តំណាង​រាស្ត្របក្ស​ប្រឆាំងថាអ្នក​ទោសវាយតំណាង​រាស្ត្រ​មាន​សេរីភាព​ជាងសកម្ម​ជន​​ខ្លួន​

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

តំណាងរាស្ត្របក្សសង្គ្រោះជាតិអះអាងថាអ្នកជាប់ឃុំនៅព្រៃស មានសេរីភាពខុសគ្នារវាងអ្នកទោសដែលវាយអ្នកតំណាងរាស្ត្រនិងសកម្មជនបក្សប្រឆាំង។

នៅព្រឹកថ្ងៃសុក្រនេះតំណាងរាស្រ្តបក្សប្រឆាំង២រូបបានចូលទៅសួរសូខទុក្ខសកម្មជនខ្លួនដែលត្រូវបានជាប់ឃុំនៅពន្ធនាគារចំនួន១៥នាក់ រួមទាំងលោក មាជ សុណ្ណរ៉ា។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ឡុង រី បានឲ្យអ្នកសារព័ត៌មានដឹងក្រោយពីបានជួបជាមួយអ្នកជាប់ឃុំទាំងនោះថា ពួកគេមានការលំបាកក្នុងការសាកសួរសុខទុក្ខគ្នា ខណៈអ្នកទោសដែលវាយអ្នកតំណាងរាស្ត្រគឺពួកគេមានសិទ្ធិច្រើនជាង។

លោកបន្តថា៖ ពួកគាត់មានការសំណូមពរថាមានការស្នើសុំសួរសុខទុក្ខអ្នកទោសមនសិការដូចគ្នាមានការលំបាក ក៏ប៉ុន្តែដោយឡែកអ្នកដទៃដែលបានវាយអ្នកតំណាងរាស្ត្រយើងនោះគឺថាមានសិទ្ធិដើហើរស្រួល

លោក ឡុង រី បានបន្ថែមថានៅសប្តាហ៍ក្រោយក្រុមអ្នកតំណាងរាស្ត្រនឹងស្នើសុំទៅជួបជាមួយលោក អ៊ុំ សំអាន លោក ហុង សុខហួរ និងមេឃុំគណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនទាក់ទងទៅនឹងបទសូកប៉ានសាក្សីផងដែរ។

ទាក់ទងទៅនឹងករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក សន កែវ មានប្រសាសន៍ថាក្នុងការអនុវត្តទោសក្នុងពន្ធនាគារគឺត្រូវបានគ្រប់គ្រងដោយស្នើគ្នា មិនមានការបែងចែកអ្នកនយោបាយនៅក្នុងពន្ធនាគារនោះទេ។

លោកបន្ថែមថា៖ ការពិតការគ្រប់គ្រងជនជាប់ឃុំ គឺយើងគ្រប់គ្រងស្មើៗគ្នាតាមនីតិវិធីច្បាប់។ មិនមានការរើសអើងអ្នកនយោបាយមិននយោបាយ ព្រោះនៅក្នុងពន្ធនាគារយើងអត់មានអ្នកនយោបាយទេ ទោសអ្នកនយោបាយអត់មានទេ។ ប្រហែលជាការយល់ឃើញរបស់គាត់ គឺការយល់របស់គាត់ តែសម្រាប់ការគ្រប់គ្រងគឺគ្រប់គ្រងដូចគ្នាស្មើគ្នា

មន្ត្រីសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អ៊ំ សំអាត ឲ្យវីអូឌីដឹងថាអ្នកទោសទាំងអស់នៅក្នុងពន្ធនាគារមិនមានអ្នកទោសណាមានសិទ្ធិជាងអ្នកណាទេ តែលោកថាប្រសិនបើមានករណីណាមួយដែលអ្នកទោសណាមួយមានសិទ្ធិសេរីភាពខ្ពស់ជាងអ្នកទោសដទៃ លោកហៅករណីនេះថាជាការរើសអើងឬបក្សពួកនិយម។

លោកបន្ថែមថា៖ “យើងឃើញហើយ កន្លងមកវាមានខ្លះមិនអត់ទេ ដែលអ្នកខ្លះមានសិទ្ធិក្នុងការដើរហើរក៏ចេញខាងក្រៅនោះ ច្រើនជាងអ្នកខ្លះទៀត ដោយសារអ្នកទាំងនោះ ទីមួយគាត់ធ្លាប់ជាអ្នកមានអំណាចក៏គាត់ជាអ្នកមានលុយមានទ្រព្យធន គាត់មានសិទ្ធិជាងអ្នកទោសធម្មតា។ អាហ្នឹងបើយើងនិយាយអំពីច្បាប់ យើងគិតថាវាខុស វាទៅជាមានការមិនស្មើភាពគ្នាចំពោះពួកគាត់

គួរបញ្ជាក់ផងថាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជនគណបក្សសង្រ្គោះជាតិ១១នាក់រួមទាំងលោក មាជ សុវណ្ណរ៉ា ផងឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។ ចំណែកសកម្មជនបក្សនេះបីនាក់ផ្សេងទៀតរួមមាន លោក រឿន ចិត្រា លោក យន់ គឹមហួរ និងលោក យា ថុង ត្រូវបានត្រូវបានតុលាការសម្រេចកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៦ ដោយសម្រេចដាក់ពន្ធនាគារម្នាក់ៗ៧ឆ្នាំ។ ចំណែកមនុស្ស៣នាក់រួមមានលោក ចាយ សារិទ្ធ លោក សុត វណ្ណនី និងលោក ម៉ៅ ហឿន ដែលជាប់ពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្តបក្សសង្រ្គោះជាតិ២រូប កាលពីខែតុលា ឆ្នាំ២០១៥នោះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ តែត្រូវព្យួរ៣ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ