លី ម៉ារីណា លាឈប់ពីសិល្បៈ

អ្នកនាង លី ម៉ារីណា និងស្វាមី (ដោយ វង្ស សុម៉ាលីន)

ខុសពីមុនពេលរៀបការ ដែលអ្នកនាងប្រកាសថាស្វាមីគឺលោក សាត ចាន់ថន សប្បាយចិត្តឲ្យបន្តលេងកុននោះ តារាសម្ដែងល្បីឈ្មោះអ្នកនាង លី ម៉ារីណា បែរជាអះអាងថាខ្លួនបាត់មុខពីសិល្បៈដោយសូម្បីតែមិនអាចទទួលការថតម៉ូដឬឡើងសម្ភាសន៍លើកញ្ចក់ទូរទស្សន៍អីបាន គឺដោយសារតែស្វាមីមិនឲ្យប្រឡូក។ នេះជាការលើកឡើងដែលផ្ទុយពីការប្រកាសរបស់អ្នកនាងកាលមុន ហើយក៏ស្របនឹងព័ត៌មានរសើបខ្នងមួយដែលធ្លាប់កម្រើកថាអ្នកនាងនិងលោក សាត ចាន់ថន គ្រាន់តែជាស្វាមីភរិយាក្លែងក្លាយ ដ្បិតលោករស់នៅអាមេរិក ហើយអ្នកនាង និងកូនប្រុសឃើញនៅតែស្រុកខ្មែរយ៉ាងរំភើយខុសពីគូស្នេហ៍ទាំងពួងនោះដែរ។

អ្នកនាង លី ម៉ារីណា បានបញ្ជាក់ក្នុងពិធីបើកសម្ពោធរឿង «ចន្ទ្រា» កាលពីយប់ថ្ងៃទី៨ កញ្ញាថា អ្នកនាងឈប់ទទួលការសម្ដែង ក៏ព្រោះតែស្វាមីរបស់អ្នកនាងសម្រេចចិត្តឲ្យនាងបោះបង់ប៉ុណ្ណោះ។

អ្នកនាងថា ខ្លួនមានអារម្មណ៍សោកស្ដាយ ប៉ុន្តែមកពីមិនចង់ចម្រូងចម្រាស់ជាមួយស្វាមី ទើបសម្រេចចិត្តទទួលយក។ យ៉ាងណាក៏ដោយអ្នកនាងក៏នៅតែបន្តបង្ហាញមុខយូរៗម្ដងនៅរាល់កម្មវិធីសិល្បៈធំៗ ដូចជាកម្មវិធីខួបកំណើតមិត្តភក្រ្តចាស់ៗនិងព្រឹត្តិការណ៍ជួបជុំសិល្បៈមួយចំនួន ឲ្យតែការអញ្ជើញនោះត្រូវចំពេលអ្នកនាងទំនេរ។

នាង លី ម៉ារីណា បន្តថាខ្លួននៅតែចង់ល្បងមួយរឿងៗឬចេញបង្ហាញម៉ូដដូចជាកម្មវិធីថតម៉ូដធំៗ ប៉ុន្តែមកពីមិនចង់ឲ្យស្វាមីអន់ចិត្ត ទើបឈប់ខ្វល់។

អ្នកនាងថា៖ “ចង់តើ (ចូលសិល្បៈ) តែប្ដីអត់ឲ្យលេង ទើបខ្ជិលម្មងទៅ!”។

នាមួយរយៈចុងក្រោយអ្នកនាងប្រកាសថាទទួលបានការអញ្ជើញអោយថតម៉ូដនិងសម្ដែងរឿងច្រើន ប៉ុន្តែមកពីអ្នកនាងទទួលមិនកើតទើបជូនពាក្យទៅវិញ។ ម្យ៉ាងមកពីអ្នកនាងក៏មានមុខជំនួញដែលស្វាមីបើកអោយនោះផង ទើបអត់ឈប់គិតដល់រឿងចង់សម្ដែងឬប្រឡូកសិល្បៈ។

អ្នកនាងបញ្ជាក់ថាស្វាមីរបស់ខ្លួនបានចំណាយប្រាក់រាប់ម៉ឺនដុល្លារកុម្ម៉ង់គ្រឿងរថយន្តទំនើបៗនិងគ្រឿងរថយន្តដូចជាគ្រឿងចក្រជាដើមពីអាមេរិកអោយអ្នកនាងយកមកបោះអោយម៉ូយនៅកម្ពុជា ដោយអ្នកនាងគឺជាអ្នកចាត់ចែង។ អ៊ីចឹងហើយទើបអ្នកនាងមិនសូវមានពេលទំនេរ ដោយសារតែក្នុងមួយថ្ងៃៗត្រូវទាក់ទងម៉ូយផងនិងយកទំនិញអោយម៉ូយផង។ អ្នកនាងថាអាជីវកម្មលក់ឡាននិងលក់គ្រឿងរថយន្តរបស់ខ្លួនអត់មានបើកហាងឬឃ្លាំងដាក់លក់នោះទេ ដោយគ្រាន់តែទាក់ទងម៉ូយ ហើយបើមានការកុម្ម៉ង់ក៏ទម្លាក់ពីអាមេរិករួចដឹកអោយដល់កន្លែង។ អ្នកនាងថា ខ្លួនរស់នៅបែកប្ដីមួយរយៈធំមកហើយ ដោយលោក សាត ចាន់ថន រស់នៅអាមេរិក ហើយអ្នកនាងរស់នៅស្រុកខ្មែរជាមួយកូនប្រុស ប៉ុន្តែស្វាមីចុះមកស្រុកខ្មែរញឹកញាប់។ អ្នកនាងហាក់មិនខ្វល់រឿងរសើបផ្សេងៗដែលបានបង្ហើរថាលោក សាត ចាន់ថន គ្រាន់តែជាស្វាមីបិទបាំង តែការពិតជាអ្នកនាងមានជាប់ពាក់ព័ន្ធនឹងមន្ត្រីធំម្នាក់នៅស្រុកខ្មែរ ដូចអ្វីដែលបានលើកឡើងនោះឡើយ។

អ្នកនាងនិយាយថា៖ “គេចេះតែនិយាយចឹង តែការពិតប្ដីប្រពន្ធខ្ញុំ នៅតែប្ដីប្រពន្ធខ្ញុំតើ អ្នកនិយាយចេះតែនិយាយហ្នឹង!”។

ការបញ្ជាក់របស់នាងគឺបានបង្ហាញយ៉ាងច្បាស់ថាអាជីពសិល្បៈលែងជាចំណូលចិត្តរបស់ស្វាមីនិងអ្នកនាងផ្ទាល់ដូចការប្រកាសមុនៗក្រោយពីរៀបការនោះហើយ។ យ៉ាងណាមិញ ប្រភពកាន់តែច្រើននៅតែបន្តលើកឡើងថាហេតុផលដែលនាងសម្រេចចិត្តបោះបង់សិល្បៈ គឺមិនមែនដើម្បីលោក សាត ចាន់ថន នោះទេ តែដើម្បីសុវត្ថិភាពនិងដោយសារតែមន្ត្រីថ្នាក់កំពូលម្នាក់ក្នុងស្រុកដែលត្រូវគេផ្គូផ្គងថាជាបុរសពាក់ព័ន្ធនឹងអ្នកនាងជាអ្នកហាមឃាត់។

កាលពីមួយរយៈមុន ប្រភពជាច្រើនបានទម្លាយនៅលើហ្វេសប៊ុកថា អ្នកនាងគ្រាន់តែរៀបការជាមួយលោក សាត ចាន់ថន ក្នុងបំណងបិទមុខប៉ុណ្ណោះ ប៉ុន្តែក្រោយពេលរៀបការអ្នកនាងក៏សម្ងំរស់នៅប្រទេសថៃនិងនៅស្រុកខ្មែរ ហើយបុរសជាស្វាមីក៏រស់នៅអាមេរិកចែកផ្លូវគ្នា។ ព័ត៌មានទម្លាយចេញកាលនោះបានបន្តថា លី ម៉ារីណា ស្ថិតក្នុងការប្រឈមខ្ពស់ពីសំណាក់អតីតភរិយាដើម ទើបអ្នកនាងត្រូវគេអោយលាក់មុខ និងក្រោយមកក៏មានព័ត៌មានភ្ជាប់នឹងរៀបការជាមួយបុរសអាណិកជនដែលជាបុគ្គលិកផ្នែកកាស៊ីណូនៅអាមេរិក។

អ៊ីចឹងហើយទើបក្រោយចេញមុខ ស្រាប់តែមានការប្រកាសថាលោក សាត ចាន់ថន បើកជំនួញនាំចូលរថយន្ត និងគ្រឿងរថយន្តពីអាមេរិកដែលជាជំនួញធំដុំ ហាក់ធ្វើអោយមន្ទិលនេះលេចឡើងជាថ្មី ដោយសារតែមុខជំនួញនោះហាក់លើសពីសមត្ថភាពរបស់លោក សាត ចាន់ថន ដែលគ្រាន់តែជាបុគ្គលិកនៅកាស៊ីណូនៅអាមេរិក។ យ៉ាងណាមិញ អ្នកនាង លី ម៉ារីណា បញ្ជាក់ថារវាងអ្នកនាងនិងស្វាមីគឺនៅតែដដែល និងថាហេតុផលដែលអ្នកនាងបោះបង់សិល្បៈ គឺគ្មានអ្វីក្រៅពីស្វាមីហាមឃាត់នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ