អ្នកច្បាប់ថាគ្រួសារលោក កែម ឡី ត្រូវពឹងមេធាវីឲ្យជួយជំរុញតុលាការស្វែងរកការពិត​

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អ្នកច្បាប់លើកឡើងថា ដើម្បីពន្លឿនការស្វែងរកយុត្តិធម៌ជូនគ្រួសារ លោក កែម ឡី គឺត្រូវរកមេធាវីការពារក្តីឲ្យជួយជំរុញទៅតុលាការដើម្បីពន្លឿននីតិវិធីស្វែងរកការពិត។

គិតមកដល់ថ្ងៃទី១២ ខែកញ្ញានេះ គឺមានរយៈពេល២ខែ២ថ្ងៃហើយ ដែលលោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ កណ្តាលរាជធានីភ្នំពេញ។

លោកមេធាវី សុក សំអឿន បានពន្យល់តាមនីតិវិធីច្បាប់ថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាបទល្មើសឧក្រិដ្ឋ ដូចនេះលោកថាតុលាការមានសិទ្ធិស៊ើបអង្កេតរកអ្នកនៅពីក្រោយនៃឃាតកម្មនោះរយៈពេល១៨ខែ ក្នុងករណីស្មុញស្មាញរកភស្តុតាង។ លោក សុក សំអឿន ថាជម្រើសល្អមានតែក្រុមគ្រួសារជនរងគ្រោះទេ ដែលអាចស្នើសុំស្តាប់ព័ត៌មានមួយចំនួនជុំវិញកំាមេរ៉ានៅកន្លែងកើតហេតុ តាមរយៈមេធាវីការពារក្តី។

លោកបន្តថា៖ “បើសិនជាឯកសារ ប្រហែលជាជៀសមិនផុតត្រូវការមេធាវី ហេតុអ្វីបានជាឲ្យមេធាវីជាអ្នកស្នើសុំ ដូចជាសំណុំរឿងខ្លះក្នុងការស៊ើបអង្កេតក្តី មិនមែនចេះតែផ្សព្វផ្សាយទេ ហើយកាលណាយើង គ្រួសារជនរងគ្រោះគេចាត់ទុកថាអ្នកឯងមិនមែនជាអ្នកច្បាប់ ដូច្នេះជួនកាលអាចប្រើផ្សព្វផ្សាយផ្សេងៗនាំឲ្យខូចប្រយោជន៍របស់រឿងក្តី ហើយអាចបំពានច្បាប់ ហើយដូច្នេះបើគាត់ចង់ដឹង សំខាន់បំផុតទាល់តែគាត់មានមេធាវី ហើយមានមេធាវីក៏ដោយ ព័ត៌មានខ្លះមេធាវីគាត់គ្រាន់តែបានប្រាប់ដែរ មិនអាចឲ្យឯកសារទៅជនរងគ្រោះផ្សព្វផ្សាយពេលណាពាសណាពាសណីក៏អត់បានដែរ“។

លើសពីនេះទៀត លោក សុក សំអឿន បានលើកឧទាហរណ៍ជាក់ស្តែងករណីឃាតកម្មលើបណ្ឌិត កែម ឡី ថា បើបុគ្គលណាមួយបំផ្លាញឯកសារដោយចេតនាក្នុងបំណងកែប្រែភស្តុតាងក្នុងកាំមេរ៉ា ពោលកាត់តរូបភាពដើម្បីបំភាន់ភ្នែកសាធារណជនខុសពីការពិត លោកថាបុគ្គលនោះនឹងប្រឈមទោសព្រហ្មទណ្ឌ។

មាត្រា៥៣២ដល់មាត្រា៥៣៤នៃក្រមព្រហ្មទណ្ឌមានខ្លឹមសារថា ការលាក់បំបំាងតម្រុយ ការលុបបំបាត់វត្ថុតាង និងបំផ្លិចបំផ្លាញឯកសារដោយចេតនា ក្នុងបំណងកែប្រែឬផ្លាស់ប្តូរទីកន្លែងឬយកវត្ថុណាមួយនៅកន្លែងប្រព្រឹត្តបទឧក្រិដ្ឋឬបទបជ្ឈិម ដើម្បីបង្កឧបសគ្គដល់ការស្វែងរកឲ្យឃើញនូវការពិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី២លានទៅ៦លានរៀល។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក មឿន តុលា សង្កេតឃើញថា កំាមេរ៉ានៅកន្លែងឃាត់កម្មលើបណ្ឌិត កែម ឡី និងជុំវិញនោះមានមិនតិចជាង៨កន្លែងនោះទេ។ ប៉ុន្តែលោកយល់ថា សំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី លោកមិនមានជំនឿលើអាជ្ញាធរបញ្ចេញកំាមេរ៉ានៅកន្លែងកើតហេតុទេនៅពេលនេះ ដោយថារឿងឃាតកម្មនោះជារឿងនយោបាយ។

លោកបន្ថែមថា៖ “មើលចរិតនិងការសម្លាប់ ឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ឃាតកម្មទៅលើលោក ជា វិជ្ជា ហើយឃាតកម្មទៅលើលោក ឈុត វុទ្ធី យើងឃើញថាវាមានចរិតស្រដៀងគ្នាឬក៏ដូចគ្នាតែម្តង ជាឃាតកម្មបែបនយោបាយ ហើយបន្ទាប់មកយើងឃើញមានតែឃាតករសិប្បនិមិ្មតទេ ដែលត្រូវបានគេចាប់យកទៅផ្តន្ទាទោស ដោយឡែកឃាតករពិតប្រាកដគឺនៅតែមិនទាន់មានការកាត់ទោសឬមិនទាន់បានទទួលទោសនៅឡើយទេ“។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានឲ្យដឹងតាមប្រព័ន្ធ Telegram នៅថ្ងៃចន្ទនេះថា សំណុំរឿងលោកបណ្ឌិត កែម ឡី តុលាការកំពុងស៊ើបសួរនៅឡើយ។

លោក មឿន តុលា ថាសំណុំរឿងលោកបណ្ឌិត កែម ឡី ជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញាដែលជាម្ចាស់បណ្តឹងអាជ្ញាតំណាងឲ្យរដ្ឋ ត្រូវរកយុត្តិធម៌ដោយមិនចំាបាច់ជនរងគ្រោះដាក់ពាក្យបណ្តឹងទៅតុលាការនោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ លើកឡើងថារឿងឃាតកម្មលើលោក កែម ឡី ពិបាកក្នុងការស្វែងរកការពិត ដោយសារបុរសដែលគេសង្ស័យថាជាឃាតករឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះមិនព្រមនិយាយអ្វីទាំងអស់ បើទោះជាសមត្ថកិច្ចសួររឿងអ្វីក៏ដោយ។ លោកបន្តថា រហូតមកដល់ពេលនេះសំណុំរឿងលោកបណ្ឌិត កែម ឡី ផុតដែនសមត្ថកិច្ចក្រសួងមហាផ្ទៃហើយ ខណៈឯកសារក្នុងកំាមេរ៉ាបញ្ជូនទៅតុលាការចាត់ការបន្ត។

ក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី មានការថ្កោលយ៉ាងខ្លាំងពីសហគមន៍ជាតិនិងអន្តរជាតិ ចំពោះអ្នកប្រព្រឹត្តនិងអ្នកពាក់ព័ន្ធ។

ឃាតកម្មលើលោក កែម ឡី កើតឡើងទាំងកណ្តាលថ្ងៃ ដែលមានកាមេរ៉ាសុវត្ថិភាព មានស្លាកស្នាម មានវត្ថុតាង និងមនុស្សជាច្រើនបានឃើញករណីនេះ។ លើសពីនេះក៏មានតម្រុយជាច្រើនទៀត ដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបានផ្សព្វផ្សាយជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះពួកគេបានបង្ហោះសារស្នើទៅអាជ្ញាធរនិងតុលាការ ពន្លឿនបញ្ចេញរូបភាពវីដេអូក្នុងកំាមេរ៉ាពាក់ព័ន្ធអំពើឃាតកម្មនោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ