ក្រសួង​សុខាភិបាល​ថាករណី​ពុល​អាហារ​នៅ​ឆ្នាំ​នេះ​​ធ្លាក់​ចុះ២០​ភាគរយ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 8:48 AM | សុខភាព | 0 | 1161 អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់

ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា ករណី​ពុល​ចំណី​អាហារ​​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ កើតមានលើមនុស្សជាង៩០០នាក់ ហើយបណ្តាលឲ្យមានអ្នកស្លាប់​៤នាក់ ដែលចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជិត២០​ភាគរយ បើ​ធៀប​ទៅ​និង​ឆ្នាំ​មុន។

របាយការណ៍​​ក្រសួង​សុខាភិបាល​ដែល​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​នេះឲ្យដឹង​ថា មនុស្ស​ដល់​ទៅ៩៤៧​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ពុល​ចំណីអាហារ​នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​នោះ មនុស្ស៤​នាក់​បាន​ស្លាប់​ដោយ​សារ​ពុល​ស្រា​មាន​សារធាតុ​មេតាណុល​ខ្ពស់។

ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ពុល​ចំណី​អាហារ​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​ពី​ចំនួន១១៦៤​នាក់​នៅ​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម៩៤៧​នាក់​ គិតត្រឹមរយៈពេល​៨ខែដំបូងដូចគ្នា។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ មានប្រសាសន៍ថា មូលហេតុបណ្តាលឲ្យពុលអាហារ ដោយសារតែពលរដ្ឋបរិភោគអាហារគ្មានអនាម័យ ដែលមេរោគប៉ាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត និងអាហារនោះមានសារធាតុគីមីជាដើម។ ចំណែកការពុលស្រាវិញលោកថា  ដោយសារការផលិតស្រានោះមានជាតិមេតាណុលច្រើនលើសពីកម្រិតធម្មតា(០,១៥%)។ លោក​អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នពុលអាហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។​

លោកបន្ថែមថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្ន ធ្វើតាមសារអប់រំរបស់ក្រសួងសុខាភិបាល ហើយសូមទុកដាក់ឬរៀបចំអាហារអនាម័យឲ្យបានត្រឹមត្រូវនិងទិញអាហារណា ដែលមានគុណភាព»។

អនុប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការពុលអាហារឲ្យមានប្រសិទ្ធភាពបន្ថែមទៀតនោះ រដ្ឋាភិបាលគួរតែពង្រឹងការត្រួតពិនិត្យការនាំចូលទំនិញខូចគុណភាពដូចជា បន្លែ ត្រី សាច់ និងរបស់របរផ្សេងៗឲ្យមាន​ប្រសិទ្ធភាព ហើយត្រូវពន្យល់ពលរដ្ឋឲ្យយល់អំពីផលប៉ះពាល់សុខភាពនៃការប្រើប្រាស់ថ្នាក់គីមីហួសកម្រិត។

លោក​ស្រីបន្ថែម «រដ្ឋាភិបាលគួរតែមានការពិនិត្យឲ្យបានតឹងរឹងតាមរយៈការនាំចូលនូវអាហារ ព្រោះយើងមើលឃើញរាល់ថ្ងៃនេះ ការនាំចូលអាហារស្ទើរតែគ្រប់កន្លែងអត់មានគុណភាព អត់មានការត្រួតពិនិត្យត្រឹមត្រូវ ជាពិសេសក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាលហ្នឹង គួរតែចុះត្រួតពិនិត្យគុណភាពបន្លែ ត្រីសាច់ ម្ហូបជាដើមហ្នឹង ព្រោះយន្តការតែមួយ គ្រាន់តែពន្យល់ ឬផ្សព្វផ្សាយដល់ពលរដ្ឋនោះ អត់ទាន់គ្រប់គ្រាន់ទេ មួយទៀតត្រូវពន្យល់ដល់ប្រជាពលរដ្ឋក្នុងការដាំបន្លែ ដោយធ្វើយ៉ាងណាឲ្យការដាំបន្លែនោះឲ្យទៅតាមបែបធម្មជាតិដែលមិនប្រើប្រាស់ជាតិគីមីខ្ពស់ប៉ះពាល់សុខភាព»។

បើ​យោង​តាមរបាយការណ៍​ក្រសួង​សុខាភិបាល មនុស្ស​ដល់​ទៅ ៣៨២៤​នាក់ បាន​​ពុល​ចំណី​អាហារ​​រយៈពេល៣​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ចាប់​ពី​ឆ្នាំ​២០១៥​មក ក្នុង​នោះ​មនុស្ស ៤៧​នាក់​បាន​ស្លាប់ ដោយសារ​ពុល​ស្រា​មាន​ផ្ទុក​សារធាតុ​មេតាណុល​ខ្ពស់៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required