សកម្មជនមាតាធម្មជាតិ២នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅព្រឹកនេះ​

សកម្មជនមាតាធម្មជាតិ២នាក់ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន (FB: Mot Kimry)

សកម្មជនចលនាមាតាធម្មជាតិ២នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅឃុំព្រែកខ្សាច់ស្រុកគីរិសាគរ ខេត្តកោះកុង នាព្រឹកមិញនេះ បន្ទាប់ពីពួកគេចូលទៅថតរូបកប៉ាល់​ដាក់ខ្សាច់ប្រភេទស៊ីលីកា។

យ៉ាងណាក៏ដោយ ការចាប់ខ្លួនសមាជិកមាតាធម្មជាតិនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ​វីដេអូនៃការរកឃើញ របស់អង្គការមាតាធម្មជាតិ ពាក់ព័ន្ធការបូមខ្សាច់លក់ទៅក្រៅប្រទេសដែលអះអាងថា ធ្វើឲ្យកម្ពុជា បាត់បង់ថវិកាជាតិរាប់សិបលានដុល្លារ។

សកម្មជនមាតាធម្មជាតិ កញ្ញា លីម គឹមសួរ ប្រាប់វីអូឌីថា ការឃាត់ខ្លួនសកម្មជនមាតាធម្មជាតិនេះ ធ្វើឡើងទៅតាមសំណើរបស់ក្រុមហ៊ុនបូមខ្សាច់។ កញ្ញាបន្តថា សកម្មជនមាតាធម្មជាតិទាំង២នាក់មានឈ្មោះ ឌឹម គុណឌី និងម្នាក់ទៀត ឈ្មោះ ហ៊ុន វណ្ណៈ ហើយមកដល់ពេលរសៀលនេះ អាជ្ញាធរនៅមិនទាន់ដោះលែងសកម្មជនទាំងពីរនាក់នៅឡើយទេ។

កញ្ញាថា «ពួកគាត់ជិះទៅមើលការដ្ឋានខ្សាច់ស៊ីលីកា ហើយហ្នឹងជិះដើរលេងនៅខាងក្រៅសមុទ្រម្ដុំៗក្បែរខ្សាច់ស៊ីលីកា បន្ទាប់ក៏ត្រូវបានអាជ្ញាធរគេឃាត់ខ្លួន ថាពួកគាត់ហ្នឹងថតរូបទៅលើការដ្ឋាន ដោយអត់មានការអនុញ្ញាត ប៉ុន្តែពួកគាត់អត់មានថតអីផង»។

ប្រធានប៉ុស្តិ៍នគរបាលឃុំព្រែកខ្សាច់ លោក គឹម វណ្ណា មានប្រសាសន៍ថា ការឃាត់ខ្លួនសកម្មជនមាតាធម្មជាតិទាំង២នាក់ ដោយសារតែពួកគេបានទៅចូលថតទីតាំងរបស់ក្រុមហ៊ុនសម្រាប់ដាក់ខ្សាច់ ដោយគ្មានការអនុញ្ញាត ។

លោកថា «គេ(ក្រុមហ៊ុន)ប្ដឹងពីខេត្តមក ឲ្យហៅសួរនាំ​​ ដល់គាត់ឆ្លើយ ចឹងគាត់ទៅថតមែន ក្នុងគោលបំណងចេះៗក្នុងចម្លើយគាត់សរសេរឲ្យយើង»។

លោកបន្តថា លោកនឹងបញ្ជូនសកម្មជនទាំង២នាក់ទៅស្នងការខេត្តកោះកុងនៅល្ងាចនេះ។

ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន មានប្រសានស៍ថា លោកមិនបានដឹងពីរឿងនេះទេ ដោយសារលោកជាប់ប្រជុំប្រទេសថៃ។

​កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន វណ្ណៈ ក៏ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្ដាលចាប់ខ្លួនម្ដងរួចមកហើយ បន្ទាប់ពីសកម្មជនបរិស្ថានរូបនោះ បានចូលរួមឃ្លាំមើលការប្រជុំពិភាក្សាគ្នា រវាងក្រុមហ៊ុនបូមខ្សាច់ឈ្មោះ ឡេង ជីង និងប្រជាពលរដ្ឋ ដោយថាដើម្បីឲ្យក្រុមហ៊ុន ឡេង ជីង បញ្ឈប់ការបូមខ្សាច់ នាំឲ្យបាក់ច្រាំងនិងផ្ទះពលរដ្ឋជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ