លិខិតមិត្ត​អ្នក​អាន៖ ទ័ពធំ​ទាំង​៤ (ភាគបញ្ចប់)

ហើយបើតាមការសង្កេតរបស់ខ្ញុំ ទ័ពធំទាំង៤របស់បក្សប្រឆាំងមាន៖

  • ទ័ពធំទី១ គឺប្រជាប្រិយភាពរបស់មេទ័ពទាំងពីរ៖ តាមរយៈសកម្មភាពនិងទង្វើកន្លងមករបស់មេទ័ពទាំងពីរបង្ហាញថា ពួកគាត់មានសមត្ថភាពអាចកៀងគរអ្នកគាំទ្ររាប់ម៉ឺនរាប់សែននាក់បាន ថ្វីត្បិតតែមេទ័ពមួយត្រូវនិរទេសខ្លួននៅក្រៅប្រទេស ហើយមេទ័ពម្នាក់ទៀតត្រូវឃុំខ្លួនឯងក្នុងទីស្នាក់ការបក្សដោយសារតែរងបណ្តឹងរុំរឹតរាងកាយក៏ដោយ។ ការជួយកម្មករពេលមានបាតុកម្ម ការដកបង្គោលព្រំដែន ការរៀបចំវេទិកាសាធារណៈ ការលើកសំណើទៅម្ចាស់ជំនួយឲ្យពិនិត្យពីជំនួយឡើងវិញ ជាពិសេសលើនយោបាយការបរទេសបង្ហាញថា បក្សប្រឆាំងហាក់មានប្រៀបជាង។ ខ្ញុំលើកចំណុចនេះ ប្រាកដជាមានការជំទាស់ថា តើមេទ័ពបក្សកាន់អំណាចអត់មានប្រជាប្រិយភាពទេឬទេ? ខ្ញុំសូមតបថា ក្នុងពេលជាក់ស្តែងពេលមេបក្សប្រឆាំងវិលត្រឡប់ពីនិរទេសខ្លួនមុនបោះឆ្នោតឆ្នាំ២០១៣ មានមនុស្សម្នារាប់សែននាក់ទៅទទួលដំណើរពីព្រលានយន្តហោះមកដល់ទីស្នាក់ការ ឬការស្លាប់របស់ ជា វិជ្ជា ។ល។ ជាឧទាហរណ៍បញ្ជាក់ពីកម្លាំងគាំទ្ររបស់មហាជនមកលើបក្សប្រឆាំង។ ផ្ទុយទៅវិញ អតីតវីរបុរសដែលតស៊ូដើម្បីជាតិប្រធានព្រឹទ្ធសភាទទួលមរណភាព ពុំមានការចូលរួមកុះករពីប្រជាពលរដ្ឋទេ មានតែក្រុមគ្រួសារនិងអ្នករាជការដែលគេកែនទៅតែប៉ុណ្ណោះ។
  • ទ័ពធំទី២ គឺសង្គមស៊ីវិលជាតិនិងអន្តរជាតិ៖ ទោះបីសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលដែលបានទទួលជំនួយហិរញ្ញវត្ថុពីបរទេសពុំបានធ្វើការដើម្បីជាប្រយោជន៍នយោបាយដល់បក្សប្រឆាំងក៏ដោយ តែសកម្មភាពអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិសេរីភាព ច្បាប់ និងការការពារខ្លួនទប់ទល់នឹងការគំរាមកំហែង និងការបំពារបំពានបានផ្តល់ផលចំណេញដល់បក្សប្រឆាំងច្រើន។ រយៈពេលជាង២០ឆ្នាំមកនេះ ប្រជាពលរដ្ឋមានការយល់ដឹង លែងមានការតក់ស្លុត ចេះចងបាច់ជាក្រុម ហើយថែមទាំងហ៊ានតតាំងនឹងការជិះជាន់ទៀតផង។ ប្រការនេះហើយ ដែលធ្វើឲ្យបក្សកាន់អំណាចប្រើប្រាស់ការវាយឆ្មក់វិញទៅលើក្រុមនេះ តាមរយៈការបង្កើតច្បាប់ស្តីពីអង្គការសមាគម ប្តឹងផ្តល់ដាក់មន្រ្តីសង្គមស៊ីវិលដាក់ពន្ធនាគារ ការបង្កើតអង្គការសមាគមដើម្បីតតាំងវិញ។ល។និង។ល។ ហើយចុងក្រោយនេះ ការសម្លាប់លោកបណ្ឌិត កែម ឡី ដែលជាអ្នករិះគន់បក្សកាន់អំណាចឥតសំចៃមាត់ ក៏ជាសញ្ញាណនៃការបំបាក់ស្មារតីដល់អ្នកហ៊ានតវ៉ាផ្សេងទៀតដែរ។
  • ទ័ពធំទី៣ គឺបណ្តាញសង្គម៖ Facebook បានដើរតួនាទីសំខាន់ក្នុងការនាំទៅរកចលនាបដិវត្តន៍នានានៅទ្វីបអាព្រិក និងពិភពអារ៉ាប់។ ដោយឡែកនៅកម្ពុជា មុនការបោះឆ្នោតឆ្នាំ២០១៣ ធ្លាប់មានប៉ុនប៉ងបិទបណ្តាញសង្គមមួយនេះដែរ តែបើរដ្ឋាភិបាលធ្វើបែបនេះនៅពេលនោះ ប្រៀបបីដូចជាប្រកាសសង្រ្គាមដោយផ្ទាល់ជាមួយយុវវ័យដែរ។ ទោះបី វិទ្យុ ទូរទស្សន៍ក្នុងស្រុកស្ទើរតែទាំងអស់ក្លាយជាឧបករណ៍ឃោសនារបស់បក្សកាន់អំណាច តែមិនអាចក្លាយជាទ័ពធំដែលជួយបក្សនេះឲ្យឈ្នះការបោះឆ្នោតបានទេ។ ប្រជាប្រិយភាពរបស់ហ្វេសប៊ុកនៅកម្ពុជាបង្ហាញថា ប្រជាជនខ្មែរចូលចិត្តស្តាប់ពាក្យចចាមអារាម ពាក្យខ្សឹបខ្សៀវ ពាក្យអេចអូច ជាងការប្រកាសព័ត៌មានតាមទូរទស្សន៍។ ឧទាហរណ៍ជាក់ស្តែង ទោះបីមានបណ្ឌិត ១០០នាក់ឡើងបកស្រាយលើទូរទស្សន៍ការពារគោលនយោបាយស្តីពីបរិស្ថានរបស់រដ្ឋាភិបាលក៏មិនបានទទួលការនិយមស្តាប់ ស្មើនឹងយុវជនបរិស្ថានពីរ-បីនាក់ដែលបានទៅដល់កន្លែងកើតហេតុនិងមកនិយាយតាមបណ្តាញសង្គមដែរ។ នៅពេលដែលទូរទស្សន៍បង្ហាញរូបភាពកងទ័ពជូនផ្កាដល់ពលរដ្ឋ ហ្វេសប៊ុកបង្ហាញរូបកងទ័ពលើកកាំបិតដេញចាក់ពលរដ្ឋ។ នៅពេលទូរទស្សន៍បង្ហាញរូបភាពរដ្ឋមន្រ្តីដាំកូនឈើ ហ្វេសប៊ុកបង្ហាញរូបភាពឧកញ៉ាឲ្យគេកាប់ឈើអស់ពីព្រៃ។ នៅពេលទូរទស្សន៍បង្ហាញរូបភាពនាយករដ្ឋមន្រ្តីសម្ពោធផ្ទះទេព្តាជាអំណោយរបស់គណបក្សដល់ពលរដ្ឋក្រីក្រ ហ្វេសប៊ុកបង្ហាញរូបភាពកងកម្លាំងទៅដុតផ្ទះប្រជាជន។ រហូតដល់មកទល់នឹងពេលនេះ មានមនុស្សមិនតិចទេ ដែលនៅតែជឿពាក្យចចាមអារាមថា កូនថ្នាក់ដឹកនាំម្នាក់ជាកូនយួន បើទោះបីការលើកឡើងនោះគ្មានមូលដ្ឋានក៏ដោយ។ ហេតុនេះជាយុទ្ធសាស្រ្តតបតវិញ បក្សកាន់អំណាចប្រើយុទ្ធនាការដើរប្រមូលឡាយ (Likes) តាមបណ្តាញសង្គមនេះវិញម្តងក្នុងគោលបំណង បង្រ្កាបការបញ្ចេញមតិប្រឆាំងដោយប្រើបណ្តឹង និង ក្រឡុកព័ត៌មានដើម្បីកុំឲ្យអ្នកតាមដានអាចជឿជាក់បាន។
  • ទ័ពធំទី៤ គឺអ្នកគាំទ្រនៅមូលដ្ឋាន៖ យុទ្ធនាការរៀបចំរចនាសម្ព័ន្ធភូមិ-ឃុំនៅថ្នាក់មូលដ្ឋាន ជាយុទ្ធសាស្រ្តថ្មីរបស់បក្សប្រឆាំង ក្នុងការពង្រឹងការគាំទ្រ និង ចុះជាប់ជាមួយម្ចាស់ឆ្នោត។ ទោះបីមេទ័ពទាំងពីរកំពុងជាប់កុនដោយសារបណ្តឹងចាស់-ថ្មីក៏ដោយ តែអ្នកនៅតាមមូលដ្ឋានហាក់មានលទ្ធភាពច្រើនក្នុងការចុះជាប់ជាមួយប្រជាជន ដើម្បីស្វែងយល់ពីសុខទុក្ខ និងបំណងប្រាថ្នារបស់រាស្រ្ត។ ផ្ទុយពីបក្សកាន់អំណាចដែលអស់ជំនឿលើរបាយការណ៍ពីមូលដ្ឋាន ហើយថ្នាក់ដឹកនាំត្រូវចុះទៅមូលដ្ឋានដោយខ្លួនឯង បក្សប្រឆាំងនាពេលនេះត្រូវពឹងផ្អែកលើការលះបង់ និងភាពស្មោះត្រង់របស់អ្នកគាំទ្រនៅមូលដ្ឋានទាំងស្រុង។

បើតាមកម្លាំងជាក់ស្តែងរវាងទ័ពរបស់បក្សទាំងពីរ បក្សកាន់អំណាចនៅតែមានប្រៀបជាង ព្រោះគេមានអាវុធ មានលុយ និងមានតុលាការសម្រាប់ដាក់ទោស។ ទោះជាយ៉ាងណាក្តី ការទទួលបានទឹកចិត្តស្រឡាញ់ពីប្រជាពលរដ្ឋគឺជាកត្តាសំខាន់បំផុតក្នុងការដឹកនាំប្រទេស ព្រោះថា បើបានអំណាចដោយភាពមិនស្មោះត្រង់ អ្នកកាន់អំណាចខ្លួនឯងរមែងគ្មានសេចក្តីសុខ តែងរស់នៅក្នុងភាពភ័យខ្លាច (paranoia) ថានឹងមានការបះបោរ ហើយប្រជាពលរដ្ឋក៏រស់នៅប្រកបដោយទុក្ខវេទនាដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ