វិភាគ៖ តើអ្វីជាគន្លឹះទប់ស្កាត់កម្ពុជាកុំឲ្យវិលទៅរកវប្បធម៌សងសឹកដូចពីអតីតកាល?

Cambodian government soldiers ride armoured personnel carriers along a street in Phnom Penh on July 7, 1997. (Credit to AFP/Tang Chhin Sothy)

ប្រវត្តិសាស្ត្របានបង្ហាញថា ពេលមានការផ្លាស់ប្តូររបបដឹកនាំម្តងៗ ក្រុមអ្នកឈ្នះបានឡើ​ងកាន់​អំ​​ណា​ច ​តែង​តែចាប់ក្រុមអ្នកចាញ់ យកទៅធ្វើទារុណកម្មឬសម្លាប់ចោល ដោយ​សំ​អាង​ពី​​ហេ​តុផលផ្សេងៗ។

ទម្លាប់សងសឹកគ្នានេះ បានកើតឡើងច្រើនជំនាន់មកហើយនៅកម្ពុជា រហូតមានសុភាសិតខ្មែរមួយឃ្លា ពោលថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។

អ្នកឃ្លាំមើលលើកឡើងថា បញ្ហាចំបងមួយ ដែលជំរុញឲ្យមានវប្បធម៌សងសឹកនេះ ដោយសារតែម​នុស្ស​មួយ​ក្រុ​ម ពេលមានអំណាច ហាក់មានអំនួត​ខ្លាំង ទៅលើ​សមត្ថ​ភាព​ទៅលើយន្តការដឹកនាំក្រុមខ្លួន ហើយ​ភ្លេ​ចគិតទទួ​ល​​យកមតិរិះគន់ពីមនុស្សមួយក្រុមទៀត ដែលគ្មានអំណាចឬពេលខ្លះពួកគេវាយយម្លៃថា មតិភាគតិច ជាមនុស្សអគិតទៀតផង។

ជិត៤០ឆ្នាំមកនេះ ថ្វីត្បិតតែកម្ពុជារក្សាបាននូវសន្តិភាព គ្មានសង្គ្រាមស៊ីវិលកើតឡើងក៏ដោយ ប៉ុន្តែ​​ប​ញ្ហា​​​សង្គមមួយចំនួន ដែលរដ្ឋាភិបាលមិនទាន់បានដោះស្រាយ​នៅឡើយនោះ ហាក់បា​ន​បង្ក​ប់នូវ​ការព្រួ​យ​​​​​បារម្ភមួយថា ជម្ងឺប្រវត្តិសាស្ត្រ ឬវប្បធម៌សងសឹកនេះ អាចនឹងរើឡើងវិញ នៅពេលណាមួយនាថ្ងៃ​អនា​គ​ត។

បញ្ហាទាំងនោះដូចជា អ្នកការពារសិទ្ធិម​នុស្ស ត្រូវចាប់ដាក​ពន្ធនាគារជាង១ឆ្នាំ ទើបដោះលែ​ង អ្នក​គាំទ្របក្សកាន់អំណាច វាយតំណាងរាស្ត្របក្សប្រឆាំង ជាប់ពន្ធនាគាររយៈខ្លី។ ក្រោយមក ត្រូវបា​នរដ្ឋា​ភិ​បា​​លលើកទឹកចិត្ត ដោយតម្លើងឋានៈ។

ឃាតកម្ម​បា​ញ់​ស​ម្លាប់មនុស្ស​ល្បីៗមួយចំនួន ឃាតកពិតនិងអ្នកពាក់ព័ន្ធ មិនត្រូវវែកមុខម​កផ្តន្ទាទោស ដូ​ចជា​ករ​ណី​បាញ់សម្លាប់មេដឹកនាំកម្មករ ដ៏ល្បីឈ្មោះ លោក ជា វិជ្ជា បាញ់សម្លាប់តារាល្បីអ្នកស្រី ពិសិដ្ឋ ពីលីកា បា​​​ញ់​​​​ស​ម្លាប់​អ្នកការពារព្រៃឈើ លោក ឈុត ទុទ្ធី និងបាញ់អ្នកវិភាគនយោបាយលោក កែម ឡី ជាដើម។

ចំណែកការធ្វើច្បាប់របស់ស្ថាប័នរដ្ឋសភាវិញ ពេលខ្លះសំឡេងភាគតិចត្រូ​វបាន​ច្រាន​ចោល។

រីឯអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនវិញ ​បានជេរប្រមាថនិងលាបពណ៌គ្នា ដោយសារ​តែមាន​និន្នាកា​​រនយោបាយផ្សេងៗគ្នា ។

បញ្ហាទាំងនេះ​ ត្រូវបានអ្នកតាមដានដាក់ការព្រួយបារម្ភថា កម្ពុជា​អាចនឹងជាន់ដានប្រវត្តិសាស្ត្រ ​សង​សឹក​គ្នា ដូចពីអតីតកាល បើមានការផ្លាស់ប្តូរ របបដឹកនាំនៅថ្ងៃណាមួយ។

តើអ្វី​ជា​​គន្លឹះ​ទប់ស្កា​ត់ កុំឲ្យកើតមានវប្បធម៌សងសឹកដូចពីអតីតកាល?

អ្នកប្រឹក្សាឯករាជ្យផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ លើកឡើងថា គន្លឹះ៣ អាចទប់​ស្កាប់បញ្ហា​​នេះ។​លោកថា ទី​​១ ​រដ្ឋាភិ​បាលត្រូវធ្វើច្បាប់ការពារប្រយោជន៍សាធារណ រដ្ឋសភា​ត្រូ​​​វជាស្ថាប័នមិ​នចំណុះ​ឲ្យរដ្ឋាភិបាល និង​តុលាការត្រូវតែជាស្ថាប័នឯករាជ្យ។

លោកថា៖ «សរុបទៅត្រូវធ្វើកំណែទម្រង់ធ្វើយ៉ាងម៉េចឲ្យច្បាប់នោះល្អ ដែលមានន័យថាច្បាប់នោះ ត្រូ​វគោរពគោលការណ៍សិទ្ធិមនុស្ស ហើយតុលាការហ្នឹងក៏ត្រូវឯករាជ្យ។ ឯករាជ្យហ្នឹងត្រូវមានធនធាន​គ្រ​ប់​គ្រា​​ន់ដើម្បីធ្វើការតា​មឆន្ទៈរបស់គាត់ដែល​ផ្អែកតាមគោលកា​រណ៍ច្បាប់នេះឯង។​ នេះឯករាជ្យ​ភា​ព​រប​ស់តុ​លា​ការគឺមានន័យអញ្ចឹង»។

លោកបន្ថែមដូចនេះទៀតថា៖ «ឧបមាថាមនុស្សម្នាក់ត្រូវបានគេរំលោភ ខ្ញុំសុំឧទារណ៍ថា ដូចលោកបណ្ឌិត កែម ឡី ត្រូវបានគេដកជីវិតគាត់ សម្លាប់គាត់។ ហើយចុះបើសិនជាយើងទៅរកយុត្តិធម៌ជូនគាត់ ទៅ​រកប៉ា​ឡាំ ប៉ា​កូវៗ ឧទារណ៍ទេណា ខ្ញុះឮថាកា​ម៉េរ៉ាដែ​លត្រូ​វច្បាស់លាស់ទេ​ ដើម្បីឲ្យ​មានយុត្តិធ​ម៌។​ ប៉ុន្តែយកកា​ម៉េរ៉ាភ្លឹប​ភ្លេតៗ អាទ្រនាប់ជើងជនល្មើសអញ្ចះ ដល់​ទ្រនាប់ជើងជនសង្ស័យអញ្ចុះ មិន​ព្រមមើ​លឲ្យម្ចាស់ ដែលគេមើ​លតាមហ្វេសប៊ុក មិនព្រមធ្វើឲ្យ​ស្រួលបួល។ បា​នសេចក្តី​ថាដំណើរការ​រកយុត្តិ​ធម៌ហ្នឹ​ងអត់​​​ស្រួលបួលទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគដូចនេះដែ​រថា៖​ «បញ្ហា​សំខាន់ដើ​ម្បីកុំឲ្យប​ញ្ហាហ្នឹ​ងវាកើតទី១គឺកម្ពុជា ត្រូវបណ្តុះធនធានតាមប្រព័ន្ធអប់រំ ទី២​ប្រ​ព័ន្ធផ្ស​ព្វ​ផ្សា​យត្រូវបើកឲ្យទូលាយ ទោះបីមិន​ឈរជំហរបានអព្យាក្រិត្យ ឲ្យបានម​កជិតអធ្យាក្រិតហ្នឹងទៅ ពលរដ្ឋអាចងា​យស្រួលក្នុងការងា​កមក​ជជែកគ្នា។ ប៉ុន្តែបើរក្សាជំហរដូចបច្ចុប្បន្ននេះទេ ពិបាកនឹងស្រុះស្រួលគ្នាណាស់»។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា វប្បធម៌សងសឹកនេះទំនងជាពិបាកលុបបំបាត់ទៅថ្ងៃអនាគត ដោ​យថាបើមិនបណ្តុះធនធានមនុស្សជំនាន់ក្រោយជាអ្នកស្នងតំណែង។

លោកថា៖ «ខ្ញុំគិតថាអ្នកនយោបាយបច្ចុប្បន្នពិបាក ដោយសាររតែគាត់ដុះស្លែ ដុះស្នឹមពិបាកកែទម្រង់បន្តិច រឿងទាល់តែក្មេងៗស្រកក្រោយមានការបើកទូលាយទៅលើការយល់ដឹងទស្សនៈហ្នឹង ទើបងាយស្រួ​លធ្វើកា​រជាមួយគ្នា។ យើងមើលបញ្ហាសង្គមដែល​កើតឡើងពីចាស់ៗភាគច្រើ​នដែលឈរនៅឃុំ សង្កាត់ដែល​គាត់ចាញ់​ហ្នឹងគាត់មានសុខចិត្តឲ្យ កន្លែងធ្វើការ ប្រគល់សោរការិយាល័យ ប្រគល់អីឲ្យឯណា គា​ត់សុខចិត្ត​ក្រាញ គាត់ថាអាហ្នឹងជារបស់គាត់ គាត់មិនមែនថាអាហ្នឹងជារបស់ជាតិឯណា គាត់គិតថាប្រ​ទេសហ្នឹងជា​របស់គា​ត់ម្នាក់ឯង មានថារបស់ជាតិឯណាដល់អញ្ចឹងទៅបញ្ហាវាកើតឡើង។ រឿងហ្នឹងយើ​ងមើលត្រឹម​​ឃុំសង្កាត់វាកើតឡើងហើយ អញ្ចឹងចាស់ៗគាត់នៅប្រកាន់អានិន្នាការហ្នឹងនៅឡើយ គាត់មិនទទួ​លស្គា​​ល់ថាអាហ្នឹងជាប្រយោជន៍រួមទេ»។

លោក ឯម​ សុវណ្ណារ៉ា វិភាគទៀតថា បញ្ហាផុយស្រួយមួយទៀត ដោយថាបច្ចុបប្បន្ននេះ ពលរដ្ឋដែលមា​ននិន្នាការ​គាំទ្រ​បក្ស​កាន់អំណាច ពួកគេតាមដាន ព័ត៌​មា​ននៅតាមកញ្ចក់ទូរទស្សន៍ ដោយថា ទូរទស្ស​ន៍​ស្ទើ​រតែទាំងអស់ ផ្សព្វផ្សាយពី​សកម្មភាពបក្សកាន់អំណាច។ លោកថា ចំណែកអ្នក​ដែលមិ​នចូលចិត្ត រដ្ឋាភិ​បាល​វិញ ពួកគេមិនស្តាប់ព័ត៌មាននៅតាមកញ្ចក់ទូរទស្សន៍នោះទេ តែងា​កមក​​ស្តា​ប់វិទ្យុមួយ​ចំនួ​ន​​ដែ​​ល​ផ្សាយបែបកណ្តាលទៅវិញ។

លោ​ក ឯម សុវណ្ណារ៉ា វិភាគថា ​បញ្ហានេះ ជាការផុយស្រួយមួយទៀតនៃការផ្ទុះឡើងវិញ នូវវ​​​ប្ប​ធម៌​ស​ង​សឹ​ក​ ទៅថ្ងៃអនាគត បើអ្នកនយោ​បាយ មិន​បណ្តុះស្មារតីជាតិនិយម។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា លើកឡើងថា គន្លឹះនៃការទប់ស្កា​ត់កុំឲ្យកម្ពុជា​ជាន់​ដានប្រវត្តិ​សាស្ត្រ​​នៃការសងសឹកគ្នានេះ លោកថា មានគន្លឹះ៣។ គន្លឹះទី១ អាចបង្កើតច្បាប់កា​រពារនា​​យ​ករ​ដ្ឋមន្ត្រី ដូច​​ដែ​​​ល​ក្រុមអ្នកនយោបាយជើងចាស់ធ្លាប់លើកឡើង គន្លឹះទី២ ធ្វើកំណែទម្រង់​យុ​ត្តិធម៌​ស​ង្គម ​និង​គន្លឹះ​ទី៣ អាចយកគំរូ​តាមប្រទេសភូមា ដែលលោកថាគេ​ប្តូរមេដឹកនាំ តែគ្មានបង្ហូរឈាម។

លោកថា៖ «ភូមាគាត់ធ្វើ​ហ្នឹងឃើញថា មេដឹកនាំយោធា​ដែលមានបាតដៃប្រលាក់​ឈាមខ្លះដែលខ្លួនបាន​បង្ក្រាបទៅលើចំ​ណោមប្រជាជនដែលខ្លួនបានបង្ក្រាបពីអតីតកាលហ្នឹង គាត់បង្វែអំណាចហ្នឹង​ទៅមនុស្សម្នា​ក់ទៀត ដោយឲ្យមនុស្សម្នាក់ទៀតហ្នឹងសន្យាកុំឲ្យធ្វើទុក្ខបុកម្នេញគាត់ នៅពេលដែលគាត់ដក​ខ្លួន​ចេញពីអំណាចអីហ្នឹង ហើយម្នាក់ហ្នឹងឯងគាត់ដើរតួជាអន្តរការរីមួយទៀត ​ដើម្បីផ្ទេរអំ​ណាចទៅ​អ្នក​ឈ្នះ​មួយទៀត ដល់អញ្ចឹងទៅអត់មានឃើញធ្វើទុក្ខបុកម្នេញសើរើ រឿងរាងអតីតកាលអី​​ដើម្បី​សងសឹកគ្នាទេ។ ហើយគំរូហ្នឹងប្រហែលជាល្អដែរសម្រាប់ប្រទេសកម្ពុជា បើសិនជាយើងមិនចង់​ឲ្យមានការកាប់សម្លាប់គ្នា នៅពេ​លដែលក្រុមមួយដែលចាញ់ទៅ ហើយក្រុមដែលឈ្នះហ្នឹងធ្វើដូចពីអតីតកាលទៀត»។

បើតាម អ្នកវិភាគ គន្លឹះដ៏សំខាន់មួយទៀត ដែលអាចទប់ស្កាត់កម្ពុជា កុំឲ្យឈានទៅប្រើប្រាស់វប្បធម៌​សង​សឹកឡើងវិញនោះ លុះណាតែអ្នកនយោបាយខ្មែរ លះបង់ការក្រាញអំណាច ដោយមិនបង្ហូ​រឈាម​ខ្មែរ​គ្នាឯ​ង ​ហើយងាកមករៀបចំខ្លួន ថានឹងដើរឲ្យឆ្លាយពីកាំប្រវត្តិសាស្ត្រ​ដែលបានកើតឡើងពីអតីតកាល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ