គណបក្សប្រឆំាងបានឲ្យដឹងថា នឹងដាក់លិខិតដាច់ដោយឡែកផ្សេងគ្នា ទៅស្ថាប័នរដ្ឋចំនួនពីរនៅថ្ងៃនេះ ដើម្បីស្នើសុំឲ្យបំភ្លឺជុំវិញការចាប់ខ្លួនលោក កឹម សុខា និងការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
ចាប់តាំងពីខែសីហា ក្រសួងព័ត៌មាន បានបញ្ជាឲ្យស្ថានីយវិទ្យុចំនួនជាង៣០ បិទរលកអាកាសផ្សាយ ដោយថា ម្ចាស់ស្ថាប័នទាំងនោះ បានរំលោភសេចក្តីប្រកាសអនុញ្ញាតឲ្យធ្វើអាជីវកម្ម និងកិច្ចសន្យា។ ខណៈលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ថា ក្បត់ជាតិ និងកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារ។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្សនាថ្ងៃទី១២ខែកញ្ញានេះ តំណាងរាស្ត្រគណបក្សប្រឆំាង លោក សុន ឆ័យ បានថ្លែងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតចំនួនពីរ ដាច់ដោយឡែកពីគ្នាទៅក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ នៅថ្ងៃនេះ ដើម្បីឲ្យរដ្ឋមន្ត្រីនៃស្ថាប័នទំាងពីរនះ បំភ្លឺជាលាយល័ក្ខអក្សរ ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងករណីការចាប់ខ្លួនមេដឹកនាំបក្សប្រឆំាង លោក កឹម សុខា ដោយថា ចំណាត់ការ ទំាងនោះ បានរំលោភច្បាប់ និងរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «ការធ្វើកិច្ចសន្យាដោយឡែក គឺជាការបំពានទៅលើច្បាប់ស្តីពីសារព័ត៌មាន ហើយយើងអំពាវនាវឲ្យក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណ ផ្តល់សិទ្ធិទៅលើវិទ្យុទំាងនេះ ឲ្យមានការផ្សព្វផ្សាយឡើងវិញ មូលហេតុ ដែលក្រសួងលើកឡើងមិនសមហេតុផលទេ។ លិខិតមួយទៀត ដែលត្រូវចេញថ្ងៃនេះដែរ គឺលិខិតទៅក្រសួងយុត្តិធម៌ យើងចង់ឲ្យក្រសួងយុត្តិធម៌នេះ ពន្យល់យើងពាក់ព័ន្ធទៅនិងការចាប់ខ្លួនឯកឧត្តម កឹម សុខា ដោយថា អនុវត្តតាមមាត្រា៨៦ នៃក្រមព្រហ្មទណ្ឌ ក្នុងការឲ្យចៅក្រម ព្រះរាជអាជ្ញាមាន វិធានការដើម្បីចាប់ឯឧត្តម កឹម សុខា តើយោងលើពាក្យពេជ្រត្រង់ណា ព្រោះខ្ញុំសិក្សាមើលហើយ ដូចជា គ្មានមូលដ្ឋានត្រង់ណា ដែលចែងអនុញាតឲ្យប្រព័ន្ធតុលាការទៅអនុវត្តក្នុងការចាប់ខ្លួន ឯកឧត្តម កឹម សុខា ក៏ដូចជាចាប់ ឯកឧត្តម អ៊ំ សំអាន នោះដែរ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រសាសន៍ថា ក្រសួងស្វាគមន៍ ក្នុងការឆ្លើយសំនួររបស់តំណាងរាស្ត្រគណបក្សប្រឆំាង ពាក់ព័ន្ធផ្អាកការផ្សាយលើវិទ្យុឯករាជ្យមួយចំនួន ដោយលោកថា ក្រសួងមិនបានធ្វើខុសច្បាប់នោះទេ។
លោកនិយាយថា៖ «ក្រសួងព័ត៌មាន បានត្រៀមរួចជាស្រេចរង់ចំាពេលវេលាសមស្រប ដែលត្រូវឆ្លើយតបតាមការអញ្ជើញរបស់សមាជិកសភា ទី២ រឿងក្រសួងព័ត៌មានជាមួយម្ចាស់ស្ថានីយ៍ យើងមានការសន្យាជាមួយនិងគ្នា ដូច្នេះរឿងនេះ និងបានដឹងនៅពេលដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបង្ហាញ និងឆ្លើយតបទៅនឹងសំនួរផ្សេងៗរបស់សមាជិកសភា [គណបក្សសង្គ្រោះជាតិ]»។
ចំណែកករណីលោក កឹម សុខា VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន បានទេនៅថ្ងៃនេះ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃ៩កញ្ញា បានធ្វើផែនទីបង្ហាញទីតាំងវិទ្យុចំនួន៣២ ដែលរដ្ឋាភិបាលបានបិទកាលពីចុងខែសីហា។ ក្នុងចំណោមវិទ្យុទាំង៣២នោះ ស្ថិតនៅក្នុងរាជធានី-ខេត្តចំនួន២០ ដែលបានជួលម៉ោងសម្រាប់ផ្សាយព័ត៌មានឲ្យវិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និង វិទ្យុវីអូឌី។ ហើយស្ថានីយវិទ្យុទាំងនោះ ជាប្រភពព័ត៌មានដែលសំខាន់ អាចផ្សព្វផ្សាយព័ត៌មានដល់តំបន់ដាច់ស្រយាលដែលមិនមានអ៊ីនធើណែតប្រើប្រាស់។ ករណីនេះ អង្គការជាតិ និងអន្ដរជាតិនេះ បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដោយថា បានបើកការវាយប្រហារលើសំឡេងឯករាជ្យ និងអង្គការសង្គមស៊ីវិល នៅមុនការបោះឆ្នោតនាឆ្នាំ២០១៨។
ចំណែក លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយគ្មានដីកា កាលពីយប់ថ្ងៃទី០២ ចូលដល់ថ្ងៃទី០៣ ខែកញ្ញានេះ ខណៈអ្នកវិភាគ អ្នកច្បាប់ និងគណបក្សប្រឆំាង អះអាងប្រហាក់ប្រហែលគ្នាថា ករណីចាប់ខ្លួន កឹម សុខា រំលោភអភ័យឯកសិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ តំណាងរាស្ត្របក្សកាន់អំណាចចំនួន៦៧រូប អះអាងប្រហាក់ប្រហែលគ្នាថា ករណីលោក កឹម សុខា ធ្វើស្របតាមរដ្ឋធម្មនុញ្ញ។
ទោះជាយ៉ាងណា ក្រោយពីអាជ្ញាធរចាប់ខ្លួនមេបក្សប្រឆំាងលោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗ រួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាពអឺរ៉ុប អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញការចាប់ខ្លួនមេបក្សរូបនោះ ហើយពួកគេ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិន បានគំាទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕