ក្រសួងវប្បធម៌ ហាមផលិតកុន បើគ្មានជំនាញ

ពិធីសម្ពោធ​ភាពយន្ត​រឿង «ប្រាសាទកំបាំងមុខ» កាល​ពី​ថ្ងៃ​ទី​១៨ ខែមីនា (រូបភាព៖ វង្ស សុម៉ាលីន)

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថានឹងមិនអនុញ្ញាតឲ្យដឹកនាំផលិតស្នាដៃភាពយន្តរឿងខ្នាតវែងទៀតឡើយ ចំពោះអ្នកដឹកនាំរឿងណាដែលមិនមានលក្ខណៈសម្បត្តិវិជ្ជាជីវៈ បទពិសោធន៍ និងសមត្ថភាព។

បើតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែកញ្ញា នេះ ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចន្ទសាយ៉ា បានបញ្ជាក់ថា អ្នកដឹកនាំរឿងថ្មី ដែលមានបំណងដឹកនាំ ឬផលិតភាពយន្តខ្នាតវែង ត្រូវមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន០២ (ពីរ) ស្នាដៃ ដែលផលិតដោយសាមីខ្លួនផ្ទាល់ ដាក់ភ្ជាប់ជាឯកសារសម្រាប់ធ្វើការវាយតម្លៃ និងវិនិច្ឆ័យសម្រេចអំពីសមត្ថភាព ចំណេះដឹង និងបទពិសោធន៌របស់ខ្លួន មុននឹងអនុញ្ញាត ឬមិនអនុញ្ញាតឲ្យដឹកនាំផលិតស្នាដៃភាពយន្ត។

ផលិតករភាពយន្ត និងជាចាងហ្វាងផលិតកម្មដើមត្នោត លោក ឆាយ បូរ៉ា បានសាទរចំពោះសេចក្តីសម្រេចរបស់ក្រសួងវប្បធម៌ ដែលថាត្រូវកម្រិត និងវាយតម្លៃស្នាដៃផលិតរបស់អ្នកដឹកនាំរឿង មុនអនុញ្ញាតឲ្យផលិតបាន។

ទោះជាយ៉ាងណា លោកក៏បានលើកពីចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួននៅពេលសេចក្តីជូនដំណឹងនេះ នឹងត្រូវដាក់ឲ្យអនុវត្តនៅពេលខាងមុខ។

លោកបន្តថា៖ វា (សេចក្តីជូនដំណឹង) មានចំណុចល្អត្រង់ថា គឺជួយអ្នកដែលធ្លាប់ និងចង់ផលិតកុនទាំងអស់មានការប្រយ័ត្នប្រយ៉ែងជាងមុន ដូចជាមានការសំរិតសម្រាំងខ្ពស់ ផលិតត្រូវមានក្បួនខ្នាត វេយ្យករណ៍ត្រឹមត្រូវ ពោលគឺដូចការសង់ផ្ទះអីញ្ចឹង។ … ចំណុចអវិជ្ជមាន គឺសេចក្តីជូនដំណឹងដូចជាកំពុងបណ្តុចបង្អាក់អ្នកដែលចង់ផលិត ដែលប្រៀបបានបាត់បង់ឱកាសអីញ្ចឹងដែរ …

បើតាមសេចក្តីជូនដំណឹងដដែលបន្តថា ការអនុវត្តដំណើរការរៀបចំកសាងបញ្ជីឈ្មោះអ្នកដឹកនាំរឿង គឺឆ្លងតាមរយៈការវាយតម្លៃលើស្នាដៃដែលមានរួចហើយ ការបណ្តុះបណ្តាលជំនាញ និងការសាកល្បងបង្កើតថ្មី ហើយបញ្ជីឈ្មោះអ្នកដឹកនាំរឿងនេះ ត្រូវតែមានឯកភាព គាំទ្រ និងទទួលស្គាល់ជាទូទៅ ក្នុងឧស្សាហកម្មភាពយន្តអន្តរជាតិ។

ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារភាពយន្ត លោក ស៊ិន ចាន់សាយ៉ា បន្តថា សេចក្តីជូនដំណឹងដល់លោក លោកស្រីចាងហ្វាងផលិតកម្មភាពយន្ត ផលិតករ អ្នកដឹកនាំរឿង ផលិតករភាពយន្តវ័យក្មេងទាំងអស់នេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ