ពលរដ្ឋមកពីខេត្តកំពង់ស្ពឺតវ៉ាឲ្យក្រសួងរៀបចំដែនដីជួយដោះស្រាយជម្លោះដីធ្លី

ពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកថ្ពងនិងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ

ពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកថ្ពងនិងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺប្រមាណ២០០នាក់នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង ដើម្បីឲ្យក្រសួងជួយអន្តរាគមន៍លើជម្លោះដីធ្លី។

តំណាងប្រជាពលរដ្ឋស្រុកឱរ៉ាល់លោក ផង់ សុគិត ប្រាប់អ្នកសាព័ត៌មានថា ពលរដ្ឋទាំងពីរស្រុកនេះមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គើ របស់ឧកញ៉ា លី យ៉ុងផាត់ តាំងឆ្នាំ២០១០នៅមិនទាន់មានដំណោះស្រាយឡើយ។

លោកថាក្រុមពលរដ្ឋចង់បានដីពីក្រុមហ៊ុនមកវិញ ដោយមិនចង់បានសំណងជាប្រាក់នោះទេ ដោយថាពួកគាត់ជាកសិករត្រូវការដីធ្វើការស្រែចំការនិងដាំដំណាំដើម្បីចិញ្ចឹមជីវិត។

លោកស្នើឲ្យក្រសួងចុះពិនិត្យនិងដោះស្រាយដល់ដីមានវិវាទដោយផ្ទាល់ ដោយថាដើម្បីដឹងចំនួនពលរដ្ឋដែលរងផលប៉ះពាលពិតប្រាកដ។

លោកបន្ថែមថា៖ “ពួកគាត់(ពលរដ្ឋ)មកនេះរឿងដីរបស់គាត់ពិតប្រាកដឬមិនពិតប្រាកដ អាហ្នឹងមិនទាន់និយាយបានទេ គ្រាន់តែថាមកថ្ងៃនេះសំណូមពរឲ្យក្រសួងចុះទៅពិនិត្យបស់គាត់ផ្ទាល់។ ហើយខាងក្រុមខ្ញុំអត់ត្រូវការសំណងទេ ខាងក្រុមខ្ញុំនេះខ្វះដី សំណូមពរចង់បានយកមកធ្វើស្រែធ្វើចំការវិញអញ្ចឹងសុំឲ្យក្រសួងជួយ”។

ចំណែកតំណាងពលរដ្ឋស្រុកថ្ពង លោក ចាន់ សុឃឿន អះអាងថាពលរដ្ឋបានដាក់ញត្តិនៅក្រសួងថ្ងៃនេះមានចំនួន៥៦១គ្រួសារ។

លោកថា ពលរដ្ឋទាំងនោះបានប៉ះពាល់ដីស្រែចំការនិងដីលំឋានជាសរុបប្រហែល២០០០ហិកតា។ លោកបន្ថែមថា ក្រុមពលរដ្ឋសុំឲ្យក្រុមហ៊ុនផ្តល់ដីមកឲ្យពលរដ្ឋវិញនិងផ្តល់សំណងខូចខាតដែលមិនបានបង្កបង្កើនផលរយៈពេល៦ឆ្នាំមកនេះ។

លោកបន្ថែមថា៖ “សម្រាប់ខ្ញុំ ចង់ឲ្យក្រុមហ៊ុនដោះស្រាយដីធ្លីឲ្យពួកគាត់(ពលរដ្ឋ)វិញ ហើយឲ្យដីហ្នឹងប្រកបមុខរបរបានដូចដើម មិនមានផ្លាស់ប្តូរទីកន្លែង ហើយទី២សុំឲ្យក្រុមហ៊ុនចេញមុខដោះស្រាយការខូចខាតបាត់បង់រយៈពេល៦ឆ្នាំដែលពួកយើងអត់បានបង្កបង្កើនផល”។

មន្រ្តីក្រុមការងារទទួលញត្តិរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង លោក ឡាយ ផល្លឹម បានទទួលញត្តិពីក្រុមពលរដ្ឋ ដោយសន្យាដាក់ជូនមន្រ្តីជំនាញដើម្បីពិនិត្យនិងដោះ ស្រាយ។

លោកបន្ថែមថា៖ “ឥលូវយើងទទួលសិន ដើម្បីរុញទៅជំនាញ ដើម្បីពិនិត្យសុំណុំរឿងហ្នឹងសិន ពិនិត្យមើលហើយមាននីតិវិធីដូចម្តេចចាំរាយការណ៍ទៅប្រជាពលរដ្ឋតាមក្រោយ”។

វីអូឌីមិនទាន់អាចសុំការឆ្លើយបំភ្លឺតំណាងក្រុមក្រុមហ៊ុនភ្នំពេញស៊ូហ្គើរបស់លោក លី យ៉ុងផាត់ បាននៅឡើយទេ។

តែទោះយ៉ាងណាកាលពីថ្ងៃព្រហស្សតិ៍ម្សិលមិញ មានពលរដ្ឋមួយក្រុមមកពីខេត្តកំពង់ស្ពឺដែលអះអាងថាពួកគេជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គើរបស់លោក លី យ៉ុងផាត់ ដែរ បាននាំគ្នាមកសុំដកញត្តិពីអង្គការសមធម៌និងសហភាពអឺរុបវិញដោយថាពួកគេថាទទួលបានសំណងក្រុមហ៊ុនរួចរាល់ហើយ។

ចំណែកពលរដ្ឋដែលដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណងថ្ងៃនេះវិញឲ្យដឹងថា ពួកគេមិនអាចទទួលសំណងជាប្រាក់បានទេ ដោយថាសំណងនោះតិចតួចពេក ម្យ៉ាងទៀតពួកគាត់ជាកសិករត្រូវដីធ្វើស្រែចំការជាជាងយកប្រាក់មកចាយ។

សង្គមស៊ីវិលអះអាងថា ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលប្រមាណ៣០០០ហិកតានៅក្នុងស្រុកថ្ពងនិងស្រុកឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ហើយប៉ះពាល់ពលរដ្ឋប្រជាពលរដ្ឋរាប់រយគ្រួសារនៅទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ