កម្ពុជាបារម្ភចំពោះ​ការ​គំរាម​កំហែង​នៃ​អាវុធ​នុយ​ក្លេអ៊ែររបស់កូរ៉េ​ខាង​ជើង

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 5:01 PM | នយោបាយសន្ដិសុខ | 0 | 2346

​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ក្តី​បារម្ភ ចំពោះ​ការ​គំរាម​កំហែង​នៃ​អាវុធ​នុយ​ក្លេអ៊ែររបស់ប្រទេស​កូរ៉េ​ខាង​ជើង និង​ទាម​ទារ​ឲ្យ​ប្រទេស​នេះ ​គោរព​ឲ្យ​បាន​ពេញ​លេញ​នូវសេចក្តី​សំរេច​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១២ខែកញ្ញាឆ្នាំ​២០១៧នេះ ​ក្រសួង​ការ​បរទេស​កម្ពុជា ​បានសម្តែង​ការ​សោក​​ស្តាយ និង​ព្រួយ​បារម្ភពីការ​គំរាម​កំហែង​ដោយអាវុធ​នុយ​ក្លេអ៊ែរ​របស់​សាធារណរដ្ឋ​ប្រជា​មា​និត​ប្រជា​ធិបតេយ្យ​កូរ៉េ​ បន្ទាប់​ពីប្រទេស​នេះ ​បាន​សាក​ល្បង​អាវុធនុយ​ក្លេអ៊ែរ​លើក​ទី​៦ ​ដ៏​ជោគ​ជ័យកាលពី​ថ្ងៃ​ទី​៣ កញ្ញា​សប្តាហ៍​មុន។

រដ្ឋាភិបាលកម្ពុជា ​បាន​ចាត់​ទុក​ការ​សាក​ល្បង​អាវុធ​ប្រល័យ​លោកជា​ថ្មី​របស់​កូរ៉េ​ខាងជើង​នេះ​ជា​កា​ររំលោភដល់​សន្តិ​ភាព​ សន្តិ​សុខ និង​សេ្ថរភាព​ នៅ​ឧបទ្វីប​កូរ៉េ​ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​ ហើយ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វី​កូរ៉េ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត និង​ស្នើ​ឲ្យ​ប្រទេស​នេះគោរព​រាល់​ការ​សម្រេចចិត្ត​​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ និង​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន និង​បញ្ឈប់​រាល់​ការ​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ និង​មីស៊ីល​គ្រប់​ប្រភេទ។ ​​

គួ​ររំលឹក​ផង​ដែរថា កាលពី​ថ្ងៃ​ទី​៣​កញ្ញាកូរ៉េ​ខាង​ជើង ​បាន​ប្រកាស​ថា ខ្លួន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សាក​ល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​មួយ ដែល​ត្រូវ​បាន​​ផលិត​ឡើង​សម្រាប់​បំពាក់​លើ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ទើប​អភិវឌ្ឍ​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង។

កូរ៉េ​ខាងជើង​ បាន​ប្រកាស​បែប​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​មួយ ដែល​ហាក់​បង្កើត​ឡើង​ដោយ​មនុស្ស​នោះ ត្រូវ​បាន​គេ​ចាប់​រលក​សញ្ញា​បាន នៅ​ជិត​តំបន់​សាក​ល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ដែល​នេះ​បញ្ជាក់​បាន​ថា រដ្ឋ​ឯកោ​មួយ​នេះ ពិត​ជា​បាន​​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី​៦​មែន៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required