កម្ពុជារង់ចាំការឆ្លើយតបនឹងកំណត់ទូត ខណៈវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍នៅតំបន់ហាមឃាត់

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 8:37 AM | ជម្លោះព្រំដែន | 0 | 3344 តំបន់មួយនៃប៉ុស្តិ៍យាមរបស់វៀតណាម (រូបភាពតំណាង)

មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជានៅរង់ចាំការឆ្លើយតបនឹងកំណត់ទូតដែលបានដាក់ទៅវៀតណាមកន្លងមក ដោយថាកម្ពុជាមិនមានចំណាត់ការអ្វីទៀតទេ បើទោះជាវៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍យាមក្នុងតំបន់ហាមឃាត់ជាប់ព្រំដែនស្ថិតក្នុងខេត្តរតនគិរីក៏ដោយ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ឲ្យវីអូឌីដឹងនៅថ្ងៃចន្ទនេះថា ករណីវៀតណាមនៅបន្តសង់ប៉ុស្តិ៍ក្នុងខេត្តរតនគិរី លោកបានដឹងហើយ តែលោកថាកម្ពុជាមិនទាន់មានចំណាត់ការអ្វីនោះទេ គឺត្រូវរង់ចាំភាគីវៀតណាមឆ្លើយតបនឹងកំណត់ទូតមកវិញ។ លោកបន្តថា ប្រសិនបើភាគីវៀតណាមនៅតែមិនព្រមបញ្ឈប់សកម្មភាពនេះ កម្ពុជានឹងផ្ញើកំណត់ទូតទៅម្ដងទៀត ដើម្បីរំលឹកជាថ្មី។

លោកមានប្រសាសន៍ថា៖ “មិនបាច់រ៉ាយរ៉ាប់ប្រាប់តទៅទៀត ខ្ញុំដឹងហើយរឿងហ្នឹង បើថាគេមិនឈប់ ចាំយើងធ្វើកំណត់ទូត រំលឹកគេទៅទៀត ព្រោះគេសន្យាថាគេយកទៅពិគ្រោះគ្នាគេ គេមិនទាន់ឃើញឲ្យចម្លើយផង ប្រសិនបើយើងតទៅទៀត វាខុសអ្វីដែលយើងជជែកជាមួយគ្នាពេលកកន្លងមក។ ក៏ប៉ុណ្ណោះយើងអត់មានអី  មធ្យោបាយអីក្រៅពីហ្នឹងទេ បើយើងប្រាប់គេហើយឲ្យឈប់ បើគេថាយកទៅពិចារណា ចាំគេប្រាប់មកយើងវិញ។ឥឡូវគេមិនទាន់បានប្រាប់រឿងធ្វើបន្តទៀត ខ្ញុំដឹងតើ(រឿងនៅបន្តសងប៉ុស្ដិ៍យាមនៅរតនគិរី)

យ៉ាងណាក៏ដោយចាប់តាំងពីឆ្នាំ២០១១រហូតពាក់កណ្តាលខែសីហាឆ្នាំ២០១៦នេះ កម្ពុជាបានធ្វើកំណត់ទូតសរុប២៣ហើយ ដោយស្នើឲ្យវៀតណាមបញ្ឈប់សាងសង់ឬធ្វើផ្លូវនៅតំបន់ហាមឃាត់ជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។

ទាក់ទងទៅនឹងករណីនេះប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថាវៀតណាមបន្តសង់ប៉ុស្ដិ៍នេះគឺដោយសារមើលថាកម្ពុជាកំពុងមានជម្លោះផ្ទៃក្នុង ទើបវៀតណាមឈ្លៀតឱកាសនេះកូរកកាយបញ្ហាព្រំដែន។ លោកថាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនោះ កម្ពុជាត្រូវមានឯករាជ្យភាពជាតិជាមុនសិន ហើយត្រូវពង្រឹងសេដ្ឋកិច្ច ពង្រឹងផ្នែកយោធា និងការទូត។

លោកមានប្រសាសន៍ថា៖ “ជម្រើសកម្ពុជាបច្ចុប្បន្ននេះគឺនៅមានកម្រិតមែន ដោយសារចឹងហើយបានខ្ញុំថា កម្ពុជាមិនមានជម្រើសអីក្រៅពីឯកភាពជាតិ ពង្រឹងសេដ្ឋកិច្ច ហើយចាំពង្រឹងយោធា បានអាចការពារជាតិបាន ។ ក្នុងពេលអាលូវនេះ ដែលយើងអត់ទាន់មានសេដ្ឋកិច្ចខ្លាំង យោធាខ្លាំង ឯកភាពជាតិយើងអត់មាន ខ្ញុំមើលទៅគឺយើងអត់មានការពិបាក។ ប៉ុន្តែបើសិនក្នុងករណីដែលយើងទន់ខ្សោយបែបនេះ គឺយើងត្រូវពឹងផ្អែក មតិអន្តជាតិ មតិជាតិនិងអន្តរជាតិនេះវាមានសារសំខាន់ណាស់ ចឹងបានន័យថាយើងគួរធ្វើអ្វីដែលត្រូវ ហើយយើងគួរតវ៉ាអ្វីដែរច្បាស់លាស់ ដែលស្របតាមផ្លូវច្បាប់ ហើយយើងគួរធ្វើម៉េចឲ្យអន្តរជាតិគេយកចិត្តទុកដាក់ នៅលើជម្លោះរវាងកម្ពុជានិងវៀតណាម

អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា វៀតណាមនៅតែបន្តសង់ប៉ុស្ដិ៍ ដោយមិនបញ្ឈប់សកម្មភាពឡើយ។

កាលពីចុងខែសីហា គណៈកម្មការជំនាញព្រំដែនកម្ពុជា-វៀតណាមបានពិភាក្សាចំនួនពីរថ្ងៃ ដោយនៅក្នុងកិច្ចប្រជុំនោះកម្ពុជាស្នើឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពធ្វើផ្លូវ ជីកស្រះ និងធ្វើប៉ុស្ដិ៍យាមនៅតំបន់ហាមឃាត់ឬតំបន់ស ព្រមទាំងព្រមានថាកម្ពុជានឹងចុះទប់ស្កាត់ បើភាគីវៀតណាមនៅតែមិនគោរពកិច្ចព្រមព្រៀង ប៉ុន្តែមកដល់ពេលនេះវៀតណាមមិនបានផ្អាក់សកម្មភាពនេះនៅឡើយ។

ក្រោយពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី២៩ -៣០ ខែសីហា ឆ្នាំ២០១៦ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជានិងជាអនុប្រធានទី១ គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក ឡុង វិសាលោ ប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើភាគីវៀតណាមនៅតែមិនបញ្ឈប់សកម្មភាពសាងសង់ទេ លោកនឹងបញ្ជាឲ្យរុះចេញ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរកម្ពុជាថាភាគីវៀតណាមមិនព្រមបញ្ឈប់សកម្មភាពនោះទេ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required