប់កំព្រាកូនតាមគេថា។ ដូង ចេក ស្វាយ ខ្នុរ ដំឡូង ចន្ទី អំពៅដំណាំសព្វគ្រប់បែបយ៉ាងរបស់ខ្ញុំគេឈួសចោលទាំងអស់ លោកមិនមកមើល បើអស់ហើយ បានអីនឹងសង់អង្គការ បានអីហ្នឹងហូប បើអស់លោកមិនជួយដោះស្រាយផង មានតែស្លាប់ហើយប្រជា រាស្រ្តនេះមិនសល់ទេពិតជាស្លាប់ហើយ អញ្ចឹងសុំឲ្យអស់លោកជួយពួកខ្ញុំផង នេះៗកំពុងតែឈួសឆាយ រំលំគ្រាំងៗដំណាំខ្លះវាយកទៅដាំកន្លែងវាអស់ហើយ»។

លោក ទុយ ឆេង ដែលអះអាងថាជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិឲ្យដឹងថា នៅក្នុងសហគមន៍នោះមានពលរដ្ឋប្រមាណជិត២០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន DELCOM រយៈពេល៣ឆ្នាំហើយដោយមានដីទំហំសរុបជិត១០០ហិកតា។

លោកបន្តថា កន្លងមកពលរដ្ឋធ្លាប់ទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយជាច្រើនដងហើយ ប៉ុន្តែមិនមានដំណោះស្រាយឡើយ ហើយថា ពេលពលរដ្ឋតវ៉ាក្រុមហ៊ុនតែងតែប្រើកំលាំងទាហានដែលយាមការពារអាជីវកម្មរ៉ែនោះមកគំរាមកំហែងមិនឲ្យតវ៉ានោះទេ។

លោកបន្ថែមថា «បើនិយាយពីរឿងតវ៉ាវិញពលរដ្ឋតវ៉ាតែរហូតហ្នឹង ទៅដល់ខេត្ត ដល់ស្រុក ឲ្យជួយសម្រួលកិច្ចការហ្នឹង ប៉ុន្តែនៅតែអត់បានដំណោះស្រាយ ព្រោះក្រុមហ៊ុនហ្នឹង ឯងកំពុងតែប្រើអំណាច យកល្បប់យោធាមកប្រើគៀបសង្កត់ប្រជាពលរដ្ឋ ហើយច្បាប់នយោបាយគៀបសង្កត់ប្រជាជន អញ្ចឹង ហើយត្រូវការដោះស្រាយអីអត់មានដំណោះស្រាយសមរម្យទេ អាជ្ញាធរពេលចុះទៅដំណោះស្រាយចូលតែទៅក្នុងក្រុមហ៊ុនហើយត្រឡប់មកវិញ ដំណោះស្រាយជនរងគ្រោះនៅតែដដែល»។

លោក ទុយ ឆេង ឲ្យដឹងថា ពលរដ្ឋក្នុងសហគមន៍នេះភាគច្រើនជាជនជាតិដើមភាគិចគួយ និងបានមករស់នៅតំបន់នោះតាំងពីដូតាមក ដោយពលរដ្ឋខ្លះមានលិខិតកាន់កាប់ដីត្រឹមត្រូវ។

វិអូឌីមិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុនបានចំពោះការចោទប្រកាន់នេះ។

អភិបាលស្រុករវៀងលោក ឯក សារ៉ូ ទទួលស្គាល់ថា ក្រុមហ៊ុននោះពិតជាឈួសឆាយប៉ះពាល់ដីពលរដ្ឋពិត មែន ប៉ុន្តែការឈួសឆាយនោះមិនប៉ះពាល់លើដំណាំនោះទេ។

លោកបន្តថា អាជ្ញាធរស្រុក និងខេត្តកំពុងរួមគ្នាធ្វើការដោះស្រាយបញ្ហានេះហើយ និងថាការអូសបន្លាយមិនមានដំណោះស្រាយនោះដោយសារភាគីទាំងពីរចរចារតម្លៃមិនត្រូវគ្នា។

លោកបន្ថែមថា «ខ្ញុំនឹងខិតខំដោះស្រាយឲ្យមានភាពស៊ីចង្វាក់គ្នារវាងក្រុមហ៊ុន និងម្ចាស់ដីដើម្បីបញ្ចប់ទំនាស់គ្នា ព្រោះលើកមុនខ្ញុំហៅពួកគាត់មកដោះស្រាយនៅសាលាស្រុកពីរដងហើយប៉ុន្តែមិនទាន់ចេញ ជាលទ្ធផល ដោយសារមិនត្រូវថ្លៃគ្នាហើយខាងខេត្តក៏ធ្លាប់ចុះទៅដោះស្រាយដែរ»។

បើតាមពលរដ្ឋ មូលហេតុដែលមិនអាចដោះស្រាយបាន ដោយសាយអាជ្ញាធរឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ ហើយម្យ៉ាងទៀត ក្រុមហ៊ុនតែងតែយកឈ្មោះមេអង្គរក្សម្នាក់ មកកាងអាជីវកម្មនិងគំរាមកំហែងមិនឲ្យពលរដ្ឋតវ៉ា។

សកម្មជនបរិស្ថានមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ ដែលចុះស៊ើបអង្កេតដំណើរការអាជីវកម្មរុករករ៉ែមាសនោះឲ្យដឹងថា ក្រុមហ៊ុនបានប្រើប្រាស់កំលាំងទាហានមកយាមការពារអាជីវកម្មយ៉ាងតឹងរឹងដោយមិនឲ្យអ្នកណាម្នាក់ចូល ឬផ្តិតយករូបភាពបានឡើយ។

លោកបន្តថា ក្រុមការងាររបស់លោកក៏ត្រូវទាហានដែលយាមការពារក្រុមហ៊ុននោះគំរាមកំហែងពេលចុះបំពេញការងារនៅនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ