វិទ្យុ​អាស៊ីសេរី ផ្អាក​​​ដំណើរការការិយាល័យ​ព័ត៌មាន​នៅ​កម្ពុជា បន្ទាប់ពីប្រតិបត្តិការជិត២០ឆ្នាំ

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:13 AM | នយោបាយសិទ្ធិមនុស្ស | 0 | 9205 screenshot of RFA Khmer's website

នៅទីបំផុត វិទ្យុ​អាស៊ីសេរី ឲ្យដឹងថា ស្ថាប័នខ្លួន ត្រូវ​បង្ខំ​ចិត្ត​​ផ្អាក​ដំណើរការការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ ​មួយ​រយៈពេល ក្រោយដំណើរការជិត២០ឆ្នាំ។ ការប្រកាសផ្អាកប្រតិបត្តិការនៅកម្ពុជា របស់អាស៊ីសេរី នេះ គឺធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយការប្រកាសបិទដូចគ្នា របស់ស្ថាប័ន កាសែត ខេមបូឌា ដេលី។

បើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃទី១២ កញ្ញានេះ អាស៊ីសេរី អះអាងថា នេះ គឺជាការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល អាស៊ីសេរី បានចោទរដ្ឋាភិបាលថា កំពុងធ្វើទុក្ខបុកម្នេញ និងរិតត្បិតដល់សិទ្ធិគណបក្សនយោបាយ អង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៨។

វិទ្យុ​អាស៊ីសេរី យល់ថា «រដ្ឋាភិបាល​បាន​ឆក់​យក​ឱកាស​គ្រប់​បែប​យ៉ាង ដើម្បី​តាមដាន​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នក​រិះគន់ គូបដិបក្ខ​នយោបាយ ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ប្ដេជ្ញា​រាយការណ៍​អំពី​ការពិត​នៅ​ក្នុង​សង្គម​កម្ពុជា»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ច្រានចោលការចោទប្រកាន់ទាំងនេះ ដោយថា ការបិទការិយាល័យ ជាការសម្រេចចិត្តរបស់អាស៊ីសេរីខ្លួនឯង។ លោកថា ស្ថាប័នសារព័ត៌មានមួយនេះ បានបំពានច្បាប់កម្ពុជា ដោយថា បានធ្វើសកម្មភាពទាំងមិនបានចុះឈ្មោះ និងចុះបញ្ជីការិយាល័យជាមួយក្រសួងព័ត៌មាន។

លោកថា៖ «បិទការិយាល័យ ជារឿងរបស់គាត់ គាត់មិនចុះឈ្មោះជាមួយក្រសួងព័ត៌មាន ក៏ជារឿងរបស់គាត់។​ ក្រសួងព័ត៌មានអត់បានធ្វើអីទេ តែចាំមើលថា គាត់ធ្វើអីខ្លះ។ អាស៊ីសេរី ពីឆ្នាំទៅគាត់មកទំនាក់ទំនងជាមួយខ្ញុំផ្ទាល់តែម្ដង ពាក់ព័ន្ធការចុះបញ្ជីរបស់គាត់នៅភ្នំពេញ ហើយខ្ញុំបានណែនាំប្រាប់លោក ជា មេត្ដា ហ្នឹង លោក សុខ រី ថា យើងគ្រាន់តែបំពេញឈ្មោះ បែបបទហ្នឹងថា នរណាជាប្រធាន​ប៊ូរ៉ូ នៅភ្នំពេញ អីអញ្ចឹងទៅ ដាក់មកក្រសួងព័ត៌មានមក… ក៏ប៉ុន្ដែគាត់មកម្ដងជា២ដង គាត់អញ្ជើញខ្ញុំទៅញាំបាយទៀត តែចុងបំផុត គាត់អត់ព្រមធ្វើអីទាំងអស់»។

កាលពីថ្ងៃអង្គារម្សិលមិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt បានសំដែងក្ដីបារម្ភ ជុំវិញការបិទសំឡេងឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិល នៅប្រទេសកម្ពុជា។ លោកថា រដ្ឋាភិបាលហាក់កំពុងផ្ដាច់ខ្លួនចេញពីសហគមន៍អន្ដរជាតិ និងដើរផ្ទុយពីគន្លងលទ្ធិប្រជាធិបតេយ្យ។

លោកមានប្រសាសន៍ថា ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ នឹងអាចជឿទុកចិត្តបាន លុះត្រាតែរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានឯករាជ្យ។

លោកថា៖ «ដំណើរការធម្មតា របស់ទីផ្សារសារព័ត៌មានកម្ពុជាគួរទទួលបានការស្តារឡើងវិញ។ ការដាក់ សម្ពាធលើសង្គមស៊ីវិលគួរត្រូវបានបញ្ឈប់។ ហើយប្រហែលជាសំខាន់ជាងនេះទៅទៀតនោះ រដ្ឋាភិបាល, បក្សប្រឆាំង និងសង្គមស៊ីវិលគួរតែចាប់ផ្តើមកិច្ចសន្ទនា អំពីអនាគតប្រជាធិបតេយ្យរបស់កម្ពុជា ក្នុងបរិយាកាសបើកចំហរ ការគោរព និងគ្មានសម្ពាធ។ ជាការពិត ប្រសិនបើការបោះឆ្នោតជាតិកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃនេះ គ្មានអ្នកសង្កេតការណ៍អន្តរជាតិគួរឲ្យជឿជាក់ណាមួយចាត់ទុកថាការបោះឆ្នោតនេះ មានភាពសេរី និងយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជនកម្ពុជាឡើយ»។

ចំពោះ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន លោក មឿន ឈានណារិទ្ធ ធ្លាប់លើកឡើងថា រដ្ឋាភិបាលទៅវិញទេ ជាអ្នកខាតប្រយោជន៍ នៅពេលមានការបិទ ឬផ្អាកដំណើរការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដោយថា ពេលនេះ ពលរដ្ឋភា​គ​ច្រើ​​ន កំពុងចាប់អារម្មណ៍និងឲ្យ​តម្លៃ ទៅលើ​ប្រ​ព័ន្ធផ្សព្វផ្សាយ ដែលហ៊ានឆ្លុះបញ្ចាំងការពិតក្នុងសង្គម។

យ៉ាងនេះក្ដី វិទ្យុ​អាស៊ីសេរី ថា នឹង​បន្តផ្សាយព័ត៌មានអំពី​បញ្ហា និង​ព្រឹត្តិការណ៍នានាក្នុងសង្គម​កម្ពុជា តាមរយៈ រលកធាតុអាកាស​វិទ្យុ​កម្រិត​ទាប តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក យូធូប (YouTube) និង​គេហទំព័រ​អនឡាញ (www.rfa.org/khmer/) បន្ត​​ទៀត។

វិទ្យុ​អាស៊ីសេរី ដែលគាំទ្រថវិកា ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយនេះ អះអាងថា ខ្លួនបានប្រតិបត្តិការក្នុងប្រទេសកម្ពុជា អស់​រយៈពេល​ជិត២០​ឆ្នាំ​​ហើយ និងថា បាន​ផ្ដល់ឲ្យប្រជាពលរដ្ឋ​កម្ពុជា នូវ​ដំណឹង និង​ព័ត៌មាន​ឯករាជ្យ ប្រកប​ដោយ​ភាព​ជឿជាក់ និង​ជា​ទី​ទុក​ចិត្ត៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required